នគរបាល អំពាវនាវសាធារណជនបញ្ឈប់សកម្មភាព ប្រើហិង្សាទៅលើអ្នកបើកបរយានយន្ដ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

1397
ចែករម្លែក

(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ​ អំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ និងប្រព្រឹត្តនូវអំពើល្អ ដោយបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពការប្រើអំពើហិង្សា ទៅលើអ្នកបើកបរ និងយានយន្ដ ក្នុងករណី​គ្រោះថ្នាក់ចរាចរណ៍ ដោយចូលរួមចាប់ឃាត់ និងប្រគល់ជូនសមត្ថកិច្ច ដើម្បីអនុវត្ត​ទៅតាម​នីតិវិធីច្បាប់។

 

 

បើតាមសេចក្ដីអំពាវនាវនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យពលរដ្ឋចូលរួមគោរពប្រតិបត្តិ អនុវត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីការប្រើប្រាស់ផ្លូវថ្នល់ និងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា ដើម្បីចូលរួមទទួលខុសត្រូវ​ចំពោះអំពើខុសច្បាប់ ដែលខ្លួនបានប្រព្រឹត្ត ក្នុងពេលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ។

 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា សកម្មភាពទាំងអស់នេះ បានធ្វើឲ្យប្រាស់​ចាកអំពីការអនុវត្ដច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងប្រាសចាកពីសីលធម៌សង្គម ទាំងជនបង្កគ្រោះថ្នាក់ និងជនដែលប្រើអំពើហិង្សារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានប្រពៃណីថ្លៃថ្នូរ ក្នុងការគោរពប្រតិបត្តិច្បាប់ និងជាអ្នកកាន់ព្រះពុទ្ធសាសនា៕ ដោយ ៖ វិបុល