នរណា​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថៃ​ក្រោយ​ការបោះឆ្នោត​ថ្ងៃអាទិត្យ​នេះ​?

405
ចែករម្លែក
  • 326
    Shares

​គណបក្ស​ជាង​៧០​កំពុង​ប្រកួតប្រជែង​រក​សម្លេង​គាំទ្រ​នា​ថ្ងៃអាទិត្យ​ទី​២៤​មីនា​នេះ នៅក្នុង​ការបោះឆ្នោត​សកល​លើកដំបូង​នៅ​ថៃ​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំក្រោយ​រដ្ឋប្រហារ​យោធ​មួយ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​។​

​ក្នុងចំណោម​កៅអី​សភា​៥០០​ដែល​ត្រូវ​ដណ្តើម​គ្នា​យក គណបក្ស​នីមួយៗ​ត្រូវ​មាន​អាសនៈ​សភា​តិច​បំផុត​២៥​ដើម្បី​អាច​ដាក់​ស្នើ​បេក្ខជន​របស់​ខ្លួន​អោយ​សភា​និង​ព្រឹទ្ធសភា​បោះ​​ឆ្នោត​គាំទ្រ​។​

​ខាងក្រោម​នេះ​ជា​បេក្ខជន​នាំមុខ​ដែល​អាច​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៅក្រោយ​ការបោះឆ្នោត​

-​ប្រា​យុទ្ធ ចាន​អូ​ចា​(​បក្ស ផា​ឡាំង ប្រា​ចា​រ៉ា​ត​)

​ប្រយុទ្ធ វ័យ​៦៥​ឆ្នាំ ជា​ទាហាន​អាជីព​មួយរូប ដែល​បាន​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​២០១០ នៅ​ពេល​លោក​ត្រូវបាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​។​មុខ​តំណែង​នេះ​​បានដាក់​លោក​នៅក្នុង​ទីតាំង​ស្នូល​មួយ​ក្នុងអំឡុងពេល​មាន​ការតស៊ូ​អំណាច​អូសបន្លាយ​ពេល​បូក​រួម​ទាំង​ហិង្សា​ម្តងម្កាល រវាង​អ្នកគាំទ្រ​និង​ប្រឆាំង​រដ្ឋាភិបាល​របស់​អតីត​​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត ។​

​ប្រា​យុទ្ធ មិន​បាន​ដឹកនាំ​កម្លាំង​ការពារ​រដ្ឋាភិបាល​ទេ តែ​បាន​ទុក​អោយ​សភាពការណ៍​ទុំ​ជោរ​និង​ធ្វើ​រដ្ឋប្រហារ​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៤​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្អូនស្រី​​លោក​ថាក់ស៊ីន ក្រោមលេស​ស្តារ​សណ្តាប់ធ្នាប់​។ ក្រោយ​ពី​បង្កើត​របប​សឹក​និង​តាំងខ្លួន​ជា​នាយករដ្ឋមន្ត្រី ដោយ​កាន់​អំណាច​ផ្តាច់មុខ​តែ​ឯង លោក​បង្ក្រាប​ជន​ប្រឆាំង​និង​ធ្វើ​ការកែ​ទំរង់​នានា​ដើម្បី​រារាំង​ការវិល​មក​វិញ​ក្បាលម៉ាស៊ីន​នយោបាយ​របស់​លោក​ថាក់ស៊ីន ជាពិសេស​តាក់តែង​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ដែល​ធ្វើ​អោយ​បក្ស​ន​យោ​បា​នានា​ចុះខ្សោយ​។​

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ ប្រា​យុទ្ធ កាន់តែ​ប្រែក្លាយ​ខ្លួន​លោក​ទៅជា​អ្នកនយោបាយ​មួយ​រូប​។​តែ​ចរិត​ធម្មជាតិ​របស់​លោក សម្តី​មុត​និង​ឆាប់​ឆេវឆាវ បង្ក​ការ​មន្ទិល​អំពី​លទ្ធភា​​ព​របស់លោក​ក្នុង​ការ​ធ្វើការ​ដោយ​ការ​ចុះសម្រុង​និង​រលូន​នៅក្នុង​ក្របខណ្ឌ​ប្រជាធិបតេយ្យ​មួយ​។​

