ដោយ: ឆាយានាថ / ក្រចេះ: នគរបាលខេត្តក្រចេះ ពេលនេះកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក ចំពោះករណីឆេះផ្ទះស្លាប់មួយគ្រួសារមានគ្នា៤នាក់ ដែលជំហានដំបូងសមត្ថកិច្ចសង្ស័យថា ជាអំពើឃាតកម្ម ។ ហេតុការណ៍នេះ កើតឡើងនៅអំឡុងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែសមត្ថកិច្ចទទួលបានព័ត៌មាន នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។
សមត្ថកិច្ចសន្និដ្ឋានទំនងអាចកើតឡើងរយៈពេលពីរបីថ្ងៃមកហើយក្នុងនោះមានជនរងគ្រោះទី១ ៖ ឈ្មោះឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក។ ទី២ ៖ ឈ្មោះជួន សុខនាង ភេទស្រី អាយុ៣៦ឆ្នាំត្រូវជាប្រពន្ធ។ ទី៣ ៖ ឈ្មោះឈាន ភឹមសី ភេទប្រុស អាយុ១១ឆ្នាំត្រូវជាកូន។ ទី៤ ៖ ឈ្មោះឈាន វណ្ណី ភេទស្រីអាយុ៩ឆ្នាំត្រូវជាកូន។
ចំណែកជនសង្ស័យមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ បើគិតត្រឹមល្ងាចថ្ងៃទី១២ ខែសីហា នេះ។
សមត្ថកិច្ចសន្និដ្ឋានថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ក៏បានដុតផ្ទះ និងសាកសពដើម្បីបង្វែងដានជាគ្រោះអគ្គិភ័យ។ នៅកន្លែងកើតហេតុគេបានប្រទះឃើញមានសំបកកាំភ្លើង ដែលជាតម្រុយក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចផងដែរ។
ករណីនេះ សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ដល់កម្លាំងសមត្ថកិច្ច។ ហើយសាកសពសមត្ថកិច្ចក៏បានរៀបចំប្រមូលបញ្ចុះទុកបណ្តោះអាសន្នរង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅពេលក្រោយទៀតផងដែរ៕ ល