នគរបាល​ខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំង និង​មធ្យោបាយ​អន្តរាគមន៍ ទ្រង់ទ្រាយ​ធំ ការពារ​សន្តិសុខ ថ្ងៃបុណ្យ​ចូលឆ្នាំ​

1040
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ​ /
​បន្ទាយមានជ័យ​: នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ត្រៀមកម្លាំង ៤៥០ នាក់ និង​មធ្យោបាយ ក្នុង​អន្តរាគមន៍ ទ្រង់ទ្រាយ​ធំ ត្រៀម​ចេញ​ការពារ​សន្តិសុខ ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំច ដ៏​ខ្លី​ខាងមុខ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ នៅ​ថ្ងៃទី​១១ មេសា​ថា​: ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បាន​ត្រៀមកម្លាំង​នគរបាល​ដល់​ទៅ ៤៥០ នាក់ រួមជាមួយ មធ្យោបាយ​រថយន្ត ម៉ូតូ ជាច្រើន​គ្រឿង និង​អាវុធ​សម្ភារ​មួយចំនួន ដើម្បី​ត្រៀម​ការពារ និង​ចេញ​អន្តរាគមន៍ ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរលេង​កំសាន្ត នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងឱកាស​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំច នាពេលខាងមុខ​ដ៏​ខ្លី​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​មានប្រសាសន៍ថា​: អាជ្ញាធរ សមត្ថកិច្ច និង ស​.​ស​.​យ​.​ក​. ក៏បាន​បាន​ត្រៀមលក្ខណ​: រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ៤ ថ្ងៃ (​ថ្ងៃទី​១៤-១៧ មេសា ២០១៨) នៅ​ទីតាំង ៣ កន្លែង​ធំៗ គឺ​នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ ហៅ​ស​ង្ក្រា​ន​បន្ទាយមានជ័យ​, នៅ​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ហៅ​ស​ង្ក្រា​ន​បន្ទាយឆ្មារ​។ នៅ​ក្រុង​ប៉ោយប៉ែត ហៅ​ស​ង្ក្រា​ន​ប៉ោយប៉ែត ហើយ​ក៏មាន​សង្ក្រាន្ត តាម​វត្ត តាម​ភូមិ ឃុំ និង​គោលដៅ ជាច្រើន​ទៀត​។ លោក​រំពឹងថា ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ ខាងមុខ​នោះ នឹងមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រាប់ម៉ឺន​នាក់ មកលេង​កំសាន្ត​។

​លោក​បាន​បន្តថា​: ដើម្បី​បង្ក​បរិយាកាស​ឱ្យ ប្រជាពលរដ្ឋ មកជួបជុំ​សប្បាយរីករាយ សម្រាប់​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​នោះ ក៏​រៀបចំ​តុបតែង​ភ្លើង លំអ​ទីតាំង​នីមួយៗ រួចស្រេច​ហើយ និង​កម្មវិធី​រាំលេង​កំសាន្ត​, កម្មវិធី​សប្បាយៗ លេងល្បែង​ប្រជាប្រិយ៍ ជា​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ប្រឡង​ចម្រៀង ប្រកួត​ប្រដាល់ ប្រឡង​រាំ សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ មកលេង​កំសាន្ត​ផងដែរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ក៏បាន​ជំរុញ​ឱ្យ នគរបាល​ក្រោមបង្គាប់ ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធានា​ឱ្យបាន ក្នុងការការពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ឱ្យ​បានល្អ​បំផុត​។ ក្នុងនោះ​ក៏បាន​ដាក់បទបញ្ជា ទប់ស្កាត់ និង​ហាមឃាត់ រាល់​សកម្មភាព​ក្រុមក្មេងស្ទាវ យក​ផ្លូវ​សាធារណៈ ក្នុង​វត្ត​វត្ត​អារាម ច្រក​ថង់​គប់​ទឹក បង្ក​ឱ្យ​ប៉ះពាល់ សណ្តាប់ធ្នាប់​សាធារណៈ​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ ក៏បាន​អំពាន​នាវ ឱ្យ​ប្រជាពលរដ្ឋ មក​ដើរលេង​កំសាន្ត ថ្ងៃ​ចូលឆ្នាំ ត្រូវ​បើកបរ​គោរព​ច្បាប់​ចរាចរ បើកបរ​មានការយោគយល់​គ្នា និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​បានល្អ ៕V

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ដឹកនាំ​ប្រជុំ ដាក់​បញ្ជាដល់កង​កម្លាំង ត្រៀម​ថែរក្សា​ការពារ សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ក្នុងឱកាស
​បុណ្យចូលឆ្នាំ​ខ្មែរ នៅ​បន្ទាយមានជ័យ (​រូប​:​ភ្នំ​ស្វាយ​)​