​ប្រា​យុទ្ធ ជា​បេក្ខជន​របស់​គណបក្ស ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​ជា​តំណាង​ផលប្រយោជន៍​នៃ​របប​យោធា​។​ប្រៀប​ឈ្នះ​ធំ​បំផុត​របស់​លោក​គឺ ការគាំទ្រ​មួយ​ព្រឹទ្ធសភា​ដែល​មាន​អាសនៈ​២៥០ ដោយសារ​គ្រប់​បេក្ខជន​សុទ្ធតែ​លោក​តែងតាំង​ដោយ​មិន​ឆ្លងកាត់​ការបោះឆ្នោត​ទេ​។​បើ​សមាជិក​ព្រឹទ្ធសភា​គាំទ្រ​លោក​ទាំងអស់ នោះ​លោក​ត្រូវការ​ការគាំទ្រ​ពី​សភា​តែ​២៥​ភាគរយ​បូក​មួយ​អាសនៈ​ប៉ុណ្ណោះ ដើម្បី​បន្ត​នៅក្នុង​តំណែង​នាយករដ្ឋមន្ត្រី​។​

-​ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​(​ភឿ​ថៃ​)

​ស៊ូ​ដា​រ៉ា​ត វ័យ​៥៧​ឆ្នាំ ជា​មនុស្ស​ចូល​កាន់តំណែង​ដឹកនាំ​បក្ស​ដែល​គាំទ្រ​ដោយ​លោក​ថាក់ស៊ីន​នេះ​នៅ​នាទី​ចុង​ក្រោយ​បំផុត​។​

​ជា​កូនស្រី​របស់​អតីត​សមាជិកសភា​មក​ពី​ភាគ​ឦសាន លោកស្រី​ទទួល​ការអប់រំ​នៅ​សា​សា​កំពូលៗ​ក្នុង​ក្រុង​បាងកក​។​លោកស្រី​បាន​ចូល​ក្នុង​នយោបាយ​នៅ​ឆ្នាំ​១៩៩១ ដោយ​ទទួល​​បាន​អាសនៈ​សភា​នៅ​ក្រុង​បាងកក​សំរាប់​គណបក្ស​កែ​ទំរង់ ផា​ឡាំង ដា​ម៉ា​។​នៅ​ឆ្នាំ​១៩៩៤ លោកស្រី​បាន​ក្លាយជា​អនុ​រដ្ឋមន្ត្រី​គមនាគមន៍​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ដែល​ដឹកនាំ​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ​។​នៅ​ឆ្នាំ​១៩៩៨ លោកស្រី​បាន​ជួយ​លោក​ថាក់ស៊ីន បង្កើត​គណបក្ស​ថៃ​រ៉ាក់​ថៃ និង​បាន​ក្លាយជា​អនុប្រធាន​បក្ស​។​

​នៅពេល​ថាក់ស៊ីន​បាន​ដឹកនាំ​គណបក្ស​របស់​លោក​ដណ្តើម​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០០១ លោកស្រី​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​នៅ​ឆ្នាំ​២០០៦ បាន​ក្លាយជា​រដ្ឋមន្ត្រី​កសិកម្ម​។​ក្រោយ​រដ្ឋប្រហារ លោកស្រី​ស្ថិត​ចំណោម​សមាជិក​ប្រតិបត្តិ​របស់​បក្ស​ថៃ​រ៉ាក់​ថៃ​១១១​រូប ដែល​ត្រូវបាន​ហាម​ធ្វើ​នយោបាយ​៥​ឆ្នាំ នៅពេល​តុលា​​ការរំលាយ​គណបក្ស​នេះ ដោយសារ​រំលោភ​ច្បាប់​បោះឆ្នោត​។​

​ប្រៀប​ឈ្នះ​ធំ​របស់​ស៊ូ​ដា​រ៉ា​ត គឺ​ថា​លោកស្រី​ជា​បេក្ខជន​របស់​គណបក្ស​ដែល​តំណាង​ក្រុម​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ដែល​បាន​ឈ្នះ​រាល់​ការបោះឆ្នោតជាតិ​។​

-​អាប់​ភិស៊ី​ត វេចា​ជីវ៉ា (​បក្ស​ប្រជាធិបតេយ្យ​)

