នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ក្រោយពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ

491
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេច ខណៈដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកបក្សពួកម្នាក់ទៀតយកជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។ ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង៥ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នៅចំណុច ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យឃាត់ ខ្លួនមានឈ្មោះ ចាន់ ផានិត ហៅឃ្និត ភេទប្រុសអាយុ២៨ ឆ្នាំ ចោរ ស្នាក់នៅចំណុចផ្លូវលំ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ចិន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរចោរ ស្នាក់នៅមិនពិតប្រាកដ ។ ដោយឡែកជនរងគ្រោះមានឈ្មោះ នៅ សុខហួរ ភេទប្រុស អាយុ១៥ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ចបានបន្ដទៀតថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1GI-39 19 ពីកន្លែងធ្វើការម្ដុំសង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្នុងគោលបំណងត្រលប់មកផ្ទះ លុះពេលមកដល់ចំណុចផ្លូវវេងស្រេង ជាកន្លែងកើតហេតុក៏លេចជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរជនរងគ្រោះរួចយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះផ្ដួលម៉ូតូចោល ហើយត្រូវជនសង្ស័យវាយជាច្រើនដៃ ខណៈ នោះសមត្ថកិច្ចកំពុងល្បាតក្បែរកន្លែងកើតហេតុទើបធ្វើការឃាត់ខ្លួនបានម្នាក់ ។

ចំណែកជនសង្ស័យម្នាក់ទៀតបានយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេនិងបក្ខពួកម្នាក់ទៀតឈ្មោះចិន ដែលកំពុងតែរត់គេចខ្លួនពិតជាបានធ្វើ សកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ មានជ័យ ដើម្បីធ្វើការឃុំ ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕B/