នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​ជនសង្ស័យ​៨​នាក់ ក្នុងករណី​ប្លន់​ទៅ​តុលាកា​

305
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​៨​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​ប្រពរឹត្តល្មើស វាយ​ប្លន់​យក​ម៉ូតូ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជូន​ខ្លួន​ទៅកាន់​តុលាកា នា​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៨​នាក់ ដែល​ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាកា​ព្រឹក​នេះ មាន​៤​នាក់ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​វាយ​ប្លន់​យក​ម៉ូតូ នៅ​សង្កាត់​ត្រពាំង​ក្រសាំង ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន ដែល​កំពុង​លាក់ខ្លួន​នៅក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ចំណែក​ជនសង្ស័យ​ចំនួន​៤​នាក់​ផ្សេងទៀត ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ និង​ជួញដូរ​សា​ធាតុ​ញៀន ត្រូវបាន​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ចាប់ខ្លួនបាន នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​នគរបាល​បន្តទៀតថា រាល់​សកម្មភាព​ប្រព្រឹត្តល្មើស កម្លាំង​នគរបាល ក្រោម​បញ្ជា​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ បង្ក្រាប​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ ដោយឡែក ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវ​ចាត់​បញ្ជូនទៅ​តុលាកា​នាពេលនេះ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព វាយ​ប្លន់​យក​ម៉ូតូ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និង​ជួញដូរ​គ្រឿងញៀន បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន គេច​មិន​រួច​ពី​សំណាញ់​ច្បាប់​ឡើយ​៕ ល​

#