នយោបាយ​កម្រោល​បួន​ជ្រុង​របស់ ទណ្ឌិត សម រង្ស៊ី រាក់​កំផែល​

1363
ចែករម្លែក

​ទណ្ឌិត សម រង្សី មាន​គោលដៅ​មួយ​ច្បាស់លាស់ ដែល​ខ្លួន​បានកំណត់​រួចជាស្រេច គឺ​ផ្តួលរំលំ​រាជ រដ្ឋាភិបាល​ស្របច្បាប់ តាម​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ខ្លួន​មាន តាម​គ្រប់​លទ្ធភាព​ទាំងអស់ ដែល​ខ្លួន អាចធ្វើ​ទៅបាន ហើយក៏​អត់​ខ្វល់ខ្វាយ​ពីអ្វី​ទាំងអស់ បើទោះបីជា​ត្រូវ​អូសទាញ សង្គមជាតិ​កម្ពុជា​ឲ្យ​ធ្លាក់​ទៅ ក្នុង​គ្រោះមហន្តរាយ​សារជាថ្មី​ក៏ដោយ ។ យើង​អាច​មើលឃើញ ច្បាស់​ហើយ នយោបាយ​ដែល​ទណ្ឌិត សម រង្សី អនុវត្តន៍​កន្លងមក អត់​ខុសពី​នយោបាយ​ខ្មែរ ក្រហម​ទេ កន្លែង​ខ្លះ​មាន​លក្ខណៈ​ជ្រាលជ្រៅ​ជ្រុលនិយម​ជាង​ខ្មែរក្រហម​ទៅទៀត​ផង ។ ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​កំរោល​បួន​ជ្រុង​របស់ខ្លួន សម រង្ស៊ី កំពុងបើក​យុទ្ធនាការ ខុសច្បាប់​មួយចំនួន គឺ​ទី​១-​ព្រមាន​អ្នកវិនិយោគ​ចិន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា និង​ញុះញង់​ប្រជា ជនកម្ពុជា​ឲ្យ​ចងកំហឹង​ជាមួយ​ចិន ទី​២-​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យមើល​អំពី​ធម្មានុរូប​ភាព នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ទី​៣-​បំផុស​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ងើប​បះបោរ​ប្រឆាំង រាជរដ្ឋាភិបាល​ស្របច្បាប់ ។​
​ ​
​ទី​១-​ទណ្ឌិត សម រង្ស៊ី ក្រៅពី​ព្យាយាម​ទាំង​ងងើល​ឲ្យ​សហគមន៍​អឺរ៉ុប​ដក EBA ពី​កម្ពុជា បុរស​នេះ ក៏បាន​ផ្ញើ​សារ​ព្រមាន​ដល់​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា ក្នុងន័យ​បំភិតបំភ័យ ញុះញង់ ពន្យុះ អុចអាល ដោយ​គេ​សង្ឃឹមថា ទង្វើ​បែបនេះ​នឹង​អាច​ឲ្យ​អ្នកវិនិយោគ​គិ​ន​រត់​ចេញពី​កម្ពុជា ហើយ​អាច​ខ្ទប់​ដង្ហើម សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ហ៊ុន សែន បាន ។ រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកស្ទួយ​សេដ្ឋកិច្ច​ឲ្យ​មានការ​រីកចម្រើន​យ៉ាងខ្លាំង តាមរយៈ​ការទាក់ទាញ​ការវិនិយោគ ពី​បរទេស ដែល​ក្នុងនោះ​រួមមាន​ទាំង​វិនិយោគិន​ចិន​ផងដែរ ។ យើង​ពិនិត្យមើល​ទៅលើ​ទិន្នន័យ នៃ​ការវិនិយោគ​និង​ទំហំ​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​ទាំងឡាយ​ក្នុង​ពិភពលោក ក៏ដូចជា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​ប្រទេស​ចិន និង​ប្រទេស​នានា​នៅលើ​ពិភពលោក ទើប​យើង​មើលឃើញ​ច្បាស់​ថា ការឃោសនា​នយោបាយ​មួយ​នេះ​របស់​ទណ្ឌិត សម រង្សី រាក់​កំផែល ដូច​ទឹក​មួយ​ស្លាបព្រា​បាយ​នៅក្នុង​ចានទាប ។ ជាក់ស្តែង ទំហំ​ពាណិជ្ជកម្ម ចិន​-​អាស៊ាន គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់ ៥១៤,៣​ប៊ី​លាន​ដុល្លារ​អាម៉េរិក កើនឡើង ១៣,៨​ភាគរយ ក្នុងនោះ​ចិន​នាំ​ចេញទៅ​អាស៊ាន​មាន​ទំហំ​ទឹកប្រាក់ ២៧៩,១ ប៊ី​លាន​ដុល្លារ កើនឡើង ៩​ភាគរយ និង​ទំហំ​នាំចូល​មាន ២៣៥,៧​ប៊ី​លាន​ដុល្លារ​អាមេរិក កើនឡើង ២០​ភាគរយ ។ ប្រទេស​ក្នុង​អាស៊ាន ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ធំ​ជាមួយ​ចិន​គឺ សិង្ហ​បុរី វៀតណាម ម៉ាឡេស៊ី និង​ថៃ ។ កម្រិត​ទំហំ​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន បាន​កើនឡើង​ពី ៣៦២,៨៥​ប៊ី​លាន​ដុល្លារ ដល់ ៥១៤,៨​ប៊ី​លាន​ដុល្លារ ក្នុង​រង្វង់ ៧​ឆ្នាំ ចុងក្រោយ​នេះ ។ ចាប់តាំងពី​ឆ្នាំ​២០០៩​មក ប្រទេស​ចិន​បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អាស៊ាន ក្នុងពេលដែល​អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣​របស់​ចិន ។ ក្នុងប្រទេស​អាស៊ាន​ទាំង​១០ សឹង្ហ​បុរី​ស្ថិតក្នុង​បញ្ជី​លំដាប់​ទី​១ នៃ​ដៃគូ​ពាណិជ្ជកម្ម​របស់​ចិន ដោយមាន​ទំហំ​ទឹកប្រាក់​ពាណិជ្ជកម្ម​ប្រមាណ ៩៩,៣​ប៊ី​លាន​ដុល្លារ​អាមេរិក បន្ទាប់មកទៀត​គឺ វៀតណាម និង​ថៃ ។ រីឯ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាហ្វ្រិក ក្នុង​ឆ្នាំ​២០១៨ មាន ២០៤,១៩​ប៊ី​លាន​ដុល្លារ កើនឡើង ១៩,៧​ភាគរយ ធៀប​នឹង​ឆ្នាំមុន ។

