នគរបាល​ស្រុក​មណ្ឌលសីមា កំពុង​ស៊ើបអង្កេត​រក​ម្ចាស់​ដើមរ​ថយ​ន្ត​បែន​បុក​រះ​មនុស្ស​២​នាក់​ស្លាប់ និង​ផ្ទះ​៥​ខ្នង​

293
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: កម្លាំង​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បាន​អះអាង​ដំណើរការ​នីតិវិធី​របស់ខ្លួន​ថា បច្ចុប្បន្នកំពុង​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​តាមរក​ម្ចាស់​ដើម​រថយន្ត​បែន​ពាក់​ស្លាក​លេខ 3D 1227 ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​យ៉ាង​ពេញទំហឹង ទៅលើផ្ទះ​ចំនួន​៥​ខ្នង និង​បណ្តាលឱ្យ​មនុស្ស​ចំនួន​២​នាក់ ស្លាប់​គួរឱ្យ​រន្ធត់ចិត្ត​។​

​លោក ជា សារិន អធិការនគរបាល​ស្រុក​មណ្ឌលសីមា បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា នេះ​ថា អាជ្ញាធរ​សមត្ថកិច្ចរ​បស់​ខ្លួន គឺ​ពុំ​ប្រ​ងើយ​កន្តើយ​ចំពោះ​ការរក​យុត្តិធម៌​ជូន​មនុស្ស​ស្លាប់​ក្មេង​ចាស់​២​នាក់ ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង ម៉ូតូ​៤​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​ទៀត​ក្នុងផ្ទះ នៅ​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ដោយសារតែ​ការ​ដាច់​ហ្វ្រាំង​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ​នោះទេ​។​

​លោក​អធិការនគរបាល​ស្រុក​មណ្ឌលសីមា បានបញ្ជាក់​ទៀតថា ជាក់ស្តែង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការតាមដាន​ស៊ើបអង្កេត​អោយ​ត្រឹមត្រូវ ដើម្បី​កំនត់​ស្វែងរក​ម្ចាស់​ដើម​រថយន្ត​បង្កហេតុ​ខាងលើ​ចូលខ្លួន​មក​ទទួលខុសត្រូវ និង​ដោះស្រាយ​ផល​ខូចខាត​ជូន​ជនរងគ្រោះ​អោយតែ​ខាន​បាន​។

​យោងតាម​កិច្ចសន្យា​របស់​នគរបាល​ស្រុក​បាន​កោះហៅ​ឈ្មោះ ភឿ​ក ច​ន្តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ជា​ម្ចាស់​រថយន្ត​ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ ១៥​តោន ដែល​បាន​លក់​រថយន្ត​នេះ​ទៅ​អោយឈ្មោះ ភឿ​ក សម្បត្តិ ភេទ ប្រុស មុខរបរ​អ្នកបើកបរ​។

​ហើយ​សមត្ថកិច្ច​អោយឈ្មោះ​ភឿ​ក ច​ន្តា ជា​អ្នកធានា​ទាំងស្រុង​ថា ម្ចាស់​ដើមទី​២ ត្រូវ​ចូលខ្លួន​ដោះស្រាយ និង​ទទួលខុស ត្រូវ​លើ​ករណី​គ្រោះថ្នាក់​ខាងលើ​។

​ក្នុងនោះ​ទុកពេល​អោយ​៣​ថ្ងៃ​យ៉ាងយូរ គិត​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០ ខែ សីហា ២០១៩ ប្រសិន​មិន​អនុវត្តតាម​កិច្ចសន្យា​ទេ នឹង​ទទួលខុសត្រូវ​ដោះ ស្រាយ​ចំពោះមុខ​ច្បាប់​។​

​បើតាម​លោក ប៉ែន ប៊ុន​ឈួ​យ អភិបាលរង​ស្រុក​មណ្ឌលសីមា បានអោយដឹង​ដែរ​ថា ជនបង្ក​ជា​អ្នកបើកបរ​រថយន្តរ​ងរ​បួស​ធ្ងន់ធ្ងរ អំឡុងពេល​ជួប​គ្រោះថ្នាក់​ខាងលើ ក៏បាន​ស្លាប់​ដែល​នៅ​មន្ទីរពេទ្យ​រុស្សី រាជធានី​ភ្នំពេញ កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៧ សីហា ដោយ​សព​ត្រូវ​បញ្ចូនទៅ​ធ្វើបុណ្យ​នៅ​ទី​កំណើត ឃុំ​កោះដាច់ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ដោយឡែក បុរសរងគ្រោះ​ដែល​បាត់បង់​ជីវិត​ប្រព​ន្ឋ​ឈ្មោះ ស៊ន សុខា អាយុ ៣៨​ឆ្នាំ និង​កូន​អាយុ​២​ឆ្នាំ ឈ្មោះ ខេ វិ​ន មិនបាន​ត្រឡប់​មកពី​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឡើយ​ទេ​។ ខណៈ​ជនរងគ្រោះ​ចំនួន​៤​គ្រួសារ​ផ្សេងទៀត​ដាក់ពាក្យ​ប្តឹង​រួចរាល់​៕ ល​