នគរបាល​សេដ្ឋកិច្ច​ចុះ​ចាត់វិធានការ​លើ​រោងចក្រ​បារី​ក្រុមហ៊ុន វី​នី​តុ​ន​មិន ដែល​ពុំ​គោរព​តាមច្បាប់​ស្ដីពី​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​

1032
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ កម្លាំង​នគរបាល​សេដ្ឋកិច្ច សហការ​ជាមួយនឹង​មន្ដ្រី​ក្រសួងសុខាភិបាល ក្រោម​ការដឹក​នាំ​បញ្ជា​ដោយផ្ទាល់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើស​​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ ២០១៨ បាន​រកឃើញថា រោងចក្រ​វេច​ខ្ចប់​បារី​របស់​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប ដែលមាន​ទីតាំង​ស្ថិតក្នុង​ស្រុក អង្គស្នួល ខេត្តកណ្ដាល ពិតជា​បាន​រំលោភ​ទៅលើ​ច្បាប់​ស្ដីពី​សារ​ព្រមាន​សុខភាព​​ជា​រូបភាព និង​អក្សរ ដោយ​នៅលើ​កញ្ចប់​បារី និង​សុង​បារី គឺ​ពុំមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ឡើយ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​មន្ដ្រីនគរបាល​ចុះ​អនុវត្ត​។​

​នគរបាល​សេដ្ឋកិច្ច​ចុះ​ចាត់វិធានការ​លើ​រោងចក្រ​បារី​ក្រុមហ៊ុន វី​នី​តុ​ន​មិន ដែល​ពុំ​គោរព​តាមច្បាប់​ស្ដីពី​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​អក្សរ​(រូបថតមុនីរ័ត្ន)

​ ​
​មន្ដ្រី​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា យោងទៅតាម​ច្បាប់ ផលិតករ​ថ្នាំជក់​ក្នុងស្រុក​និង​អ្នក​នាំចូល​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​សម្រាប់​ធ្វើការ​ចែកចាយ​លក់ និង​ប្រើ​ប្រាស់ ត្រូវ​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព​ដែលមាន​ទំហំ​៥០​ភាគរយ​និង​សារ​ព្រមាន​សុខ​ភាពជា​អក្សរ​ទំហំ​៥​ភាគរយ​នៅលើ​ផ្ទៃ​សំខាន់​ខាងមុខ និង​ខាងក្រោយ​នៃ​កញ្ចប់​បារី​។

​មន្ត្រីនគរបាល​បានបញ្ជាក់​ដដែល​បាន​បន្ថែមទៀតថា “​យើង​មិនមែន​ផ្ដោត​តែ​ទៅលើ​រោងចក្រ​បារី​របស់​ក្រុមហ៊ុន វី​នី​តុ​ន គ្រុប មួយ​នេះ​ទេ យើង​នឹងមាន​វិធានការ​គ្រប់​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ ដែល​លក់ និង​ចែកចាយ​បារី​នៅក្នុង​ស្រុក​ខ្មែរ ជារួម គឺ​យើង​នឹង​ចាត់វិធានការ​ឲ្យ​តែមាន​ចរាចរ​បារី​ដែល​អត់​អនុលោម​តាមច្បាប់​។ ”​។
“​រោងចក្រ​វេច​ខ្ចប់​បារី​នេះ គឺ​កញ្ចប់​បារី​ខ្លះ​មាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព ហើយ​ខ្លះ​គឺ​អត់​មាន​នោះទេ គឺ​ក្រុមហ៊ុន​ដាក់​ចម្រុះ​គ្នា​តែម្ដង​”​។ ក្រុមហ៊ុន វី​នី​តុ​ន នេះ ផលិត​នូវ​ម៉ាក​យីហោ​ផលិតផល​បារី​ក្នុងស្រុក​មួយចំនួន មានដូចជា​៖ បារី Luxury, Coconut និង Crown”​។

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន វី​នី​តុ​ន​គ្រុប បានទទួល​នូវ​ការព្រមាន ព្រមទាំង​ធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខណ៍អក្សរ​ថា​នឹង​គោរព​តាមច្បាប់ ហើយ​ក្រុមហ៊ុន​បាន​សន្យាថា នឹង​ប្រមូល​ត្រលប់​មកវិញ​នូវ​ផលិតផល​ថ្នាំជក់​ដែល​មិន​អនុលោម ហើយ​កំពុង​ចរាចរ​នៅលើ​ទីផ្សារ ដើម្បី​យកមក​ធ្វើការ​កែតម្រូវ​ដោយ​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ​វិញ​ឲ្យ​បាន​មុន​ថ្ងៃទី ០១ មិថុនា​។​

​ក្រោយពេល​ការចុះ​ត្រួតពិនិត្យ​រួច អាជ្ញាធរខេត្ត​កណ្ដាល​បាន​អំពាវនាវ​ឲ្យ​អ្នក​លក់ដុំ និង​លក់រាយ​ទាំងអស់ ចូល​រួម​ចំណែក​ក្នុងការ​អនុវត្ត​ច្បាប់ ដោយ​ទទួល​លក់​តែ​បារី​ណា​ដែលមាន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ ចៀសវាង​ការផាកពិន័យ​នៅពេលដែល​នគរបាល​ចុះ​ធ្វើការ​ត្រួតពិនិត្យ​។​

​កាលពី​ឆ្នាំមុន នៅក្នុង​ការចុះ​ខេត្តកំពត ក៏មាន​ករណី​ស្រដៀង​គ្នា​នេះដែរ នគរបាល រួម​នឹង​មន្ត្រី​ក្រសួងសុខា​ភិបាល​បាន​រកឃើញ​នូវ​ម៉ាក​យីហោ​បារី​ផលិត​ក្នុងស្រុក​មួយចំនួន ដែល​មិនបាន​វេច​ខ្ចប់​មិន​ស្របតាម​ច្បាប់​កំណត់​។

​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​មាន​គោលបំណង​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​កម្រិត​ទៅលើ​ផលិតករ​ថ្នាំជក់ និង​អ្នក​នាំចូល​ផលិតផល​ថ្នាំជក់​ក្នុងប្រទេស​កម្ពុជា​ទាំងអស់​។​ច្បាប់​នេះ​បាន​បញ្ជាក់ថា អ្នក​ផលិត និង​អ្នក​នាំចូល​ដែល​ត្រូវបាន​រកឃើញថា បាន​រំលោភ​លើ​ច្បាប់​នេះ នឹងត្រូវ​ផាកពិន័យ​ចន្លោះ​ពី ៤ លាន ទៅ ២០ លាន​រៀល ហើយ​ការផាកពិន័យ​ច្រើនលើក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ នឹង​អាច​ឈានទៅរក​ការផាកពិន័យ​ទ្វេ​រដង នៃ​ទឹកប្រាក់​ពិន័យ​៕មន

#