នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​មុខសញ្ញា​ឆក់​ប្រុស​ស្រី​មួយ​សម្បុក​ដល់​បន្ទប់​ជួល​៧​នាក់​

168
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ជនសង្ស័យម្នាក់​ត្រូវបាន​សមត្ថកិច្ច​ដេញតាម បន្ទាប់ពី​ឆក់​ទូរស័ព្ទ​ពី​នារី២​នាក់​នៅមុខ​ព្រលានយន្តហោះពោ​ធិ៏​ចិន​តុង បានសម្រេច​រហូតដល់​បន្ទប់​ជួល​ក្របួច​បាន​ជនសង្ស័យ​បន្ថែមទៀត​ចំនួន ៦​នាក់​ ក្នុងនោះ​មាន​ស្រី​ម្នាក់ ដឹកនាំ​ផ្ទាល់​ដោយ​លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់​ថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកញ្ញា ​ឆ្នាំ២០១៩ ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម ៧​នាក់​ជា​អ្នក​ឆក់​ផ្ទាល់​មានឈ្មោះ សាន់ ប៊ី ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​សំបួរ ឃុំ​អង្ករស ស្រុក​មេសាង ខេត្តព្រៃវែង ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ម៉ាក XR​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1CM.4957 និង​មាន​សង្សារ​ម្នាក់រួមគំនិត ព្រមទាំង ជនសង្ស័យ​ចំនួន ៥​នាក់បន្ថែមទៀត មិនទាន់​ស្គាល់ឈ្មោះ​នោះទេ​។​

​តាម​សម្ដី​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​រូបគាត់​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​ហ្សូ​មើ​អិ​ច ពណ៌​ក្រហម​ចេញពី​ផ្សារ ជូ​រី​ផ្លា​ហ្សា ក្នុង​គោលបំណង​ជិះ​ទៅ ចោមចៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច។

ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​XR មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​ ហើយ​បើក​រត់​យ៉ាង​លឿន ខណៈ​ពេលនោះ​ជនរងគ្រោះ​ដែល​កំពុងតែ​មើល​ទូរស័ព្ទ​ដែល​ដា​ក់ឡុក​ខេ​សិន​មើលផ្លូវ ក៏បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​តាមដាន​ឡុ​ក​ខេ​សិន រហូតទៅដល់​បន្ទប់​ជួល របស់​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ​ខាងលើ ក៏​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹក​សរុប​ចំនួន ៧​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់​ដែលជា​សង្សារ​រ​បស់ជនស​ង្ស័​យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ជិះ​ម៉ូតូ​XR​ម្នាក់​។ ពេល​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​ឃើញ​មាន​កាបូប​របស់​ជនរ​ង​គ្រោះ​ដែល​ជនសង្ស័យ​ឆក់​កន្លងមក​ជាច្រើន​កាបូប ​សមត្ថកិច្ច​ប្រមូល​យកមកជា​វត្ថុតាង​ហើយក៏​នាំ​ជនសង្ស័យ​ចំនួន​៧​នាក់មក​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ ។

គួរបញ្ជាក់​ផងដែរ​ថា​ក្នុង​ហេតុការណ៍ ​ដែល​ចុះបង្ក្រាប​ជនសង្ស័យ​នេះ​ក៏មាន​វត្តមាន​លោក​អធិការ​យឹម​ សារ៉ាន់ ​ចុះមក​ផ្ទាល់​ដល់​បន្ទប់​ជួល​របស់​ជនសង្ស័យ​ហើយ ​ក៏បាន​បញ្ជា​ផ្ទាល់​នឹង​ឲ្យ​មន្ត្រី​ចាប់​ជនសង្ស័យ​ចំនួន៧​នាក់​ យកទៅ​សួរនាំ​និងឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនសង្ស័យ​ជាប់ទោស​ទណ្ឌ​ទៅតាម​ផ្លូវច្បាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន៧​នាក់​ ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​នគរបាល​យុត្តិធម៌​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​បន្ត​ទៅតាម​នីតិវិធី​នៅពេល​ក្រោយ​៕​B/Ha