នាង​គីម​កា​ដា​សៀន​និង​អ្នកដឹកនាំ​រឿង​លោក​ហ្គី​ល​ឡឺ​ម៉ូ ដែល ថូ​រ៉ូ ស្ថិតក្នុង​ចំណោម​ជន​ល្បី​ជាច្រើនរូប​ទៀត​ដែល​ត្រូវ​ភៀសខ្លួន​ពី​ភ្លើង​ឆេះ​ព្រៃ​

856
ចែករម្លែក

​នាង​ឡេ​ឌី ហ្គា​ហ្គា នាង​គីម កា​ដា​សៀន នាង​អា​លី​ស​សា មី​ឡា​ណូ និង​នាង​មេ​លី​ស​សា អេ​ធឺ​រី​ច គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​ទៀត​ដែល​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅក្នុង​និង​នៅ​ជុំវិញ​ទីក្រុង​ម៉ាលី​ប៊ូ (Malibu) កាលពី​ថ្ងៃ​សុក្រ​ទី ៩ វិច្ឆិកា ខណៈ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​រហ័ស​បាន​បង្ខំ​ឱ្យមាន​ការជម្លៀស​មនុស្ស​ចេញពី​តំបន់​លំនៅដ្ឋាន​របស់​ជ​ន​ល្បី​មួយ​នេះ​។​

​វេ​ប​សាយ​តារា TMZ បាន​រាយការណ៍​ថា ផ្ទះ​នៅ​ទីក្រុង​ម៉ាលី​ប៊ូ​របស់​តារា​កែ​ភេទ​ល្បី​បំផុត​របស់​អាមេរិក គឺ​នាង​ខេ​ត​លីន ជែ​ន​ន័​រ (Caitlyn Jenner) ត្រូវបាន​បំផ្លាញ​ដោយ​អណ្តាតភ្លើង​កាលពី​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​របស់​នាង​មិនអាច​បញ្ជាក់​ពី​ស្ថានភាព​ផ្ទះ​របស់​នាង​បានទេ ប៉ុន្តែ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា នាង​ជែ​ន​ន័​រ​មាន​សុវត្ថិភាព​។​

​នាង​ឡេ​ឌី​ហ្គា​ហ្គា​បាន​បង្ហោះ​វីដេអូ​នៅលើ​គណនី Instagram របស់​នាង​ដោយ​និយាយថា នាង​កំពុង​ជម្លៀស​ខ្លួន​ចេញពី​ភូមិគ្រឹះ​របស់​នាង​។ នាង​បាន​បន្ថែមថា​នាង “​សូម​ផ្ញើ​ការ​បន់ស្រន់​ទៅកាន់​មនុស្ស​គ្រប់គ្នា​” ហើយ​បាន​បង្ហោះ​រូបថត​នៃ​ផ្សែង​ក្រាស់​ចេញពី​ភ្លើង​ឆេះ​ព្រៃ​។​

TMZ ក៏បាន​រាយការណ៍​ផងដែរ​ថា អគ្គីភ័យ​នេះ​បាន​ទៅដល់​បរិវេណ​ភូមិគ្រឹះ​នៅ​ជិត​សង្កាត់​កាឡា​បា​សាស ដែលជា​កម្មសិទ្ធិ​របស់​នាង​កា​ដា​សៀន និង​ប្តី​កេ​ន​យ៉េ វេស​។​

​នាង​កា​ដា​សៀន​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា នាង “​មាន​ពេល​តែមួយ​ម៉ោង​ទេ​ដើម្បី​វេច​បង្វិច និង​ជម្លៀស​ចេញពីផ្ទះ​របស់​យើង​”​។​

​របាយការណ៍​របស់ TMZ ក៏​មិនអាច​បញ្ជាក់​បានដែរ ប៉ុន្តែ​កេ​ន​យ៉េ វេស​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​សុក្រ​ថា “​ក្រុមគ្រួសារ​របស់​យើង​មាន​សុវត្ថិភាព​និង​នៅ​ជិតគ្នា​”​។​

​ក្រុមមន្ត្រី​ពន្លត់អគ្គីភ័យ​បាន​និយាយថា ប្រជាជន ១២.០០០ នាក់​ក្នុង​ទីក្រុង​ម៉ាលី​ប៊ូ ដែល​លាតសន្ធឹង ៤៣,៥ គីឡូម៉ែត្រ​តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា​រហូតដល់​ជួរ​ភ្នំ​សាន់​តា​ម៉ូ​នី​កា ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការជម្លៀស​ជា​ចាំបាច់​កាលពី​ថ្ងៃ​សុក្រ ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​វូ​ល​សី (Woolsey) បាន​ឆាបឆេះ​ខ្លាំង​ពេញបន្ទុក​ក្នុងពេល​តែមួយ​រាត្រី ហើយ​ធ្លាយ​ចេញ​តាមផ្លូវ​ហាយ​វេ​៕ ដោយ៖ កញ្ញាដាលីស

ជន​ល្បី​ជាច្រើន​រួមទាំង​នាង​គីម​កា​ដា​សៀន ត្រូវ​បង្ខំចិត្ត​ជម្លៀស​ចេញពីផ្ទះ​ខណៈ​ភ្លើងព្រៃ​កំពុង​ឆាបឆេះ​ខ្លាំង​នៅ​ទីក្រុង​ម៉ាលី​ប៊ូ