​ដោយឡែក​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​កើន​ដល់ ៥,៨​ប៊ី​លាន​ដុល្លារ​តាម​ស្ថិតិ​ឆ្នាំ​២០១៧ គឺ​កើនឡើង​ក្នុង​រង្វង់​ប្រមាណ ២២​ភាគរយ ។ សម្រាប់ ការវិនិយោគ​ពី​ចិន ក្នុង​រយៈពេល ៣​ឆ្នាំ កន្លងទៅ​កើនឡើង​ប្រមាណ​ពី ៩០០​លាន​ដុល្លារ អាមេរិក ក្នុង​ឆ្នាំ​២០១៦ ដល់ ១,៦​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ហើយ​ក្នុង​ឆ្នាំ​២០១៨ បាន​កើនឡើង ដល់​ជិត​៣​ប៊ី​លាន​ដុល្លារ ។ ប្រទេស​ទាំងពីរ​ប្តេជ្ញា​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់ ១០​ប៊ី​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣ ដោយ​ក្នុងនោះ​ចិន​នឹង​បន្ត​លើកទឹកចិត្ត​អ្នកវិនិយោគ​ចិន​ឲ្យ​មក វិនិយោគ​នៅ​ប្រទេស​កម្ពុជា​យើង ។ រាជរដ្ឋាភិបាល​កម្ពុជា​មិនមែន​រកស៊ី​តែ​ជាមួយ​ចិន​ទេ ប៉ុន្តែ​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​លើ​លោក​នេះ ។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ទំហំ​នៃ​ការ ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ក​ម្ពុ​ជា ជាមួយ​បណ្តា​ប្រទេស​នានា មាន​សរុប​ជា​ទឹកប្រាក់​ចំនួន ២៤.៩៨៥​លាន​ដុល្លារ កើនឡើង ៥​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែលមាន ទំហំ​ទឹកប្រាក់ ២៣.៧៩៦​លាន​ដុល្លារ ។ តម្លៃ​ទំនិញ​នាំចូល​សរុប​មាន​ចំនួន ១៣.៧៧១​លាន​ដុល្លារ និង​តម្លៃ​នាំចេញ​សរុប​ជាង​១១.២១៤​លាន​ដុល្លារ ។​ដោយឡែក​ការនាំចេញ​ទំនិញ​កម្ពុជា​តាម​ប្រព័ន្ធ អនុគ្រោះ​ពាណិជ្ជកម្ម​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០.៣៦០​លាន​ដុល្លារ ជា​កំណើន​ល្អប្រសើរ​មួយ ខណៈ​ការនាំចេញ​ទំនិញ​កម្ពុជា​នៅ​ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់ ៩.៥៦០​លាន​ដុល្លារ ។​

