នរណា​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ ៤ នាក់ ចុងក្រោយ ?

304
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ Boostrong Gold Medal Fighter on Fire លើស​ង្វៀន​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​២១ កក្កដា បាន​ឈានដល់​វគ្គ ប្រកួត​ជម្រុះ​ជុំ​ទី​២ ឬ​វគ្គ ៨ នាក់ ចុងក្រោយ​ហើយ ។​

​អ្នកចាញ់ គឺ​ធ្លាក់ ឯ​អ្នកឈ្នះ គឺ​ឡើង ទៅ​វ៉ៃ​បន្ត វគ្គ ៤ នាក់​ចុងក្រោយ ។ ការប្រកួត​សប្ដាហ៍​នេះ គឺមាន ២ គូ ហើយក៏​ត្រូវមាន ២ រូប ហាលអាវ និង ២ រូប​ឡើង ទៅ​ជុំ​ទី​៣ ដែរ ។​

​ឆៃ សា​រ៉ា សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈូក ណាំ​ឆៃ (Chhuok Namchhai) ។ ឈូក ណាំ​ឆៃ កាលពី​ជុំ​ទី​១ គេ​ទម្លាក់ ហេង សំរាំង ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដោយ​វ៉ៃ​ឲ្យ​សន្លប់ នៅ​ទឹក​ទី​២ ។ ចំពោះ សា​រ៉ា វិញ គេ​ផ្ដួល​អ្នក​ប្រដាល់​ថៃ ហ្វា មេ​ឆៃ (Fa Mechhai) នៅ​ទឹក​ទី​៤​។

ឆៃ សា​រ៉ា និង ឈូក ណាំ​ឆៃ​

​​នេះ​ជា​ជំនួប រវាង​អ្នកឈ្នះ និង​អ្នកឈ្នះ​ដូចគ្នា ហេតុនេះ ការប្រកួត ពិតជា​កាន់តែ​កក្រើក ជាង​កាលពី​ជុំ​ទី​១ ហើយ ព្រោះ​ទាំងសងខាង សុទ្ធតែ​ត្រូវ​ការឡើង ទៅ​ជុំ​ទី​៣ ដូចគ្នា ។​

​ឆៃ សា​រ៉ា មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៦​ដង ឈ្នះ​៧៨​ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ ២ ដង និង​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន ២១ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ឈូក ណាំ​ឆៃ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង ស្មើ​ពិន្ទុ​១ ដង ។ នរណា​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​២ នេះ ? ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ជួប​ជាមួយ​អ្នក​ប្រដាល់ អូស្ដ្រាលី ដា​រិ​ន ចិន (Darin Chen) ។ តាមពិត អ្នក​ប្រដាល់​ទាំង ២ រូបនេះ ធ្លាប់​ជួបគ្នា​ម្ដង​ហើយ ក្នុងជំនួប​ជា​មិត្តភាព ដែល​កាលនោះ វិឆ័យ ឈ្នះ​ដោយ​ពិន្ទុ ។ សម្រាប់​ជំនួប​លើក​នេះ អ្វីៗ​អាច​នឹង​ប្រែប្រួល ព្រោះ​កាលពី​ប្រកួត នៅ​ជុំ​ទី​១ អ្នក​ប្រដាល់​អូស្ត្រាលី​រូបនេះ ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា ធី តុង​ហ៊ី ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ។ ចំពោះ វិឆ័យ ឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ ម៉ារ​ទីន (Martin) នៅត្រឹម​ទឹក​ទី​២ ។​

វង្ស វិឆ័យ និង ដា​រិ​ន ចិន​

​វិឆ័យ មាន​ប្រវត្តិ​ប្រកួត ចំនួន​៤៣​ដង ឈ្នះ​៣៨​ដង ចាញ់​៥​ដង រីឯ ដា​រិ​ន ចិន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​២៨​ដង ឈ្នះ​២១​ដង និង​ចាញ់​៧​ដង​។ នរណា​ប្រជែង​បាន​កៅអី សម្រាប់​ជុំ​ទី​៣ ?​។​

​ការប្រកួត​រវាង អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ នួន រ៉ា​ថេ​ន ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មុខ​ស្វិត ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ប្រកួត​ជាមួយ ងឿ​ន វិចិត្រ ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ភី និម្មិត ក្លិប​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ ឡុង សំណាង ក្លិប​ពន្លឺ​វិបុល ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ៕v

អ្នកខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​