នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

215
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ កាលពី​វេលា​ម៉ោង៩​ព្រឹក ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយ​ដ​ង្កំ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​គោកចក នៃ​អធិការ​ក្រុង​សៀមរាប បាន​ចុះបង្ក្រាប​បទ​រក្សាទុក ចាត់ចែង សម្រួល និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ផ្ទះសំណាក់​ហ្គា​ស៊ី ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ និង​ចំនុច​លំនៅដ្ឋាន​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ក្រុង​សៀមរាប ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​០៥​នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន។​

សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​បន្ថែមថា ជនសង្ស័យ​ទាំង​០៥​នាក់​នេះ រួមមាន ៖ ១- ឈ្មោះ ធី វុ​ទ្ធា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន, ២-ឈ្មោះ គឹម សល់ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ប៉ុន្តែ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៣-​ឈ្មោះ តាន់ ច​ន្ធូ ហៅ​លីន ភេទ​ស្រី ឆ្នាំ​កំណើត​១៩៨៩ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​សម្រួល និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន, ៤-ឈ្មោះ ធី ប៊ុន​ថែ​ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក ចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក ជួញដូរ និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ៥-​ឈ្មោះ ថា​ង វណ្ណៈ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០៤ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​គ្រឿងញៀន ដកហូត​វត្ថុតាង​បាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន​២៨​កញ្ចប់ ស្មើនឹង​ទំងន់​១៣,៥​ក្រាម ថ្លឹង​ទាំង​សំបក ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និងទូរស័ព្ទដៃ​ចំនួន៤​គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៥​នាក់ និងវត្ថុតាងបានរៀបចំ​កសាង​សំណុំរឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់៕​B/

#