នរគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្របួច​ចោរប្លន់ម៉ូតូ រយៈពេល១២ ម៉ោងក្រោយ​ធ្វើ​សកម្មភាព

412
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​ជា​មុខសញ្ញា​ចោរប្លន់ ដោយ​ប្រើ​ប្រាស់​ដាវ​ជា​អាវុធ​ក្នុង​សកម្មភាព​ប្រព្រឹត្តល្មើសភ្ជង់​ប្លន់​យក​ម៉ូតូ សេ​១២៥ ស៊េរី​២០១៩ បានសម្រេច​នៅតាម​ផ្លូវ​បុរី​ជា​រី ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ កាលពី​វេលា​ម៉ោង​៤​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​រត់គេច​បាត់រហូតដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល ត្រូវបាន​ជនរងគ្រោះនិង​សមត្ថកិច្ច​តាម​រកឃើញ​ជនសង្ស័យ បាន​រត់​ឆ្លង​ផ្លូវជាតិ​លេខ​៣ ពី​បុរី ជា​រី ទៅ​ស​ម្ងំលាក់ខ្លួន​ក្នុង​ការដ្ឋាន​សំណង់ បុរី ធូ​ន លន ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់​ក្របួច​ជាប់និងដកហូត​បាន​ដាវ​មួយ​ដើម ។​

​ជនសង្ស័យ ឈ្មោះសុវណ្ណ រតនា ភេទប្រុស អាយុ ២៣​ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅ​បុរី​ធូ លន ភូមិ ព្រៃព្រីងត្បូង ២ សង្កាត់ ចោមចៅទី ៣ ខណ្ឌ ពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ អន្លង់គគី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ម៉ៅ មួន ភេទប្រុស អាយុ ២៩​ឆ្នាំ មុខរបរកម្មករសំណង់ ជាងបៀកថ្នាំ និង​ស្នាក់នៅក្នុងការដ្ឋានសំណង់ បុរី ជា រី ដែលស្ថិតនៅភូមិព្រៃព្រីងត្បូង ១ សង្កាត់ចោមចៅ ២ ខណ្ឌ ពោធិ៍សែន​ជ័យ ។ រីឯ​ម៉ូតូដែលជនសង្ស័យប្លន់យកទៅ​បាត់ ម៉ាក ហុងដា សេ​១២៥ សេរី ២០១៩ ពណ៌ខ្មៅ ពាក់​សផ្លាកលេខ ភ្នំពេញ 1HH-8559 ។ ជនសង្ស័យ​និង​ជនរងគ្រោះ​ជាម​នុស្ស​ធ្លាប់​ស្គាល់គ្នា ខណៈដែល​ធ្វើជា​កម្មករនៅ​ក្រុមហ៊ុន ជា រី និង ធូ លន តែមួយ​ទេ ។​

​​ បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យវាយប្លន់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ចោមចៅទី ២​កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បីចាត់ការតាម​នីតិវិធី​ច្បាប់៕B/Ha

#