នគរបាល ឃាត់​ខ្លួ​ន​មេការ​៣​នាក់ និង​នារី​ម៉ាស្សា​ចំនួន​២៣​នាក់ នៅ​ហាង​ម៉ាស្សា​អ័​រ​គី​ដេ​បង្កប់​បំរើសេវា​ផ្លូវ​ភេទ

500
ចែករម្លែក

ដោយ:ចាន់តូ​/ភ្នំពេញ ​៖ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ បាន​ឃាត់​ខ្លួ​ន​មនុស្ស​ចំនួន​៣៧​នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម ក្នុងនោះ​មាន ៖ អ្នកគ្រប់គ្រង៣​នាក់​ បុគ្គលិក​ធម្មតា៤​នាក់​ សន្តិសុខ១​នាក់​ នារី​ម៉ាស្សា ២៣​នាក់ (​សង្ស័យ​ជា​អនីតិជន​ចំនួន​២​នាក់​) និង​ភ្ញៀវ៦​នាក់​។ ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ម៉ាស្សា យីហោ អ័​រ​គី​ដេ ផ្ទះ​លេខ​C១៤ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ប្រតិបត្តិការ​នេះ​ដោយមាន​ការចង្អុលបង្ហាញ​ពី​ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ពី​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដឹកនាំ​ផ្ទាល់​ដោយ​លោកឩ​ត្ត​ម​សេនីយ៍​ទោ ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការងារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ​។​

យោងតាម​នគរបាល​ជំនាញ​បានឲ្យដឹងថា ហាង​ម៉ាស្សា​នេះ បើក​ដំណើរការ ២៤​ម៉ោង ហើយ​មាន​នារី​បម្រើសេវា​ម៉ាស្សា និង​រួមភេទ​ចំនួន​២៣​នាក់ ជា​ជនជាតិខ្មែរ ក្នុងនោះ​មាន ០២​នាក់ ត្រូវបាន​សង្ស័យថា​ជា​អនីតិជន​ដែលមាន​អាយុ​ចន្លោះ​ពី​១៦​ឆ្នាំទៅ​១៧​ឆ្នាំ​។ សូមបញ្ជាក់​ផងដែរ​ទី​តាំងហាង​ម៉ាស្សា​មាន​បន្ទប់​សម្រាប់​ម៉ាស្សា និង​រួមភេទ​សរុប​ចំនួន​២៧​បន្ទប់​។ ចំពោះ​តម្លៃ​សេវា​រួមភេទ​ដោយ​ប្រើ​ដៃ​មាន​ចាប់ពី ៣០​ដុល្លារ ឡើងទៅ និង​រួមភេទ ចាប់ពី ៥០​ដុល្លារ​ឡើងទៅ ហើយ​លុយ​ដែល​ទទួលបាន​ពី​ភ្ញៀវ​នោះ មួយចំនួន​ត្រូវបាន​ចែក​ទៅ​ឲ្យ​មេការ ភេទ​ប្រុស ០៣​នាក់ ដែលជា​ជនជាតិខ្មែរ​។​

នគរបាល​ជំនាញ​បានឲ្យដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត​ជាច្រើន​ថ្ងៃ រហូតដល់​ស៊ីជំរៅ បាន​ចុះ​ប្រតិបត្តិការ​ទៅ​ឃាត់ខ្លួន​មេការ​គ្រប់គ្រង​ចំនួន៣​នាក់ និង​នារី​ម៉ាស្សា​ចំនួន​២៣​នាក់ ភ្លាមៗ​តែម្ដង និង​ដកហូត​វត្ថុតាង​ស្រោមអនាម័យ​មួយចំនួន នាំមក​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ​។​ ក្រោយ​បញ្ចប់​ការសាកសួរ ចំពោះ​អ្នក​ដែល​ពុំ​ពាក់ព័ន្ធ នគរបាល​ជំនាញ​អនុញ្ញាតឲ្យ​ត្រឡប់​ទៅវិញ​ជាធម្មតា​។​

បច្ចុប្បន្ន​នគរបាល​បាន​ឃាត់ខ្លួន​បុរស​មេការ​ចំនួន​៣​នាក់​ជា​បន្ត​អាសន្ន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ តាម​នីតិវិធី។ ចំណែក​នារី​បំរើ​ម៉ាស្សា​ត្រូវបាន​នគរបាល​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕B/