នគរបាល​១៧៤​រូប​ទទួលបាន​ការផ្ទេ​រ​ភារកិច្ច តែងតាំង​មុខតំណែង​ថ្មី​និង​តម្លើង​ឋានន្តរ​ស័ក្ក​

284
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ​
​មណ្ឌលគិរី​:
មន្ត្រីនគរបាល​មកពី​ប៉ុស្តិ៍​រដ្ឋបាល អធិការដ្ឋាន​និង​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​ចំនួន​១៧៤​រូប បានទទួល​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ថ្មី​និង​តម្លើង​ឋានន្តរ​ស័ក្ក ក្រោយ​បំពេញ​កា​ងារ​ជូន​ជាតិ​មាតុភូមិ​បានល្អ​ប្រសើ​កាលពីពេល​កន្លងមក​។​

​ពិធី​ប្រកា​សបាន​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ក្រោម​វត្តមាន​អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហាវ ចាន់​សុ​ទ្ធី រួមទាំង​អភិបាលរង​ខេត្ត ស្នងការ និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​នា​ព្រឹក​ថ្ងៃទី​១៣​សីហា​ឯ​ស្នងការដ្ឋាន​គរ​បាល​ខេត្តមណ្ឌលគិរី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បានអោយដឹងថា ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី និង បំពាក់​ឋានន្តរស័ក្តិ មាន​ចំនួន​១៧៤ នាក់ ក្នុងនោះ ប្រកាស​ផ្ទេរ​ភារកិច្ច​ចំនួន ៣៤​នាក់ តែងតាំង​មុខតំណែង​ថ្មី ចំនួន​២៧​នាក់ និង តម្លើង​ឋានន្តរ​ស័​ក្កិ​ចំនួន ១១៣​នាក់ រួមមាន​ថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥​នាក់ វរសេនីយ៍ត្រី​ចំនួន​៣១​នាក់ អនុសេនីយ៍ឯក​ចំនួន ២០​នាក់ អនុសេនីយ៍ទោ​ចំនួន​១២​នាក់ អនុសេនីយ៍ត្រី​១៨​នាក់ ព្រិន្ទបាលឯក​ចំនួន​០៥ និង ព្រិន្ទបាលទោ​ចំនួន ០២​នាក់​។

​លោក​សាយ ម៉េង​គីម អភិបាលរង​ខេត្ត មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​មន្ត្រី​ដែល​ទើប​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខដំណែង និង បំពាក់​ឋានន្តរសក្តិ​ថ្មី​ទាំងអស់ ត្រូវ​បន្ត​ទប់ស្កាត់ ការបង្ការ​បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ រួមមាន បទល្មើស លួច ប្លន់​ប្រដាប់អាវុធ ទប់ស្កាត់​ការនាំចេញ​-​ចូល​នូវ​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន បញ្ហា​គ្រឿងញៀន ដែល​បង្ក​ភាពអសន្តិសុខ​ដល់​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​៩​ចំនុច​របស់​រដ្ឋាភិបាល និង​ការ​ផ្តល់នូវ​សេវាសាធារណៈ​ផ្សេងៗ​ទៀត ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ​ប្រសើរ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហាវ ចាន់​សុ​ទ្ធី អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​ដែរ​ថា ការបំពាក់​ឋានន្តរសក្តិ ផ្ទេរ​ភារៈកិច្ច​នៅពេលនេះ គឺធ្វើឡើង​ទៅតាម​ច្បាប់​ស្តីពី​លក្ខន្តិក​របស់​មន្ត្រីនគរបាល​ជាតិ​ដែល បានរៀបចំ​តាក់តែងឡើង​ក្នុងការ​លើកទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ដែលមាន​ស្នាដៃ ក្នុង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ជួន​ប្រជាពលរដ្ឋ និង សង្គមជាតិ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហាវ ចាន់​សុ​ទ្ធី បាន​ជំរុញ​ដល់​មន្ត្រី​ដែល​ទើប​តែងតាំង​ថ្មី​ទាំងអស់ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បានល្អ ត្រូវមាន​សាមគ្គី​ផ្ទៃក្នុង បន្ត​ទប់ស្កាត់ បង្ការ​បង្ក្រាប បទល្មើស​ព្រៃឈើ គ្រឿងញៀន និង​បទល្មើស​ផ្សេងទៀត និង​ត្រូវ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​រដូវ​មាន​ទឹកជំនន់​នេះ និង​ហាម​ដាច់ខាត​មិន​ឲ្យ​យក​កម្លាំង​សមត្ថកិច្ច​ទៅ​ប្រចាំការ​នៅ​ទីកន្លែង​បុគ្គល​ឯកជន និង​ហាម​យក​មធ្យោបាយ​អង្គភាពរ​ដ្ឋ​ទៅ​បំរើ​បុគ្គល​ឯកជន​ជាដាច់ខាត​៕ ល​