នាង​ណាំ​សៃ សមាជិក​ក្រុម​ចម្រៀង BNK48 សុំទោស​ទាំង​ទឹកភ្នែក​ដែល​ពាក់អាវ​រូប​សញ្ញា​របស់​បក្ស​ណា​ស៊ី​

600
ចែករម្លែក
  • 40
    Shares

​នាង ពី​ចា​យ៉ា​ប៉ា “​ណាំ​សៃ​” ណា​ថា (Pichayapa “Namsai” Natha) សមាជិក​ក្រុម​ចម្រៀង BNK48 បាន​សុំ​អភ័យទោស​ចំពោះ​ការពាក់​អាវយឺត​មាន​ទង់​របស់​បក្ស​ណា​ស៊ី​ជាមួយនឹង​រូប​សញ្ញា Swastika ក្នុងអំឡុងពេល​ហាត់​សម​សម្រាប់​ការប្រគុំ​តន្ត្រី​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មករា​។​

​ខណៈ​កំពុង​ហាត់​សម​កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ការប្រគំ​តន្ត្រី​ឈ្មោះ BNK48 Space Mission Concert នៅឯ​សាលតន្ត្រី Muang Thong Thani នាង​ណាំ​សៃ​ត្រូវគេ​ឃើញ​នៅលើ​ឆាក​ពាក់​អាវយឺត​រូប​សញ្ញា Swastika ដែល​ប្រើ​ដោយ​ហ៊ី​ត្លែរ​អំឡុង​សង្គ្រាមលោកលើកទីពីរ​។​

​អាវ​របស់​នាង​បានធ្វើ​ឱ្យមាន​ភាព​រំជើប​រំជួល​នៅលើ​បណ្តាញ​សង្គម​និង​នៅក្នុង​សារព័ត៌មាន​អន្តរជាតិ​ប៉ុន្តែ​អ្នកខ្លះ​បាន​សម្តែង​ការអាណិតអាសូរ ដោយ​បន្ទោស​ថា​នាង​មិនបាន​ដឹង​អំពី​ការប្រមាថ​ដែល​នាង​អាច​នឹង​បង្កឡើង​ដោយសារតែ​គុណភាព​អប់រំ​នៅ​ប្រទេស​ថៃ​។​

​ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅពេលដែល​ពិភពលោក​កំពុង​ត្រៀម​រៀបចំ​ពិធី​រំលឹក​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​បាន​ស្លាប់​នៅក្រោម​ដៃ​របស់​ពួក​ណា​ស៊ី​នៅ​ទិវា​រំលឹក​ខួប​ការសម្លាប់​រង្គាល​ពួក​ជ្វី​ហ្វ​ជា​អន្តរជាតិ​នៅ​ថ្ងៃទី ២៧ មករា​។​

​រូប​សញ្ញា Swastika ត្រូវបាន​ប្រើ​ដោយ​អតីតជន​ផ្តាច់ការ​អាល្លឺម៉ង់ អា​ដូ​ហ្វ ហ៊ី​ត្លែរ នៅពេល​គាត់​បាន​ដឹកនាំ​អាល្លឺម៉ង់​ទៅធ្វើ​សង្គ្រាមលោកលើកទីពី​រ និង​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដ៏​ធំ​ក្នុងអំឡុង​ការសម្លាប់​រង្គាល​នោះ​។​

​ស្ថានទូត​អ៊ីស្រាអែល​បាន​និយាយ​ក្នុង​ផុស​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សៅរ៍​ថា “​ស្ថានទូត​អ៊ីស្រាអែល​នៅ​ប្រទេស​ថៃ​បង្ហាញ​ពី​ភាព​តក់ស្លុត​និង​ភាព​ស្រងាកចិត្ត​របស់ខ្លួន​ចំពោះ​ឈុត​ណា​ស៊ី​ដែល​ពាក់​ដោយ​តារាចម្រៀង​ក្នុង​ក្រុម BNK48​។ ការ​ស្លៀកពាក់​រូប​សញ្ញា​ណា​ស៊ី​ដោយ​អ្នកចម្រៀង​របស់​ក្រុម​តន្ត្រី​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​មនុស្ស​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​សាច់ញាតិ​របស់​ពួកគេ​ត្រូវបាន​សម្លាប់​ដោយ​ពួក​ណា​ស៊ី​”​។​

​នាង​ណាំ​សៃ​បាន​សុំទោស​ទាំង​ទឹកភ្នែក​ក្នុងអំឡុងពេល​នៃ​ការប្រគុំ​តន្ត្រី​នៅ​ចំពោះមុខ​អ្នកគាំទ្រ​នៅឯ​កន្លែង​ប្រគុំ​តន្ត្រី​ដ៏​ណែន​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​។ នាង​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​របស់​នាង​មុនពេល​លុតជង្គង់​នៅលើ​ឆាក​ជាមួយ​សមាជិក​ដទៃទៀត​លួងលោម​នាង​យ៉ាង​ដូច្នេះ “​វា​ជា​កំហុស​របស់ខ្ញុំ និង​ជា​ភាពល្ងង់ខ្លៅ​របស់ខ្ញុំ​។ សូម​អភ័យទោស​ដល់​ណាំ​សៃ​ផង​”​។​

​នាង​បាន​សរសេរ​សារ​ដដែល​សារភាព​ពី​ភាពល្ងង់ខ្លៅ​របស់​នាង​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឈ្មោះ @ bnk48official.namsai និង​គណនី​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត ភ្លាមៗ​បន្ទាប់ពី​ពាក់​កណ្តាលយប់​នៅពេលដែល​ការប្រគុំ​តន្ត្រី​បានបញ្ចប់​៕ ដោយ៖ កញ្ញាដាលីស

នាង​ណាំ​សៃ​សុំទោស​អ្នកគាំទ្រ​ទាំង​ទឹកភ្នែក​ចំពោះ​ភាពល្ងង់ខ្លៅ​របស់​នាង