នគរបាល​ខេត្តបន្ទាយមានជ័យ​ដាក់​ផែនការ​ពង្រឹង​សន្តិសុខ​និង​បំពាក់អាវុធ​ដើម្បី​ត្រៀម​អនុវត្ត​ន៍ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី

160
ចែករម្លែក

ដោយ:ប​.​ជ័យ / បន្ទាយមានជ័យ:កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាង​៣០០​នាក់​បាន​ប្រមូលផ្តុំ​ទទួល​ផែនការ​ពង្រឹង​សន្តិសុខ​និង​បំពាក់អាវុធ ដើម្បី​ត្រៀម​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​និង​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្សី តាម​សាលក្រម​តុលាការ​ពីបទ​អំពើ​ក្បត់ជាតិ និង​ត្រៀម​ចាត់ការ​ក្រុម​ជ្រុលនិយម​គាំទ្រ​ទណ្ឌិត​រូបនេះ​ដែលមាន​ផែន​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្នុងការ​ប្រមូលផ្តុំ​ត្រួតពិនិត្យ​កម្លាំង​កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ បាន​លើកឡើងថា តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​មានប្រសាសន៍ថា សកម្មភាព​របស់ ទណ្ឌិត សម រង្សី បាន​ឆ្លង​ផុតពី​បន្ទាត់​ក្រហម​នោះ​ហើយ ។​

មានន័យថា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​និង​បាន​ប្រមាថ​ព្រះមហាក្សត្រ​ដែលជា​ទង្វើ​មួយ​មិនអាច​អត់អោន​បាន​នោះឡើយ​។​

ក្នុងករណី​ដែល​ទណ្ឌិត សម រង្សី និង​បក្ខពួក​មួយចំនួនទៀត​ដែលជា​មុខសញ្ញា​តុលា​ការចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​នៅពេល​ឆ្លងដែន​ចូលមក​មាតុប្រទេស​នោះ​នឹងត្រូវ​ចាប់ខ្លួន​យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

ដោយឡែក​សម្រាប់​អ្នក​ទៅ​ចូលរួម​គាំទ្រ​និង​ចាំ​ទទួល​ទណ្ឌិត សម រង្សី ក៏ត្រូវ​ច្បាប់​ចាត់ទុកជា​អំពើ​ខុសច្បាប់​។​

ពោលគឺ​ក្នុងនាម​កងក​ម្លាំ​ប្រដាប់អាវុធ​ត្រូវតែ​ចាត់វិធានការ​អ្នកចូលរួម​គាំទ្រ​ទាំងនោះ​ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ពួកគេ​ធ្វើ​អ្វី​ខុស​និង​ច្បាប់​នោះឡើយ​។​

លោកស្នងការ​បានលើកឡើង​និង​ណែនាំ​ដល់​កងកម្លាំង​នគរបាល​ក្រោម​ង្គា​ប់​ទាំងអស់​ត្រូវ​ស្មោះត្រង់ ការពារ រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ និង​កុំ​ចាញ់បោក​ឧបាយកល​របស់​ក្រុម​ឧ​ន្ទា​ម​ដែលមាន​គំនិតអាក្រក់​អូសទាញ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាជន​ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

ដូច្នេះ តាម​បណ្តា​ការិយាល័យ​ជំនាញ តាម​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង ទាំង​៩​និង​អង្គភាព​វរៈ​នគរបាល​ការពារ​ព្រំដែន ត្រូវ​តាមដាន​និង​ក្តាប់​សភាពការណ៍​សន្តិសុខ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ទប់ស្កាត់​ឆ្លើយតប​ទាន់ពេលវេលា ក្នុង​ការចេញ​ដោះស្រាយ​សភាពការណ៍​ដែល​បម្រុង​កើតឡើង​និង​កើតឡើង​ណាមួយ​នោះ​៕

រូបថត ៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម និង​ស្នងការរង​ទទួល​ល​បន្ទុក​ក្នុងពេល​ដាក់​ផែនការ​ពង្រឹង​សន្តិសុខ​និង​បំពាក់អាវុធ​ដើម្បី​ត្រៀម​អនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្សី​(​រូបៈ ប​.​ជ័យ )​