នាង​បេ​យ៉ុ​ន​សេ​ប្រើ​អំណាច​ជាតា​រា​របស់​នាង ដើម្បី​គាំទ្រ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ​តិច​សា​ស់លោក បេ​តូ អូ​រូ​កេ​

234

​ប៉ុន្មាន​ម៉ោង​មុន​ការបោះឆ្នោត​ស្ទង់​មតិ​បាន​បិទ​នៅក្នុង​ការប្រណាំង​ប្រជែង​កាន់កាប់​ព្រឹទ្ធសភា​អាមេរិក​ដែល​គេ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​នោះ កំពូល​តារាចម្រៀង បេ​យ៉ុ​ន​សេ បានផ្តល់​ការគាំទ្រ​របស់​នាង​ដល់​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ​តិច​សា​ស់លោក បេ​តូ អូ​រូ​កេ ដោយ​សង្ឃឹមថានឹង​ដណ្តើមយក​កៅអី​ពី​បេក្ខជន​គណបក្ស​សាធារណរដ្ឋ លោក ថេត គ្រូ​ស​។​

​នាង​បេ​យ៉ុ​ន​សេ ជា​អ្នក​ដើមកំណើត​នៅ​ទីក្រុង​ហ៊ូ​ស្តុ​ន​បាន​បង្ហោះ​រូបថត​ខ្លួនឯង​ជាច្រើន ដែល​បង្ហាញ នាង​ពាក់មួក​មាន​ពាក្យស្លោក​ថា “​បេ​តូ​សម្រាប់​ព្រឹទ្ធសភា​” និង​សារ​មួយ​សរសេរថា “​គ្រប់​សន្លឹកឆ្នោត​សុទ្ធតែ​សំខាន់​”​។​

​រា​ជនី​ចម្រៀង​ប៉ុប​រូបនេះ​បានសរសេរថា “​គ្រប់ការ​ប្រណាំងប្រជែង​គឺ​សំខាន់​។ យើង​មិនអាច​បញ្ចេញ​សំឡេង​អំពី​ការខកចិត្ត​របស់​យើង​និង​ត្អូញត្អែរ​អំពី​អ្វីដែល​ខុស​ប្រក្រតី​បានទេ បើ​គ្មាន​ការបោះឆ្នោត​និង​ការអនុវត្ត​អំណាច​របស់​យើង​ដើម្បី​ធ្វើឱ្យ​វា​ត្រឹមត្រូវ​ឡើងវិញ​។ ពួកយើង​ត្រូវការ​អ្នក​រាល់គ្នា​”​។​

​លោក​អូ​រូ​កេ ដែល​ធ្លាប់​បម្រើការ​ជា​សមាជិក​សភា​៣​សម័យ និង​ជា​អតីត​សមាជិក​ក្រុម​តន្ត្រី​មួយ បាន​ចូល Twitter ថ្លែងអំណរគុណ​ដល់​នាង​បេ​យ៉ុ​ន​សេ ដែល​កាលពីមុនៗ​បាន​ប្រើ​អំណាច​ជាតា​រា​របស់​នាង​ដើម្បី​គាំទ្រ​ដល់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេ​ក្ខ​នារី​ប្រធានាធិបតី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។​

​ការទទួលបាន​ការគាំទ្រ​ពី​តារា​ល្បី​នេះ​កើតឡើង ខណៈដែល​អ្នកបោះឆ្នោត​អាមេរិក​បាន​សម្រុក​ទៅ​ស្ថានីយបោះឆ្នោត​ដើម្បី​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដ៏​ក្តៅគគុក ដែល​គេ​បាន​មើលឃើញថា​ជាការ​ធ្វើតេស្ត​មួយ​លើ​តំណែង​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស់​របស់លោក​ដូ​ណា​ល់ ត្រាំ​៕ ដោយ៖ កញ្ញាដាលិស

នាង​បេ​យ៉ុ​ន​សេ
បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ​តិច​សា​ស់លោក បេ​តូ អូ​រូ​កេ