នយោបាយ, និមិត្ត, ​និមិត្តរូប, និពន្ធ, នូវ, នៅ, ​រង្វាន់, ​ទ្រនឹប, ​ទ្រនល់, ចន្ទល់, នាមប័ណ្ណ​, នាមកិរិយា​, នានា​, វិចារណញ្ញាណ​, ញាណ​, ជីវសាស្ត្រ​, ជីវជាតិ​, ជីវភាព​, សម្ពោធ​

410
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​នយោបាយ នៈ​- បា​. ( ន​. ) (​ន​យ + ឧបាយ​) ឧបាយ​ក្នុង​ការណែនាំ​, កលល្បិច​ឬ​មេគំនិត​ដែល​គេ​ផ្ដើមឡើង ដើម្បី​ដឹកនាំ​ជន​ដទៃ​ឲ្យ​ប្រព្រឹត្ត​ទៅរក​ទីដៅ​យ៉ាងនេះ ឬ​យ៉ាងនោះ​, កិច្ច​ការដែល​ទាក់ទង​ដោយ​ការគ្រប់គ្រង​រដ្ឋ : គប្បី​ដើរ​តាម​មាគ៌ា​នយោបាយ​នៃ​រដ្ឋបុរស ។

និមិត្ត –​មិ​ត សំ​. បា​.( ន​. ) ដើមហេតុ​, លក្ខណៈ​, គោល​, ចារឹក​, គ្រឿង​សម្គាល់ : និមិត្តសីមា ជា​គ្រឿង​ដែល​ភិក្ខុសង្ឃ​បានកំណត់​យក​ជា​គោល​ចារឹក​សីមា ។​ខ្មាស​របស់​បុរស​ស្ត្រី : និមិត្តបុរស​, និមិត្តស្ត្រី ។ សំ​. បា​( អា និ​)​ព្រោះ​, ព្រោះតែ : ដំរី​បានជា​ព្រាន​ស្វែង​តាម​បាញ់ និមិត្ត​ភ្លុក​វា (​មិនសូវ​ប្រើ​, ច្រើន​ប្រើពាក្យ ព្រោះ​, ព្រោះតែ ជាង​) ។

និមិត្តរូប –​មិ​ត​-​តៈ​– បា​. ( ន​. ) រូប​ជា​គ្រឿង​កំណត់សម្គាល់ គឺ​វត្ថុ​ជា​តំណាង​អ្វីមួយ​ដែល​គ្មាន​រូប ដូចជា​ជញ្ជីង​ទុកជា​តំណាង​នៃ​សុចរិតយុត្តិធម៌​ជាដើម : ជញ្ជីង​ជា​និមិត្តរូប​នៃ​យុត្តិធម៌​, អំបោះ​ចងដៃ​គូ​ស្វាមីភរិយា​ថ្មី ទុកជា​និមិត្តរូប​នៃ​ពរ ៤ ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ (​បារ​. Symbole) ។

និពន្ធ និ​ពន់ បា​. ( កិ​. ឬ គុ​. ) តែង​ឡើង​, ចងក្រង​, រៀបរៀង : និពន្ធពង្សាវតារ​, និពន្ធ​រឿង​ប្រលោមលោក​; ដែល​ចង​ហើយ​; ដែល​តែង​ហើយ​, ដែល​សម្រេច​ឲ្យ​មាន​កម្រិត​ហើយ​,…​រឿង​និពន្ធ ។ ន​. ចំណង (​សេចក្ដី​), សេចក្ដី​តែង​, ពំនោល ។​ល​។ (​រ​. ស​.) : ព្រះ​និពន្ធ​, ព្រះរាជ​និពន្ធ គឺ​សេចក្ដី​ដែល​ស្ដេច​ទ្រង់​តែង​, ទ្រង់​រៀបរៀង (​ម​. ព​. រាជនិពន្ធ ផង​) ។

នូវ នៅ ( និ​. ) នឹង​, ហើយនឹង : ព្រះរាជវង្សានុវង្ស និង​មន្ត្រី​ធំ​តូច នូវ​អស់​ប្រជាជន​ទាំងពួង ។ នៅ ( អា​. និ​. ) ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើ : បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត នឹង​បាន​នូវ​ផល​ល្អ …​។