​និយាយ​អំពី​នយោបាយ​ទាក់ទាញ​ទេសចរណ៍​វិញ​ពិភពលោក​ទាំងមូល​បាន​ផ្តោត​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​ទៅលើ​ការទាក់ទាញ​អ្នក​ទេសចរណ៍​ចិន​ឲ្យ​មក​កម្សាន្ត​នៅ​ប្រទេស​របស់ខ្លួន​។ គ្រាន់តែ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កន្លងទៅនេះ មាន​ប្រជាជន​ចិន​ធ្វើដំណើរ​ទេសចរ ទៅកាន់​ទីក្រុង​ចំនួន ១០៤៨ នៃ​ប្រទេស​ចំនួន ១១១​ក្នុងនោះ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទាក់ទាញ​ទេសចរណ៍​ចិន​បាន​ច្រើនណាស់ ។ ដោយឡែក ជប៉ុន ថៃ ញូ​ហ្សេ​ឡេ​ន អូស្ត្រាលី និង​សហរដ្ឋអាមេរិក ក៏​ជា​ប្រទេស​ដែល​ទាក់ទាញ​ខ្លាំង​ចំពោះ​ទេសចរណ៍​ចិន ។ នៅ​ឆ្នាំ​២០១៨​នេះ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា ប្រទេស​ជប៉ុន​ទទួលបាន​ភ្ញៀវ​ទេសចរណ៍ ៣១​លាន​នាក់ ក្នុងនោះ គ្រាន់តែ​ភ្ញៀវ​ទេសចរណ៍​ចិន មាន​ទៅដល់ ៨​លាន​នាក់ កើនឡើង ១៣,៩% ។ ដោយឡែក​នៅ កម្ពុជា​យើង​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​មាន​ភ្ញៀវទេសចរ​ចំនួន ៦,២​លាន​នាក់​ក្នុងនោះ​ភ្ញៀវទេសចរ​ចិន មាន​ប្រមាណ ២​លាន​នាក់ កើនឡើង ៧០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ត្រឹមតែ ៥,៦​លាន​នាក់ ប៉ុណ្ណោះ ក្នុងនោះ​ទេសចរណ៍​ចិន មាន​ជាង ១,២​លាន​នាក់ ។ តាម​ផែនការ កម្ពុជា​រំពឹងថា នៅ​ឆ្នាំ​២០២០ នឹងមាន​ភ្ញៀវទេសចរ​ចិន ៣​លាន​នាក់ ដល់​ឆ្នាំ​២០២៥ មាន​ចំនួន ៥​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ កើន​ដល់ ៨​លាន​នាក់ ។​

​រឿង​ដែល​សំខាន់ មិនមែន​ខ្លាច​ពួក​ម៉ាហ្វីយ៉ា​ចិន​មួយ​ក្តាប់​តូច​មក​អុកឡុក​តាម​ទីប្រជុំជន​ដូច ដែល កើតមាន​កន្លង​ហើយ​នោះទេ ពីព្រោះថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ធានា​សន្តិសុខ​សង្គម ។ កន្លងមក​មាន​ជនបរទេស​ខុសច្បាប់ ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា ក្នុងនោះ​មាន​ទាំង​ជនជាតិ​ចិន​ផង​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​បញ្ចូនទៅ​ប្រទេស​ដើម​វិញ ជា​បន្តបន្ទាប់ ។