​អាប់​ភិស៊ី​ត វ័យ​៥៤​ឆ្នាំ ជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចំរុះ​មួយ ដែល​តំណែង​របស់​លោក​ត្រូវ​រំខាន​ដោយ​ចលាចល​នយោបាយ​របស់​ប្រទេស​។​

​កើត​នៅ​អង់គ្លេស​និង​សិក្សា​នៅ​សកល​វិទ្យាល័យ Eton និង​Oxford លោក​បាន​ចូលរួម​ក្នុង​បក្ស​វ័យ​ចំណាស់​បំផុត​នៅ​ថៃ​នេះ​នៅ​ឆ្នាំ​១៩៩២ និង​បាន​ចូលកាន់​តំណែង​ដឹកនាំ​​បក្ស​នៅ​ឆ្នាំ​២០០៥​។​

​បក្ស​ប្រជាធិបតេយ្យ ដែល​ពេញនិយម​នៅ​ក្រុង​បាងកក​និង​ភាគ​ខាងត្បូង​ប្រទេស ភាគច្រើន​ធ្វើ​ជា​បក្សប្រឆាំង​ធំជាងគេ​ចំពោះ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​លោក​ថាក់ស៊ីន​។​ក្រុម​​នេះ​មិន​ទាំង​ដែល​ឈ្នះ​ការបោះឆ្នោត​ជាតិ​ណាមួយ​និង​មិន​អាច​ប្រជែង​ជាមួយ​លោក​ថាក់ស៊ីន​តាមរយៈ​ហិប​ឆ្នោត​បាន​ទេ​។​រយៈពេល​១៣​ឆ្នាំ បក្ស​នេះ​បានជ្រើសរើស​ការធ្វើ​ព​ហិ​​ការ​មិន​ចូលរួម​ការបោះឆ្នោត​២​លើក​។​

​តែ​ទោះជា​យ៉ាងណា អាប់​ភិ​ស៊ីតនៅ​អាច​ចាត់ចែងឡើង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន​នៅក្នុង​ការបោះឆ្នោត​ក្នុង​សភា​ឆ្នាំ​២០០៨ ក្រោយពី​តុលាការ​សំរេច​រំលាយចោល​គណបក្ស​គាំទ្រ​​ថាក់ស៊ីន​មួយ​។​រយៈពេល​នៅក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​របស់​លោក ត្រូវ​ញាំញី​ដោយ​ការតវ៉ា​តាម​ដងផ្លូវ​របស់​ក្រុម​គាំទ្រ​លោក​ថាក់ស៊ីន និង​ការប៉ះទង្គិច​តាម​ព្រំដែន​ដោយសារតែ​​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ជំរុញ​គំនិត​ដោយ​ក្រុម​ជាតិនិយម​ជ្រុល​។​

​អាប់​ភិ​ស៊ីតនិង​បក្ស​ប្រជាធិបតេ​យ្យ​របស់​លោក បាន​ចាញ់​គណបក្ស​ភឿ​ថៃ​របស់​ថាក់ស៊ីន​ក្នុង​ការបោះឆ្នោត​នៅពេល​បន្ទាប់ ។​

​ពេលនេះ អាប់​ភិស៊ី​ត​កំពុង​សម្លឹង​រក​តំណែង​នាយករដ្ឋមន្ត្រី​កណ្តាល​មួយ គឺ​សម្រាប់​អ្នក​ដែល​មិន​ចង់​បន្ត​នៅ​ក្រោម​យោធា​និង អ្នក​ដែល​មិន​ចង់​ឃើញ​ក្រុម​ថាក់ស៊ីន​វិល​កាន់​​កាន់​អំណាច​ជា​ថ្មី​។​

-​អា​នូ​ធី​ន ឆាន​វី​រ៉ា​គុល​( បក្ស ភូ​ចៃ ថៃ​)

​អា​នូ​ធី​ន អាយុ​៥២​ឆ្នាំ មិន​ជា​អ្នក​មនោគមនវិជ្ជា​ខ្លាំងក្លា​អី​ទេ លោក​ដឹកនាំ​គណបក្ស​មួយ​ដែល​តំណាង​តំបន់​ឦសាន និង​ល្បី​ខាង​ចង​សម្ពន្ធ​ជាមួយ​បក្ស​នយោបាយ​មក​ពី​ក្រុម​​នយោបាយ​ទាំង​សងខាង​និង​ដើរ​តាមដាន​ឪពុក​នៅ​ក្នុង​ការ​ប្រឡូក​ក្នុង​ជំនួញ​ផង​និង​នយោបាយ​ផង​។​ក្រុមហ៊ុន​ប្រចាំ​គ្រួសារ​របស់​លោក​Sino-Thai Engineering and Construction PCL​មាន​ប្រវត្តិ​ទទួល​គំរោង​សំណង់​ធំៗ​សំរាប់​រដ្ឋាភិបាល ដូចជា​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​នៅ​ក្រុង​បាងកក​ជាដើម​។​

