នគរ​បាល​ប៉ុស្តិ៍សួរបុរសមានប្រពន្ធពីរថាត្រូវយកមួយណា?ក្រោយកើតរឿងបែកផ្សែង

1169
ចែករម្លែក

(ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានហៅបុរសជាប្តីដែលមានប្រពន្ធពីរនាក់មកសាកសួរតើសម្រេចចិត្តត្រូវជ្រើសរើសយកមួយណាតាមបណ្តឹងក្រោយកើតរឿងដ៏បែកផ្សែងរួចមកហេតុការណ៍បានកើតឡើងនៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី២៧ខែកក្តដា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថាបុរសម្នាក់មិនទាន់លែងលះប្រពន្ធដាច់ស្រេចផងក៏ទៅសែនព្រេនជាមួយស្ត្រី​ម្នាក់ទៀតជា​ប្ដី​ប្រពន្ធ​អស់​រយៈ​ពេល​ជាង​៦ឆ្នាំ​រហូត​បានកូន១ក្រោយមកស្រាប់តែត្រូវបានប្រពន្ធដើមមកជេរស្ត្រីជាប្រពន្ធចុងរួមទាំងម្តាយនាងផងបង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ភូមិ។

ប្រភពបានបន្តថា​ស្ត្រី​ជា​ប្រពន្ធ​ចុង​ឈ្មោះ មុតរ័ត្នសុគន្ធាអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិ​កើត​ហេតុ​ខាង​លើ​ មានភូមិកំណើតនៅភូមិ ស្រែព្រៀល ឃុំ ស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ចំណែក​ឯ​ប្តីឈ្មោះ រស់ សំណាង អាយុ៣៤ ឆ្នាំ​មុខរបរ កម្មករ​រោងចក្រស្នាក់នៅជាមួយគ្នា។​រីឯ​ប្រពន្ធដើម ឈ្មោះ ស្រីណាត អាយុជាង៣០ឆ្នាំស្នាក់នៅភូមិ​កើត​ហេតុ​ដូចគ្នា មានស្រុកកំណើត នៅខេត្តព្រៃវែង ។

ស្រ្តីជាប្រពន្ធចុងបានប្រាប់សមត្ថកិច្ចថារូបគាត់នឹងប្តី(រស់សំណាងមិនបានរៀបការត្រឹមត្រូវទេបានត្រឹមតែសែននៅឯស្រុកកំណើតពួកគាត់មានការទំនាក់ទំនងចាប់ដៃគ្នាអស់រយៈពេល៦ឆ្នាំមកហើយថែមទាំងបង្កើតបានកូនប្រុសម្នាក់អាយុ៥ឆ្នាំ។​​តាំងពីដើមឡើយប្តី​នា​ងបានប្រាប់ថាគាត់(ប្តី)នឹងប្រពន្ធដើមរបស់គាត់បានលែងលះគ្នាដោយប្រពន្ធជាអ្នកនាំលែងតែមិនផ្តិតមេដៃឲ្យទេហើយរូបគាត់ក៏មានទំនាក់ទំនងជាមួយនាងរហូតមក។

ស្ត្រីដដែលបានបន្តថាមកដល់ថ្ងៃទី២៦ខែកក្តដាឆ្នាំ២០១៧ប្រពន្ធដើមរបស់ប្តីខ្លួនបានមករករឿងនៅមុខបន្ទប់របស់ខ្លួនដោយជេររូបគាត់នឹងម្តាយគាត់ថាដោយប្រើពាក្យសម្តីអសុរស។លុះល្ងាចថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០១៧វេលាម៉ោង៤ល្ងាច​ម្តាយរបស់នាងសួរទៅប្រពន្ធដើមថាម្តេចបានជាជេរគាត់ទាំងម្តាយទាំងកូនអញ្ចឹង?ពេលនោះក៏បង្កឲ្យមានការវាយគ្នាទៅវិញទៅមកមួយប្រាវ។​

ក្រោយ​ពី​វាយ​តប់​គ្នា​រួច​ ស្ត្រី​ជាប្រពន្ធដើម​បាននាំបុរស២នាក់មកគំរាមកំហែងចង់​សម្លាប់​រូប​នាង។​​នាង​បាន​នាំ​ម្តាយ​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​​ប្តឹង​ឲ្យ​ជួយ​រក​យុត្តិធម៌​ផង​។

ប្រភពដដែលបានបន្តថារូបនាងមិនចង់មានបញ្ហាអ្វីឡើយបើចង់បានប្តីខ្លួនសូមមកយកប្តីខ្លួនទៅវិញទៅតែនាងសុំយកតែកូនទេព្រោះរូបគាត់ធ្លាប់បានចាកចេញពីប្តីទៅនៅឯប៉ៃលិនម្តងរួចហើយគឺរឿងលែងប្រពន្ធមិនស្រេចគឺធ្វើឲ្យ​នាង​ពិបាកចិត្តពេក។

នៅពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅបានហៅបុរសជាប្តីមកសួរដំណើររឿងឲ្យជ្រើសរើសយកតែមួយ។ប៉ុន្តែបុរសសម្បូរ៍ស្នេហ៍ដែលបង្កជាបញ្ហានោះបានសុំពេលគិតសិន​៕​S/ដោយ៖ហូសាន់

ស្ត្រីប្រពន្ធចុងមកប្តឹងនគរបាលប៉ុស្តិ៍(រូប៖វ៉េបសាយ)