នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បញ្ជូន​ខ្លួន​មេ​តុងទីន សង្ស័យ​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ​ទៅ​តុលាការ​

675
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ត្រី​ជា​មេ​តុងទីន​ម្នាក់ ត្រូវបាន​សមាជិក​ក្រុមអ្នកលេង​តុងទីន​ប្តឹង​ចោទប្រកាន់​ឆបោក​លុយរាប់​ម៉ឺន​ដុល្លារ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ជនសង្ស័យ​ត្រូវបាន នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ នាំខ្លួន​បញ្ជូន​ឡើង​តុលាការ ដើម្បី​បន្ត​នីតិវិធី រួម​ដំណើរ​ជាមួយ ជនសង្ស័យ​៣​នាក់​ទៀត ក្នុង​បទចោទប្រកាន់ រំលោភ​សេពសន្ថវៈ​។​

​ស្ត្រី​ជា​មេ​តុងទីន​មាន ឈ្មោះ ឆេង សា​រ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ ជា​មេ​តុងទីន និង​ជា​អ្នក​គួ​ក​ជេរ ដី ផ្ទះ មាន​ទីលំនៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ និង​នៅ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបញ្ជូន​នាំខ្លួន​ទៅកាន់​តុលាកា នៅ​ព្រឹក​នេះ មាន​ចំនួន​៤​នាក់ ក្នុង​សំណុំរឿង​២​ផ្សេងគ្នា ស្ត្រី​ម្នាក់​ក្នុងករណី សង្ស័យ​ឆបោក​លុយ​តុងទីន ដែល​ប្រព្រឹត្តទៅ នៅក្នុង​ផ្សារ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ត្រូវ​បានកូន​តុងទីន ២០​នាក់ ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​ល្ងាច​ថ្ងៃទី​១ ខែវិច្ឆិកា​កន្លងមក​។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត ជាប់ចោទ​ក្នុងករណី រំលោភ​សេ​ពស​ន្ទ​វៈ បានសម្រេច ក្នុងនោះ​មាន​ម្នាក់ ជា​ជន​ប្រព្រឹត្ត និង​២​នាក់​ទៀត ជា​អ្នក​រួម​សមគំនិត ដែល​ប្រព្រឹត្តទៅ​កាលពី​យប់​ថ្ងៃទី​១ ខែវិច្ឆិកា កន្លងមក​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក​។​

​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ក្រោយពី​ភាគី​រងគ្រោះ​ប្តឹង​ចោទប្រកាន់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង រហូតមកដល់​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាកា ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា សាកសួរ​និង​ចោទ​ដាក់បន្ទុក​ជា​ផ្លូវការ​៕ ល​

#