​លោក​មាន​សញ្ញាបត្រ​វិស្វករ​មក​ពី​សកល​វិទ្យាល័យ Hofstra University នៅ​អាមេរិក​។​

​ភូម​ចៃ​ថៃ ជា​មែកធាង​នៃ​អតីត​គណបក្ស​ដែល​គាំទ្រ​លោក​ថាក់ស៊ីន​មួយ ដោយ​វា​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកនយោបាយ​ដែល​បាន​ចែក​ផ្លូវ​គ្នា​ក្នុងអំឡុង​ចលាចល​ន​យោ​​បាយ​នៅ​ឆ្នាំ​២០០៨ ដែល​បាន​បង្ក​ឱកាស​អោយ​លោក​អាប់​ភិស៊ី​ត​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​

​បក្ស​នេះ​បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១១ តែ​ដោយសារ​តែ​បក្ស​នេះ​មាន​ប្រវត្តិ​ងាក​ទៅ​ឆ្វេង​ស្តាំ​តាម​ឱកាស​ហុច​អោយ វា​ធ្វើអោយ​លោក​អា​នូ​ធី​ន ក្លាយ​​ជា​បេក្ខជន​នៃ​សន្លឹក​បៀ​រង់ចាំ​អ៊ុត​នៅឡើយ​។​

-​ថា​ណា​ថន រឿង​រុងរឿង​គិត (​បក្ស អនាគត​ទៅមុខ​)

​ថា​ណា​ថន អាយុ​៤០​ឆ្នាំ ជា​បេក្ខជន​ថ្មី​និង​ក្មេង​ជាងគេ​។​លោក​ដឹកនាំ​គណបក្ស​មួយ​ដែល​ទើប​បង្កើតឡើង​កាលពី​ឆ្នាំមុន និង​ដាក់​ខ្លួនឯង​ជា​ជើង​ឯកនៃ​ការប្រឆាំង​នឹង​ការ​គ្រប់​​គ្រង​យោធា​។​

​លោក​ជា​អ្នកជំនួញ​មាន​ទ្រព្យធន​ម្នាក់ ដែល​បាន​កើត​និង​ធំ​ដឹងក្តី​នៅ​បាងកក​។​មុន​ចូល​ក្នុង​នយោបាយ លោក​គ្រប់គ្រង​ការងារ​ផលិត​គ្រឿងបន្លាស់​យានយន្ត​របស់​គ្រួសារ​។​

​សមាសភាព​ដឹកនាំ​ភាគច្រើន​នៃ​បក្ស​នេះ មក​ពី​សហគមន៍​អង្គការក្រៅរដ្ឋាភិបាល នៅក្នុង​វ័យ​២០​និង​៣០​ឆ្នាំ​ប្លាយ ដែល​នេះ​បង្ហាញ​បង្ហាញថា បក្ស​ថ្មី​នេះ​ទាក់ទាញ​អ្នកបោះឆ្នោត​​ក្មេងៗ​។​

​ដោយ​បទពិសោធន៍​នយោបាយ​និង​មូលដ្ឋាន​អំណាច​ទើប​ចាប់ផ្តើម មាន​ន័យ​ថា​វា​មិន​អាច​រកបាន​សម្លេង​គ្រប់គ្រាន់​សំរាប់​អោយ​លោក​ថា​ណា​ថន​ក្លាយ​ជា​នាយ​រដ្ឋមន្ត្រី​ទេ តែ​អាច​ផ្សំ​ជាមួយ​បក្ស​ផ្សេង​សំរាប់​បង្កើត​ក្រុមចំរុះ​ទប់ទល់​នឹង​លោក​ប្រា​យុទ្ធ​៕​ប្រែ​សម្រួល​៖​វាសនា​