នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បង្ហាញ​អត្ត​សញ្ញាណ ក្រុមចោរប្លន់​សម្លាប់​យក​រថយន្ដ​តាក់ស៊ី នៅ​កំពង់ឆ្នាំង​

1419
ចែករម្លែក

ភ្នំពេញ​៖ នគរបាល​នាយក​ដ្ឋា​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ស្រាវជ្រាវ​និង​ចាប់ខ្លួន​ក្រុមចោរប្លន់​រថយន្ដ​ប្រដាប់អាវុធ​ទាំង​៣​នាក់ ដែល​រួមគំនិត​គ្នា​បាញ់សម្លាប់​បុរស​រត់​តាក់ស៊ី នៅ​ខេត្តកំពង់ឆ្នាំង​ម្នាក់ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ បាន​ហើយ កាលពី​ថ្ងៃទី​២០​ខែកក្កដា ឆ្នាំ​២០១៧​។ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នគរបាល​នាយក​ដ្ឋា​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បង្ហាញ​ពី​អត្តសញ្ញាណ និង​ត្រៀម​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលជា​ម្ចាស់​ករណី​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក្រុមចោរ​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អគ្គ​ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌ រវាង​កម្លាំង​នគរបាល​នាយកដ្ឋាន​កណ្ដាល​នគរ​បាល​យុត្តិធម៌ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​នាយកដ្ឋាន សន្ដិសុខ​ផ្ទៃក្នុង កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលជា​ម្ចាស់​ករណី កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្តពោធិ៍សាត់ ជាទី​កន្លែង​រស់នៅ​បច្ចុប្បន្ន​របស់ ជនរងគ្រោះ​។​

​របាយការណ៍​របស់​ន​គ​របាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ទី​១៖​ឈ្មោះ ប៉ែន សុខន អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដែលជា​ជនដៃដល់ ទី​២៖ ឈ្មោះ សុវណ្ណ ឧ​ត្ត​ម ហៅ​អាដំ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជា​អ្នកសមគំនិត និង​ទី​៣៖ ឈ្មោះ រ៉ា ឌី​ម៉ា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប៉ែន ឃុំ​លាជ ស្រុក​ភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ដែលជា​អ្នក​ជួល​រថយន្ដ​។​

​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១៦ ខែកក្កដា ជនសង្ស័យ​ឈ្មោះ រ៉ា ឌី​ម៉ា បាន​ទាក់ទង​ជួល​រថយន្ដ​ជនរងគ្រោះ នៅ​ម្ដុំ​ស្ពាន​ជ្រោយចង្វារ ដើម្បី​ជិះ​ទៅ​ខេត្តពោធិ៍សាត់ ក្នុងតម្លៃ​១៤០,០០០​រៀល ហើយ​ទៅយក​បក្ខពួក​របស់ខ្លួន​នៅ​ម្ដុំ​ស្ថានីយ៍ទូរទស្សន៍ CTN​។ រហូតដល់​ម៉ោង​៥៖៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ក្រោយពី​ដឹក​បក្ខពួក​រួចហើយ ពេលធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ដល់​ភូមិ​គោក​ស្ដៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ជនសង្ស័យ សុវណ្ណ ឧ​ត្ត​ម បាន​ឲ្យ​រថយន្ដ​ឈប់​ដើម្បី​ចុះ​នោម ឆ្លៀតឱកាស​នោះ​ជនដៃដល់ ប៉ែន សុខន បាន​ដក​កាំភ្លើងខ្លី ម៉ាក​រ៉ូឡូ បាញ់​ចំក្បាល​ជនរងគ្រោះ​មួយគ្រា​ប់ បណ្ដាល​ដួល​ស្លាប់​នៅលើ​ផ្លូវ រួច​ពួកវា​ក៏​បើករថយន្ដ​របស់​ជន​រងគ្រោះ ម៉ាក Highlander ត្រឡប់មក​ភ្នំពេញ​វិញ​។​

​បើតាម​របាយការណ៍​ស​ម​ត្ថ​កិច្ច ជនសង្ស័យ​ទាំងនេះ​ក៏​ធ្លាប់បាន​សារភាព​ពី​សកម្មភាព​ប្លន់​ម៉ូតូ​១​គ្រឿង​ផងដែរ នៅក្នុង​ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ខែមេសា​កន្លងទៅ​។​

​ក្រោយ​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​អាវុធខ្លី​មួយ​ដើម ស្លាក​លេខ​ម៉ូតូ​២​បន្ទះ និង​ពិល​ឆក់​មួយ រីឯ​រថយន្ដ​ជនរងគ្រោះ​សមត្ថកិច្ច កំពុង​តាម​ស្រាវជ្រាវ​ទៅយក​ត្រឡប់មកវិញ​។​

​សូមជម្រាបថា បុរស​ជា​ជនរងគ្រោះ ដែលជា​អ្នករត់​តាក់ស៊ី ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល នៅត្រង់ចំណុច​ផ្លូវ​អា​លុង​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ រថយន្ដ​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​នោះ ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1125៕ ដោយ​៖ លីន​ណា​