​ទី​២-​ចំពោះ​ការស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យមើល​អំពី​ធម្មានុរូប​ភាព នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ជា​រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច ដែល​សូម្បីតែ សម រង្សី ខ្លួនឯង​ក៏​អាច​នឹង​អៀនប្រៀន​ខ្លះ​ដែរ ប្រសិនបើ​មើលឃើញ​ការបំភ្លឺ​ដ៏​សាមញ្ញ​មួយ​នេះ ។ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ អនុវត្តន៍ ទៅតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​រដ្ឋការ​បោះឆ្នោត​ជ្រើសតាំង​តំណង​រាស្ត្រ នីតិកាល​ទី​៦ បាន​ប្រព្រឹត្តិ​ទៅ​ដោយមាន​គណបក្ស​ចំនួន​២០ ចូលរួម​ប្រកួតប្រជែង ។ ក្នុងពេលដែល សម រង្សី អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ដោយ «​ដេក​ផ្ទះ ឈ្នះ​ឯង​» និង «​ដេក​ផ្ទះ ឈ្នះ​ស្អាត​» បែរជា​ប្រជាជន​ចំនួន ៨៣,០២​ភាគរយ នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​សរុប បាន​ទៅ​បោះឆ្នោត ហើយ​ដំណើរការ​បោះឆ្នោត​នេះ ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ។ ប្រជាជន​ជិត ៥​លាន​នាក់ បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល នាំ​ឲ្យ​គណបក្ស​ទទួលបាន​អាសនៈ ក្នុង​រដ្ឋសភា ១២៥ លើ ១២៥ ។ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា នីតិកាល​ទី​៦ ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​បើក​សម័យប្រជុំ​ដំបូង របស់ខ្លួន ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​អង្គ​ព្រះមហាក្សត្រ បាន​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុប្រធាន​នៃ​រដ្ឋសភា ប្រធាន​អនុប្រធាន​គណៈកម្មាការ​ជំនាញ ទាំងអស់​នៃ​រដ្ឋសភា និង​ការផ្តល់​សេចក្តី ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ទី​៦ នៃ​រដ្ឋសភា ដោយ សម្លេងគាំទ្រ ១២៥ លើ ១២៥ ។ នៅ​ថ្ងៃទី​៧ កញ្ញា ឆ្នាំ​២០១៨ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដំបូង​សម្រាប់​នីតិកាល​ទី​៦ បាន​ដំណើរការ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​លើ​ពិភពលោក បាន​ផ្ញើ​សារ​អបអរសាទរ កោតសរសើរ និង​អះអាង​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​លើ​គ្រប់​វិស័យ ជាមួយ​កម្ពុជា​បន្តទៀត ។ ក្នុងនោះ​មាន​ទាំង​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ក៏បាន​កោត សរសើរ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេចបាន ធ្វើ​ឲ្យ​លោក​មានការ​ភ្ញាក់ ផ្អើល​ណាស់ ហើយ​ប្រកាស​យ៉ាង​ខ្ទ័រ​ខ្ទារ​ថា សហរដ្ឋ​អាម៉េរិក​មាន​មោទនភាព​ដែល​ធ្វើជា​ដៃគូ​នៅក្នុង​កិច្ច អភិវឌ្ឍន៍​នេះ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ដឹក នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ធំៗ ក្នុង​ក្របខណ្ឌ​ពិភពលោក ក្របខណ្ឌ​តំបន់​រាប់ទាំង​ការអញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង មហាសន្និបាត អង្គការសហប្រជាជាតិ​ទៀតផង ។

​ទី​៣-​បំផុស​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ជា​រឿង ឃោសនា​ដដែលៗ អត់​បានការ និង​គ្មាន​តម្លៃ ។ បំផុស​កងកម្លាំង​ឲ្យ​ងើប​បះបោរ​មិនបាន​ស​ម្រ​ច បែរជា​ទៅ​បំផុស​ឪពុក ម្តាយ​របស់​កងកម្លាំង​ប្រដាប់អាវុធ​ឲ្យ​ជួយ​ចាក់រុក​កូនចៅ​របស់គាត់ ដែលជា​កងកម្លាំង​នោះ​ឲ្យ​ងើប​បះបោរ​វិញ​ម្តង ។ កងកម្លាំង ប្រដាប់អាវុធ គឺជា​កូនចៅ​របស់ ប្រជាជន និង​ជា​ឧបករណ៍​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។ រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច បញ្ជា​កងកម្លាំងប្រដាប់អាវុធ​ការពារ​សុខសន្តិភាព​ជូន​ប្រជាជន ហើយ​ដែល​ប្រជាជន​គឺជា​ម៉ែឪ ជា​បងប្អូន ជា​មិត្តភក្តិ​របស់​កងកម្លាំង​ប្រដាប់អាវុធ ។ រឿង​អី​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​ងើប បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ហើយ​ដែល​រាជរដ្ឋាភិបាល គឺជា​អ្នកការពារ​ភាពសុខសាន្ត ជូន​ប្រជាជន ដែល​ប្រជាជន​ទាំងនេះ គឺជា​ម៉ែឪ និង​ជា​បងប្អូន​របស់​កម្លាំង​ប្រដាប់ អាវុធ​របស់​យើង ។

​សូម​សួរ​បន្តិច​ទៅ​ចុះ ទណ្ឌិត សម រង្ស៊ី សូមកុំ​អៀនប្រៀន​អី​…​តើ​លោក​ទើបនឹង​ភ្ញាក់​ស្វាង​ពី ដំណេក​ឬ​?៕ ដោយ​: លី​ទួង​