នរណា​នឹងត្រូវ​ដើរចេញ​បន្តទៀត​សប្ដាហ៍​នេះ​

1038
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា / ភ្នំពេញ​៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​៣១​មីនា​នេះ មិនដឹងថា នរណា​នឹងត្រូវ​បន្ត​ដើរចេញ​ទៀត​នោះឡើយ​។​

​មាន​អ្នក​ប្រដាល់​៤​រូប​ហើយ ដែល​បាន​កក់​កៅអី​ទុក​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៣ ដែល​ក្នុងនោះ​មាន ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ធន មករា សមាគម​ប្រដាល់​ក្រសួងការពារជាតិ យុគ យក្ស​ផ្លែ​ក្លិប​បូរី​រាជសីហ៍ មាន​រិ​ទ្ធ និង បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។​

​សម្រាប់​ថ្ងៃទី​៣១​មីនា​នេះ អ្នក​ប្រដាល់ ផាន់ ពិសិដ្ឋ ក្លិ​ពុទ្ធ​សេរី​វង្ស ត្រូវ​ជួប​ប្រកួត​ជើង​ខ្លាំង សង គង់ មកពី​ក្លិប​អេ​ភូ​ថង​កីឡា​។ កាល​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ ផាន់ ពិសិដ្ឋ ឈ្នះ​អ្នក​ប្រដាល់ លី ភា ក្លិប​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ឯ សង គង់ ឈ្នះ គួ​ន ប៊ុន​ហ៊ីម ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​។​

​សម្រាប់​ជុំ​ទី​២​នេះ ការប្រកួត​នឹង​តឹងតែង​ជាង​កាលពី​ជុំ​ទី​១ ព្រោះ​ពួកគេ​សុទ្ធតែជា​អ្នកឈ្នះ​ពី​ជុំ​ទី​១ ដូចគ្នា​។ តើ សង គង់ ដើរចេញ ឬ ផាន់ ពិសិដ្ឋ ជា​អ្នក​ខ្ទាត​ចេញពី​ការប្រកួត​នេះ​?

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ រឿន ឈី ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ជួប​ជាមួយ​អ្នក​ប្រដាល់ លឹម ឡេង ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​។​

​សុទ្ធតែជា​អ្នកខ្លាំង​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១ ដូចគ្នា ពេលនេះ​ជួបគ្នា​នៅ​ជុំ​ទី​២ អ្នកឈ្នះ​គឺជា​អ្នក​ដែល​កាន់តែខ្លាំង​ហើយ​។ កាលពី​ជុំ​ទី ១ រឿន ឈី​ឈ្នះ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង នៅ​ទឹក​ទី​២ ក្នុងខណៈដែល លឹម ឡេង ឈ្នះ ជ័យ សុផល ក្លិប​គុហារ​ព្រហ្ម​ជ័យ​នៅ​ទឹក​ទី​២​ដែរនោះ​។​

​ការប្រកួត​នេះ​មិនដឹងថា លឹម ឡេង ដណ្ដើមបាន​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣ បន្តទៀត ឬ ក៏ រឿន ឈី ជា​អ្នក​ដណ្ដើមបាន​នោះឡើយ​។ នរណា​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត​ជម្រុះ​នេះ​?

​ការប្រកួត​ជា​មិត្តភាព​ជាមួយ​ថៃ​វិញ​នោះ សារឿន ចាន់ ក្លិប​តា​ព្រហ្ម​មានជ័យ ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ផាត ងិន​ថង (Phat Nginthong) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ឧស្សាហ៍​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ណាស់ ហើយ​កន្លងមកនេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រុក​ខ្មែរ​មិនតិច​ទេ ដែល​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បង្ក្រាបបាន​។ សារឿន ចាន់ វិញ​មួយរយៈ​នេះ ហាក់ដូចជា​ស្រុតចុះ​ច្រើន​។ ចាំមើល​ការប្រកួត​មួយ​នេះ​នរណា​ជា​អ្នកឈ្នះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ឈួន រិទ្ធី ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ជាមួយ ឡេះ តើក ក្លិប​ពុទ្ធ​សេរី​វង្ស ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​។ នួន សារ៉ាក់ ក្លិប​និទាន​សែន​ជ័យ ប្រកួត​ជាមួយ ឡុង សូ​នី ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕L