នគរបាល​ស្រុក​សូទ្រនិគម​បាន​ប្រទះឃើញ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​បាន​វង្វេង​ពី​ក្រុមគ្រួសារ​

846
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ កាលពី​វេលា​ម៉ោង ២០​និង​០០​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ នគរបាល ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ខ្ចាស់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ប្រទះឃើញ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ដើរ​វង្វេងផ្លូវ​មកដល់ ភូមិ​គោក​សង្កែ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ក្រោយពី​ប្រទះឃើញ​ក្មេងប្រុស​ដើរ​តែម្នាក់ឯង​រួចមក សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ខ្ចាស់ បាន​ឃាត់​និង​សាកសួរ ទើប​ដឹងថា ក្មេងប្រុស​ខាងលើ​មាន​ទីលំនៅ​ភូមិ​រ៉ា​ថ្មី ឃុំ​ត្នោតជ្រុំ ស្រុក​ក្រគរ ខេត្តពោធិសាត់ ហើយ​មកលេង​ខេត្តសៀមរាប​នា​ឪ​កាស​បុណ្យ​ភ្ជុំ​នេះ​ជាមួយ​ក្រុមគ្រួសារ​។​

សមត្ថកិច្ច​បាន​បន្តថា ក្មេងប្រុស​ដែល​វង្វេងផ្លូវ​ពី​ក្រុមគ្រួសារ​គឺមាន​ឈ្មោះ បិត ប៊ូ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ បិត ប៊ុង អាយុ​៤៦​ឆ្នាំ និង​ម្ដាយ​ឈ្មោះ សុខ មាន​ទីលំនៅ​ភូមិ​រ៉ា​ថ្មី ឃុំ​ត្នោតជ្រុំ ស្រុក​ក្រគរ ខេត្តពោធិសាត់​។​

បច្ចុប្បន្ន ក្មេង​វង្វេងផ្លូវ​ខាងលើនេះ ត្រូវបាន​កម្លាំង នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ខ្ចាស់​ផ្ដល់​អាហារ​ហូបចុក និង​កន្លែង​ស្នាក់នៅ នៅ​នឹង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ខ្ចាស់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​សម្រាប់​ពត៌មាន​បន្ថែម​អំពី​ក្មេង​វង្វេងផ្លូវ​ខាងលើ សូម​ទំនាក់ទំនង​មក​លោក​អធិការ នគរបាល​ស្រុក​សូទ្រនិគម ៕B/