នៅ ( កិ​. ) ឋិត​, ស្ថិត​, មាន : នៅឯណា ?, នៅផ្ទះ​, នៅក្នុង​បន្ទប់ ។ ( កិ​. វិ​. ) ដែល​មិនទាន់​, ដែលមាន​ទៀត
: អស់ហើយ​ឬ​នៅ ? នៅ !; នៅឡើយ​, នៅទេ ។

រង្វាន់ ( ន​. ) របស់​ដែល​ថែម​ឲ្យ​ដោយឡែក​ផ្សេង​លើសពី​កំណត់​ដែល​ត្រូវបាន​, របស់​ជា​បំណាច់​ដែល​ថែម​ឲ្យ ព្រោះ​គាប់ចិត្ត​ឬ​ដើម្បី​បំពេញ ចិត្ត : ឲ្យ​រង្វាន់​, ទទួល​ប្រាក់រង្វាន់ ។ រង្វាន់​ខាន់ខៅ រង្វាន់​និង​ទ្រនឹប​, របស់​ដែល​ឲ្យ​ដោយឡែក​ផ្សេង​ក្រៅពី​ទ្រនឹប ។

ទ្រនឹប ( ន​. ) រង្វាន់​គ្រូ​មើលជំងឺ : រៀប​ទ្រនឹប​, ជូន​ទ្រនឹប​គ្រូ (​ម​. ព​. ខាន់ខៅ ផង​) ។

ទ្រនល់ ( ន​. ) ប្រដាប់​ធ្វើ​ដោយ​ឈើ​ឬ​ដោយ​ដីស្អិត​ដុត​ឲ្យ​ឆ្អិន មាន​សណ្ឋាន​មូល​សម្រាប់​វាយក្អម​, ឆ្នាំង បន្ទុល​ពី​ខាងក្នុង : ទ្រនល់​វាយក្អម ។

ចន្ទល់ ច​ន់​-​ទល់ ( ន​. ) ប្រដាប់​សម្រាប់​ទល់ : ចន្ទល់ផ្ទះ​, ចន្ទល់រទេះ ។

នាមប័ណ្ណ –​មៈ​ប័ន បា​. ( ន​. ) (​នាម + បណ្ណ​) ក្រដាស​រឹង​ជា​សន្លឹក​តូចៗ មាន​សរសេរ​នាម​បុគ្គល​ម្នាក់ៗ (​បារ​. Cart de visite)

នាមកិរិយា នាមៈ​កិ​រ៉ិ​យ៉ា ឬ នាមៈ​ក្រិ​យ៉ា បា​. ឬ សំ​. ( ន​. ) កិរិយាសព្ទ​ដែលជា​នាមសព្ទ​ឬ​នាមសព្ទ​ដែល​ប្រើ ជា​កិរិយាសព្ទ​ផង​ក៏បាន​, ផ្កា ន​., ផ្កា កិ​.; ផ្លែ ន​., ផ្លែ កិ​.; ភ្លៀង ន​., ភ្លៀង កិ​. ឧ : ស្វាយ​មួយ​ដើម​នេះ​ផ្កា​ច្រើនណាស់​, មួយ​ដើម​ឯណោះ​ក៏​កំពុងតែ​ផ្កា​ច្រើន​ណាស់ដែរ (​កិ​.); ឆ្នាំនេះ ស្វាយ​មាន​ផ្លែ​ច្រើនជាង​ឆ្នាំទៅ​មិញ (​ន​.); មេឃងងឹត រកកល់ភ្លៀង​, ភ្លៀង​មកហើយ (​កិ​.); ឆ្នាំនេះ​មាន​ភ្លៀង​ច្រើនជាង​ឆ្នាំមុន (​ន​.) ។ បើ​កុំ​ប្រើ​ជា​នាមកិរិយា ត្រូវ​ប្រើ​ជា កិរិយាសព្ទ​សុទ្ធ ថា បញ្ចេញ​ផ្កា​, បញ្ចេញ​ផ្លែ​; មេឃ​បង្អុរ​ភ្លៀង ឬ ភ្លៀង​ធ្លាក់ ដូច្នេះ​វិញ ។

នានា សំ​. បា​. ( និ​. ) ផ្សេងៗ​, ទីទៃៗ (​ច្រើន​ប្រើតែ​ក្នុង​កាព្យ​) : ស្ដេច​ទ្រង់​យាត្រា​តាម​ដងព្រៃ ព្រះ​នេត្រ​រំពៃ​ទត​ព្រឹក្សា នូវ​អស់​បក្សី​ផង​នានា ក្សត្រា​ភ្នកនឹក​ដល់​ក្ស​ត្រី ។ (​កុំ​សរសេរ នាៗ ព្រោះ​ពាក្យ​នេះ​ជា សំ​. បា​. ឥត​ប្រើ​ជា​អាមេណ្ឌិត សញ្ញា​ទេ​) ។

