នគរបាល​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត និង​ថ្នាំញៀន​១៩​កញ្ចប់ សរុប​ជាង​៣​ពាន់​ដុល្លារ​

1376
ចែករម្លែក

ដោយៈ​ចាន់តូ / ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បងប្អូន​បង្កើត ដកហូត​ថ្នាំញៀន​១៩​កញ្ចប់​តូចធំ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នា​តី​រសៀល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ​ក្រុម​១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១ ឈ្មោះ ហេង សីហា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ត្រូវជា​បង ទី​២​ឈ្មោះ ហេង មករា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ត្រូវជា​ប្អូន​ទាំង​២​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ​នឹង​ស្នាក់នៅ​ជាមួយគ្នា​នៅផ្ទះ​កើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា មុន​ឈានដល់​ធ្វើការ​បង្ក្រាប កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​តាមដាន​កំណត់​មុខសញ្ញា​បង្ក្រាប​ជាក់ស្តែង​ដល់ផ្ទះ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​បងប្អូន ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៩​កញ្ចប់​តូចធំ គិត​ជា​ទឹកប្រាក់​ជាង​៣​ពាន់​ដុល្លារ និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕L​