នគរបាល​អន្តរាគមន៍​ព្រំដែន​គោក ធ្វើ​ពិធី​បាញ់​គ្រាប់​ពិត​

640
ចែករម្លែក
នគរបាល​អន្តរាគមន៍​ព្រំដែន​គោក ធ្វើ​ពិធី​បាញ់​គ្រាប់​ពិត​

ដោយ​:​គូលែន​/​ព្រះវិហារ​: សិក្ខាកាម​នៃ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ព្រំដែន គោក ក្រោយពី​បាន​សិក្សា មុខជំនាញ​របស់ខ្លួន​អស់​រយៈពេល​បី​ខែ​នៅ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​កន្លងមក នៅ​ថ្ងៃទី​៣០ និង ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានធ្វើ​ពិធី​បាញ់​គ្រាប់​ពិត នៅ​ទីលាន​បាញ់​គ្រាប់​ពិត នៃ​បញ្ជាការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុងភូមិ​សាស្ត្រ​នៃ​តំបន់​ប្រាសាទព្រះវិហារ ដើម្បី​បញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ តំណាង​ខ្ពង់ខ្ពស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ ស្នងការដ្ឋាន​នគរបាល​ជាតិ​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ មានប្រសាសន៍​ឲ្យ​ដឹងថា កងកម្លាំង​នគរបាល​អន្តរាគមន៍​ព្រំដែន បង្កើតឡើង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​កងវរសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​ទូទាំងប្រទេស និង​មាន​មាន​ភារកិច្ច រួមសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ បំពេញភារកិច្ច ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ និង​ទប់ស្កាត់​-​បង្ក្រាប​នូវ​រាល់​សកម្មភាព​ណា ដែល​បង្កចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ។ កងកម្លាំង​ពិសេស​នេះ មាន​បេសកកម្ម​ចេញ​បង្ក្រាប​បាតុកម្ម កុប្បកម្ម និង​អំពើ​ភេរវកម្ម បង្កដោយ​ពួក​ឧទ្ទាម​ក្រៅច្បាប់ សំដៅ​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ដាច់ខាត​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទប់ស្កាត់​ឧបាយកល សកម្មភាព បដិវត្ត​ពណ៌ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ។​


ជ័យលាភី​នៃ​ការហ្វឹកហ្វឺន​របស់​កង​កម្លាំង​នគរបាល​អន្តរាគមន៍ គឺ​សំដៅ​ពង្រឹង​ដល់​សិក្ខាកាម​ឲ្យ​ក្លាយជា​កម្លាំង​នគរបាល​មាន​លក្ខណៈសម្បត្តិ សមត្ថភាព ក្នុង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សមត្ថភាព​យល់ដឹង​ពី​ច្បាប់ មុខជំនាញ ភូមិសាស្ត្រ ឋានលេខា យុទ្ធវិធី​ទ័ពព្រៃ​ក្នុងពេល​ប្រយុទ្ធ ការប្រើប្រាស់​អាវុធ​ធុន​ស្រាល កាំភ្លើងយន្ត និង​អាវុធ​គាំទ្រ ។ ចំណេះដឹង​និង​សមត្ថភាព​ទាំងនេះ នឹង ក្លាយជា​សកម្មភាព​ជាក់ស្តែង​ដ៏​មាន​ប្រសិទ្ធភាព ។


​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានបង្ហាញ​នូវ​ការដឹងគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានផ្តល់​កញ្ចប់​ថវិកា សម្រាប់​ដំណើរ​ការបើក​វគ្គ​ហ្វឹកហ្វឺន ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ជា​បន្តបន្ទាប់ ជាពិសេស​សម្រាប់​វគ្គ​ហ្វឹកហ្វឺន នគរបាល​អន្តរាគមន៍​ព្រំដែន ៕SRN