នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​ចោរឆក់​បាន​២​នាក់​

275

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក ដែល​សកម្ម​ក្នុងការ​ជិះ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ​នោះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដេញ​បង្ក្រាប​ឃាត់ខ្លួន​បាន កាលពី​វេលា​ល្ងាច ថ្ងៃទី​៦​ខែមេសា ឆ្នាំ​២០១៨ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនរងគ្រោះ​នៅ​ចំនុច ក្រុម​២ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​លោក ទៀង ច័ន្ទ​សារ អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្តិ​សកម្មភាព ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​លោក​ឃាត់ខ្លួន​បាន​នោះ ទី​១​ឈ្មោះ លី ហ្ទា​វីត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ ខែ្មរ​ឥស្លាម ស្នាក់​នៅផ្ទះ​លេខ​៥១២ ផ្លូវជាតិ​លេខ​៥ ក្រុម​៧ ភូមិ ១ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ (​ឃាត់ខ្លួន​សារ​មាន​ធាតុ​ញៀន​)​។ ទី​២​ឈ្មោះ ម៉ាត់ រ៉ា​ហ្វា​ត ភេទ ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​សណ្ឋាគា​ភ្នំពេញ ស្នាក់​នៅផ្ទះ​លេខ​១២៦៧ ផ្លូវជាតិ​លេខ​៥ ភូមិឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ (​ឃាត់ខ្លួន​មាន​សារធាតុ​ញៀន​) និង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ចាន់ វុទ្ធី ហៅ ថ្លែន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង ស្នាក់នៅ​មិន​ពិតប្រាកដ​(​ជិះ​កណ្តាល​អ្នក​ឆក់យក​ទូរស័ព្ទ រត់គេចខ្លួន )​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ម៉ី ប៊ុន​ពន្លឺ​ពេជ្រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​២ ភូមិ​បឹង​ឈូក សង្កាត់ គីឡូម៉ែត្រ​លេខ​៦ មុខរបរ​សិស្ស​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្តធ្វើ​កា​ស្រាវជ្រាវ រក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែល​បានគេច​ខ្លួន​។ ដោយឡែក​ជនសង្ស័យ​២​នាក់ ដែល​ឃាត់​បាន​កំពុង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ល​