នាង​ចំណាយលុយ ៦​ម៉ឺន​ដុល្លារ​វះកាត់​មុខ​ឱ្យ​ដូច​កូនក្រមុំ​តុក្កតា ហើយ​ថា​មិត្ត​ប្រុស​គាំទ្រ​ពេញទំហឹង តែ​គាត់​ថា​ចង់ឱ្យ​កែ​ទៅជា​កូនកំលោះ​តុក្កតា​ដែរ ទាល់តែ​យូរ​!

1154
ចែករម្លែក

​កូនក្រមុំ​តុក្កតា​មានជីវិត ដែល​ចំណាយ​ប្រាក់​អស់ ៦០.០០០ ដុល្លារ​លើ​ការវះកាត់​កែ​សម្ផស្ស និយាយថា មិត្ត​ប្រុស​នាង “​គាំទ្រ​” នាង​ចំពោះ​ការវះកាត់​កែកុន​នេះ ព្រោះ​វា​ជួយ​ឱ្យ​នាង​ជឿជាក់​លើ​ខ្លួនឯង​។​

​ប៉ុន្តែ​នាង អូ​ហ្វេ​លី​យ៉ា វ៉ា​នី​ទី (Ophelia Vanity) អាយុ ៣០ ឆ្នាំ​មកពី​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស បាន​សារភាពថា មិត្ត​ប្រុស​របស់​នាង ឈ្មោះ ចា​ស្ទី​ន ស្ទើ​លីង (Justin Sterling) អាយុ ៤៣ ឆ្នាំ​ក៏មាន​ការព្រួយបារម្ភ​ដែរ​អំពី​ហានិភ័យ​នៃ​ការវះកាត់​នេះ​។​

​ចា​ស្ទី​ន​និយាយថា គាត់​នឹងមិន​រង​ក្រោម​កាំបិត​វះកាត់​នោះឡើយ ដោយ​គាត់​បាន​បន្ថែមថា គាត់​ជឿថា អូ​ហ្វេ​លី​យ៉ា​ក៏​មិនគួរ​រង​ក្រោម​ផ្លែកាំបិត​ដូចគ្នា​។​

​នាង អូ​ហ្វេ​លី​យ៉ា វ៉ា​នី​ទី បានចាប់ផ្តើម​ជះ​លុយរាប់​ម៉ឺន​ដុល្លារ​ដើម្បី​ធ្វើឱ្យ​នាង​មើលទៅ​ដូច​កូនក្រមុំ​តុក្កតា ដោយ​កែកុន​គ្រប់យ៉ាង​ចាប់ពី​ការចាក់​ថ្នាំ Botox រហូតដល់​ការវះកាត់​កែ​បបូរមាត់ កែ​ខ្ទង់ច្រមុះ និង​កែ​រង្វង់​ភ្នែក​ឱ្យ​មូល​ជាង​មុន​។​

​ខណៈដែល​មិត្ត​ប្រុស​របស់​នាង​គាំទ្រ​នាង ក៏​តារា​បង្ហាញ​ម៉ូត​និង​ជំនួយការ​ផ្ទាល់ខ្លួន​រូបនេះ​ទទួលស្គាល់ថា​នាង​តែងតែ​ប្រឈម​នឹង​ការប្រមាថ​រាល់ថ្ងៃ​តាម​អន​ឡាញ​ចំពោះ​រូបរាង​មុខមាត់​របស់​នាង​។​

​និយាយ​អំពី​ប្រតិកម្ម​របស់​មិត្ត​ប្រុស​ចំពោះ​ការវះកាត់​កែ​សម្ផស្ស​របស់​នាង នាង​និយាយថា “​ចា​ស្ទី​ន​មិន​ខ្វល់​ទេ ប៉ុន្តែ​គាត់​បារម្ភ​អំពី​ហានិភ័យ​នៃ​ការវះកាត់​”​។​

​ចា​ស្ទី​ន​និយាយថា “​ដរាបណា អូ​ហ្វេ​លី​យ៉ា សប្បាយចិត្ត​ជាមួយ​ការវះកាត់ វា​មិនជា​បញ្ហា​នោះទេ​។ ខ្ញុំ​នឹងមិន​វះកាត់​សម្រាប់​ខ្លួន​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​គិតថា​នាង​មិនគួរ​វះកាត់​ដូចគ្នា​ដែរ​”៕ ដោយ៖ កញ្ញាដាលីស