កិន​កម្ទេច​ស៊ី​ម៉ាំង​សូរ​ប្រែ​នៗនិងស៊ីផ្លេស្គរ​របស់​ម៉ូតូ​និង​រថយន្ត ដែល​ត្រូវបានដកហូត​​២​ឆ្នាំ​កន្លងមក

319

(​បន្ទាយមានជ័យ​) : ស៊ី​ម៉ាំង​ប្រែ​ន របស់​ម៉ូតូ និង​រថយន្ត ដែល​កម្លាំង​នគរបាល ធ្វើការ​ដកហូត​បាន ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ឆ្នាំ ឥឡូវ​ត្រូវបាន​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើ​ពិធី​ជាន់​កម្ទេចចោល កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​នឹង​ស្នងការ​នគរបាល​ខេត្ត​។​

​លោក​វរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាច​ណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​១៤​សីហា​ថា កម្លាំង​នគរបាល​ការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ អ៊ុំ សុផល ស្នងការរង និង​ពិសេស​ក្រោម​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​កម្លាំង​នគរបាល​ជំនាញ អង្គភាព​ពាក់ព័ន្ធ​ខេត្ត និង​ស្រុក​ក្រុង​ទាំង​៩​បាន​សហការ​បង្ក្រាប​ឧបករណ​កែច្នៃ​យានយន្ត​ខុស​បច្ចេកទេស​ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក​។​

​ឧបករណ៍​ទាំងនោះ ត្រូវ​បានដាក់​តម្រៀប​ឲ្យ​គ្រឿងចក្រ​ប៊ុល​ឡូ​ស័​រ​កិន​ជាន់​កម្ទេចចោល​នៅពេលនេះ រួមមាន ៖ ស៊ី​ម៉ាំង​រថយន្ត​ចំនួន​០៣, ស៊ី​ម៉ាំង​ប្រែ​ន​ម៉ូតូ​ចំនួន​៣៥០ ស៊ី​ម៉ាំង​។ ស៊ី​ផ្លេ​រ​ខ្យល់​ចំនួន​៦១ និង​ភ្លើង​ឡា​សែ​ចំនួន​០៨ ត្រូវបាន​ចាប់ និង​ដកហូត​ពី​បណ្តា​ស្រុក​ក្រុង​របស់​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដាក់អោយ​គ្រឿងចក្រ​កិន​ជាន់​កម្ទេច​ឧបករណ៍​ទាំងនេះ ក្នុង​គោលបំណង បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​កុំ​ឲ្យ​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​បច្ចេកទេស​យានយន្ត​។ ពោលគឺ​កុំ​មាន​ស៊ី​ម៉ាំង​ប្រែ​នៗ​បង្ក​សំឡេង​លឺ​ខ្លាំងៗ នាំ​ឲ្យ​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ សាធារណៈជន និង​កុំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។ ទៀតសោត ការកែច្នៃ​នេះ​វា​ខុស​ទៅនឹង​នឹង​ការចែង​នៃ​ច្បាប់​ចរាចរណ៍ របស់​ប្រទេស​កម្ពុជា​។​

​លោក​ក៏បាន​សំនូមពរ​ផងដែរ ដល់​មន្ត្រី​អនុវត្តន៍​ច្បាប់ ខាង​ជំនាញ​ចរាចរណ៍ ត្រូវ​បន្ត​ការអនុវត្តន៍​ច្បាប់​ធ្វើ​លើ​ការបង្ក្រាប​យរ​យន្ត​ម៉ូតូ​ខុស​បច្ចេកទេស ទាំង​ការកែច្នៃ និង​រថយន្ត​ដឹក​សំពីង​សំពង​៕L ​ដោយ​៖ ភ្នំ​ស្វាយ​

(រូប៖វេបសាយ)