នរណាថាលេងហ្គេមគ្មានអនាគត? សិស្សកូរ៉េខាងត្បូងម្នាក់បោះបង់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​ដើម្បី​ចាប់​ការងារ​ជា​កំពូល​អ្នកលេង​ហ្គេម​ ស៊ីប្រាក់ខែ ២,៦៣ លាន​ដុល្លារ​

597

​សិស្ស​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ​ម្នាក់ ដែលមាន​រហស្សនាម​ថា “​ម៉ៃ​ឃើ​ល ចូ​ឌែ​ន នៃ​ហ្គេម eSports” បាន​ជួយ​ធ្វើឱ្យ​កូរ៉េខាងត្បូង​ក្លាយជា​មហាអំណាច​មួយ​ខាង​វីដេអូ​ហ្គេម ហើយ​ឥឡូវនេះ​កំពុងតែ​ខិតខំ​ជំរុញ​ឱ្យអំណាច​ខាង​ហ្គេម​របស់​កូរ៉េ​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន​ហ្គេម​វីដេអូ​។​

​អ្នកលេង​ហ្គេម​ឈ្មោះ​ក្រៅ​ថា “Faker” និង​មានឈ្មោះ​ពិត​ថា លី សាង​យឹ​ក គឺជា​កំពូល​អ្នកលេង​ហ្គេម League of Legends របស់​ពិភពលោក និង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង រូបគេ​មានកេរ្តិ៍ឈ្មោះ​ល្បី​និង​ទ្រព្យសម្បត្តិ​ស្រដៀង​គ្នា​ទៅ​កំពូល​កីឡាករ​បាល់បោះ ឬ កីឡា​បេ​ស្ប​ល​ដែរ​។​

Faker អាយុ ២២ ឆ្នាំ នឹង​ជាតា​រា​ហ្គេម​ល្បីឈ្មោះ​បំផុត​មួយរូប​នៅ​ខែក្រោយ​នេះ​ដែល​ចូលរួម​ក្នុង​អូឡាំពិក​ក្នុង​តំបន់ គឺ​ការប្រកួត Asian Games រាល់​បួន​ឆ្នាំ​ម្តង នៅ​ឥណ្ឌូនេស៊ី កន្លែង​ដែល​ហ្គេម​វីដេអូ eSports នឹងត្រូវ​បានរៀបចំ​ឡើង​ជា​ព្រឹត្តិការណ៍​បង្ហាញ​ហ្គេម​ជា​លើកដំបូង​។​

​វា​គឺជា​ការបោះ​ជំហាន​ទៅមុខ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ហ្គេម​វីដេអូ​ដើម្បី​ឱ្យគេ​ចាត់ទុកជា​កីឡា​ពិតប្រាកដ​មួយ និង​អាចនឹងទទួល​កន្លែង​មួយ​នៅឯ​កីឡា​អូឡាំពិក​នាពេល​អនាគត​ផងដែរ ហើយ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ជើង​ខ្លាំង​ខាង​ហ្គេម eSports សកលលោក ដូចជា​កូរ៉េខាងត្បូង​។​

​កូរ៉េខាងត្បូង​គឺជា​ប្រទេស​ដែលមាន​អ៊ី​ន​ធឺ​ណេ​ត​លឿន​ផុត​លេខ​និង​កំពុង​ដុះដាល​វប្បធម៌​អ៊ី​ន​ធឺ​ណេ​ត​យ៉ាង​រស់​រវើក និង​ហាង​អ៊ី​ន​ធឺ​ណេ​ត​នានា ដែល​បំពាក់​កុំព្យូទ័រ​ខ្លាំងក្លា​បច្ចេកវិជ្ជា​ខ្ពស់​ចុងក្រោយ​ដើម្បី​ទាក់ទាញ​អ្នកលេង​ហ្គេម​នៅ​អាយុ​សិក្សា គឺ​ឃើញ​មាននៅ​គ្រប់​ដងផ្លូវ​ទាំងអស់​។​

“​អ្នកលេង​ហ្គេម eSports” ត្រូវបាន​ចាត់ទុក​ជាកា​រងារ​អនាគត​ដ៏​ពេញនិយម​បំផុត​មួយ​ក្នុងចំណោម​ក្មេងៗ ដោយ​ជាប់​លេខ ៨ ក្នុងការ​អង្កេត​របស់​ក្រសួង​អប់រំ​ទៅលើ​សិស្សសាលា​បឋម​កាលពី​ឆ្នាំមុន គឺ​ខ្ពស់ជាង “​ការងារ​ជា​អ្នកវិទ្យាសាស្ត្រ​” ទៅទៀត​។​

Faker បានចាប់ផ្តើម​លេង​ហ្គេម​វីដេអូ​ពេល​នៅ​រៀន​សាលាបឋមសិក្សា​និង​ពូកែ​បំផុត​ខាង​ហ្គេម League of Legends ដែលជា​ហ្គេម​ប្រយុទ្ធ​គ្នា​តាម​អន​ឡាញ ណែនាំ​ដោយ​ក្រុមហ៊ុន Riot Games ក្នុង​ឆ្នាំ ២០០៩ ។​

​ខណៈដែល​រូបគេ​បាន​ឡើង​កម្រិត​នៅក្នុង​តារាង​ចំណាត់ថ្នាក់ LoL តាម​អន​ឡាញ ការ​ឆ្ងល់​ចង់ដឹង​អំពី​អត្តសញ្ញាណ​ពិត​របស់គេ​ចាប់ផ្តើម​កើនឡើង​ខ្លាំង ហើយ​រូបគេ​បាន​បង្កើត​ក្រុម​មួយ​ជាមួយ​មិត្តភក្តិ​ដើម្បី​ចូលរួម​ការប្រកួត​ហ្គេម​មួយ​។​

Faker បាន​បោះបង់​ការសិក្សា​នៅ​វិទ្យាល័យ​បន្ទាប់ពី​ត្រូវបាន​គេ​ផ្តល់​ការងារ​អាជីព​ខាង​លេង​ហ្គេម ដោយ​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៣ និង​បាន​ផ្តួល​អ្នកលេង​ហ្គេម​កំពូលៗ​ជា​បន្តបន្ទាប់​រហូតដល់​រូបគេ​ក្លាយជា​តារា​រះ​មួយ​ដួង​ខាង​លេង​ហ្គេម​។​

​ក្រុមហ៊ុន​ល្បីៗ​របស់​កូរ៉េ​ភាគច្រើន​គឺមាន​ក្រុម​លេង​ហ្គេម eSports ផ្ទាល់ខ្លួន​របស់​ពួកគេ ជាមួយ Faker ត្រូវគេ​ជឿថា ស៊ីប្រាក់ខែ​ក្នុង​មួយឆ្នាំ​យ៉ាងតិចណាស់ ៣ ពាន់​លាន​វ៉ុ​ន (២,៦៣ លាន​ដុល្លារ​) នៅ​ក្រុមហ៊ុន SK Telecom ជា​ក្រុមហ៊ុន​សេវា​អ៊ី​ន​ធឺ​ណេ​ត​កំពូល​របស់​កូរ៉េខាងត្បូង​៕ ដោយ៖ កញ្ញាដាលីស

Faker” ដែលមាន​ឈ្មោះ​ពិត​ថា លី សាង​យឹ​ក ស៊ី លេង​ហ្គេម​ប្រាក់ខែ​ក្នុង​មួយឆ្នាំ​យ៉ាងតិចណាស់ ២,៦៣ លាន​ដុល្លារ នៅ​ក្រុមហ៊ុន SK Telecom