វិចារណញ្ញាណ –​រ៉ៈ​ណ័​ញ​-​ញាន បា​. ( ន​. ) ញាណ ឬ​ប្រាជ្ញា​ជា​គ្រឿង​ត្រិះរិះ​រាវរក​ហេតុផល​ឲ្យ​ឃើញច្បាស់​ឬ ឲ្យ​ស្គាល់​ខុសត្រូវ​: បុគ្គល​ប្រកបដោយ​វិចារណញ្ញាណ​រមែង​ធ្វើការ​គ្រប់យ៉ាង ឲ្យ​សម្រេចបាន​ដោយ​ល្អ​ប្រពៃ ។

ញាណ ញាន បា​.; សំ​. ( ន​. ) (​ជ្ញា​ន​) សេចក្ដី​ដឹង​, ប្រាជ្ញា​… ទ្រង់​ញាណ (​ព្រះពុទ្ធ​) ទ្រង់​ជ្រាប​ច្បាស់​នូវ​កិច្ចការ អាថ៌កំបាំង​ជ្រាលជ្រៅ​ផ្សេងៗ ដោយ​ព្រះ​ប្រាជ្ញា​; គេ​តែង​ប្រើពាក្យ ទ្រង់​ញាណ នេះ ក្នុងការ​ស្ដីបន្ទោស​គ្នីគ្នា​ថា : គ្មាន​នរណា​ទ្រង់​ញាណ​ដូច​ព្រះ​ទេ​, បើ​ខ្លួន​មិន​ប្រាប់​ធ្វើ​ម្ដេច​ឲ្យ​គេ​ដឹងផង​បាន ? ប្រាជ្ញា​ដែល​ដឹង ដែល​ឃើញ​នូវ​សេចក្ដី ពិត ដូច​ឃើញច្បាស់​នូវ​សេចក្ដី​មិន​ទៀង​នៃ​រូប​កាយ​ជាដើម ។

ជីវសាស្ត្រ ជីវៈ​-​សាស ( ន​. ) វិជ្ជា​ឬ​គម្ពីរ​ក្បួនខ្នាត​ចែង​អំពី​ជីវិត​មនុស្ស​និង​សត្វ​, វិទ្យាសាស្ត្រ​ផ្នែក​ខាង​ជីវិត ។

ជីវជាតិ ជីវៈ​-​ជាត បា​. ( ន​. ) (​ជីវ + ជាតិ​)​រសជាតិ​សំខាន់​ដែលមាន​ប្រចាំ​នៅក្នុង​អាហារ ក្នុង​គ្រឿង​បរិភោគ​គ្រប់ ប្រភេទ សម្រាប់​ទ្រទ្រង់​នូវ​សុខភាព​នៃ​មនុស្ស​និង​សត្វ ។

ជីវភាព ជីវៈ​– បា​. ( ន​. ) ភាព​នៃ​ការរស់នៅ​, ការចិញ្ចឹម​ជីវិត : ជីវភាព​ទន់ខ្សោយ​, ជីវភាព​ខ្ពង់ខ្ពស់ ។

សម្ពោធ សំ​-​ពោត សំ​. បា​. ( ន​. ) (​សម្ពោធ ឬ​–​ធន​) ការ​រំឭក​; ការ​ថ្លែងសេចក្ដី​ដោយ​ច្បាស់លាស់​; ការ​ពោល​ពាក្យ ប្រាស្រ័យ​រកគ្នា​; ការហៅ​គ្នា​ចំពោះមុខ​;… ។ ខ្មែរ​ប្រើ សម្ពោធ ជា កិ​. សំដៅ​សេចក្ដី​ថា “​ថ្លែងសេចក្ដី​រៀបរាប់ ឬ​រាយការណ៍​ក្នុង​ទីប្រជុំ​ឆ្លង​ឬ​ឡើង​មន្ទីរ​ថ្មី​ជាដើម​” : សម្ពោធ​សាលារៀន (​ម​. ព​. សម្ភោជ និង សម្ភោទ្យ ផង​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា