នគរបាល​ម្នាក់​និង​បក្ខពួក​ច្រើន​នាក់ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​

721
ចែករម្លែក

​ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច​នគរបាល​ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​ម្នាក់ រួមជាមួយ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ផ្សេងទៀត ដកហូត​ថ្នាំញៀន​បាន​ជាង​១០០​ក្រាម បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨ នៅ​ទីតាំង​ផ្សេងគ្នា នៅក្នុង​ដែនដី​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ហើប​ឲ្យ​ដឹងថា ការបង្ក្រាប​ករណី​ចែកចាយ​ថ្នាំញៀន​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​៤​នាក់ និង​ស្រី​ម្នាក់ ក្នុងនោះ​មាន​ម្នាក់ គឺជា​មន្ត្រីនគរបាល​ខេត្ត ឈ្មោះ ម៉ៅ មករា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បំរើការ​ងារ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ លោក​ថា ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ice ម៉ា​ទឹកកក​បាន​ជាង​១០០​ក្រាម រួម​នឹង​វត្ថុតាង​បទល្មើស​មួយចំនួនទៀត​ផងដែរ​។ ខណៈ​នេះ ជនសង្ស័យ​ទាំង​៥​នាក់ កំពុង​ស្ថិតក្រោម​ការសាកសួ​រ និង​បង្ក​សំណុំរឿង ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង នៅឡើយ​៕ ល​