នាង​ប៉ារីស ហ៊ីល​ថុ​ន សុំទោស​ចំពោះ​សម្តី​មើលស្រាល​ស្ត្រី​រងគ្រោះ ដែល​ត្រាំ​បៀតបៀន​កេរ្តិ៍ខ្មាស់​

1057
ចែករម្លែក

​នាង​ប៉ារីស ហ៊ីល​ថុ​ន បាន​សុំ​អភ័យទោស​បន្ទាប់ពី​ទទួលរង​ប្រតិកម្ម​តប​ចំពោះ​សម្តី​របស់​នាង​ដែល​និយាយថា ស្ត្រី​ដែល​ចោទប្រកាន់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពីបទ “​បំពារបំពាន​ផ្លូវភេទ​” អំឡុងពេល​បោះឆ្នោត គ្រាន់តែ​ចង់បាន​ការចាប់អារម្មណ៍ និង​ទទួលបាន​ភាពល្បីល្បាញ​ប៉ុណ្ណោះ​។​

​តារាចម្រៀង​អាយុ ៣៦​ឆ្នាំ​រូបនេះ​បាន​ប្រាប់​វេ​ប​សាយ US Weekly នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់ពី​បទសម្ភាសន៍រ​បស់​នាង​ជាមួយ​ទស្សនា​វ​ដ្តី Marie Claire កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា “​ខ្ញុំ​ចង់​សុំទោស​ចំពោះ​ការអត្ថាធិប្បាយ​របស់ខ្ញុំ ពី​ការសម្ភាសន៍​មួយ ដែល​ខ្ញុំ​បានធ្វើ​កាលពី​ឆ្នាំមុន​”​។​

​នាង​ហ៊ីល​ថុ​ន​បាន​បន្ថែមថា “​សម្តី​ទាំងនោះ​គឺជា​ផ្នែក​មួយ​នៃ​រឿង​ធំ​ជាង​នេះហើយ​ខ្ញុំ​មានការ​សោកស្តាយ​ដែល​សម្តី​ទាំងនោះ​មិន​ត្រូវបាន​បញ្ជូន​ចេញ​តាមរបៀប​ដែល​ខ្ញុំ​ចង់បាន​។ ខ្ញុំ​បាន​និយាយ​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ​នៅក្នុង​ជីវិត​និង​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​កិត្តិនាម​នៅក្នុង​សង្គម​របស់​យើង​ហើយ​វា​មិនមែនជា​ចេតនា​របស់ខ្ញុំ​ទេ​ដើម្បី​យកសម្តី​ទាំង​នោះមក​អនុវត្ត​ខុស​បែបនេះ ជាង​មួយឆ្នាំ​មកនេះ​”​។​

​នាង​បន្តទៀតថា “​ខ្ញុំ​តែងតែ​ជឿជាក់​លើ​ការជួយ​ស្ត្រី​ឱ្យ​បញ្ចេញ​សំឡេង​ពួកគេ​និង​ជួយ​បង្កើត​បរិយាកាស​មួយ​ដែល​ស្ត្រី​មាន​អារម្មណ៍​ថា​មានអំណាច​និង​ជឿជាក់​លើ​ខ្លួនឯង ។ ខ្ញុំ​ពិតជា​ឈឺចាប់​ខ្លាំងណាស់​ចំពោះ​របៀប​ដែល​រឿងនេះ​បានកើត​ឡើង​ហើយក៏​មានការ​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​។ អំណឹះតទៅ ខ្ញុំ​នឹង​បន្តធ្វើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​ធ្វើជា​អ្នកតស៊ូ​មតិ​សម្រាប់​ក្មេងស្រី​និង​ស្ត្រី​ជាមួយ​ក្តី​សង្ឃឹមថានឹង​ផ្តល់​សំឡេង​កាន់តែខ្លាំង​ដល់​អ្នក​ដែល​ត្រូវការ​វា​យ៉ាងខ្លាំង​នោះ​”​។​

​នៅក្នុង​បទសម្ភាសន៍​នោះ នាង​ហ៊ីល​ថុ​ន​បានបញ្ជាក់​ថា​នាង​មិនដែល​បាន​បោះឆ្នោតឱ្យ​ត្រាំ​ទេ ទោះបីជា​របាយការណ៍​បាន​និយាយថា​មិន​ពិត​ក៏ដោយ​។ នាង​បាន​បន្ថែមថា នាង​គិតថា​ត្រាំ “​ជា​មនុស្ស​ល្អ​ខ្លាំងណាស់ គួរឱ្យ​គោរព និង​ផ្អែមល្ហែម​” ហើយ​ថា​នាង​មិន​ជឿ នារី ដែល​កំពុង​ចោទប្រកាន់​បេក្ខជន ត្រាំ ពីបទ​បំពារបំពាន​ផ្លូវភេទ​នោះទេ​។​

​ហ៊ីលតុន​បាន​បកស្រាយ​ថា “​ខ្ញុំ​គិតថា​ពួកគេ​គ្រាន់តែ​ព្យាយាម​ទទួលបាន​ការចាប់អារម្មណ៍​និង​ទទួលបាន​ភាពល្បីល្បាញ​ប៉ុណ្ណោះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មនុស្ស​ជាច្រើន​នៅពេល​ដែលមាន​អ្វីមួយ​កើតឡើង ឱកាស​ទាំងអស់នេះ​នឹង​ចេញមក​ហើយ​។ ពួកគេ​ចង់បាន​លុយ​ឬ​ទទួលបាន​ប្រាក់​ឈ្នួល ជា​ថ្នូរ​នឹង​ការមិន​និយាយ​អ្វីមួយ​ឬ​ដោះស្រាយ​បញ្ហា នៅពេលដែល​គ្មានអ្វី​កើតឡើង​សោះ​នោះ​។ ដូច្នេះ​ខ្ញុំ​មិន​ជឿ​អ្វីៗ​ទាំងអស់នេះ​ទេ​”​។​

​ដោយ​កត់សម្គាល់ថា​ត្រាំ​គឺជា​អ្នកជំនួញ​ដ៏​ជោគជ័យ​នោះ នាង​ហ៊ីល​ថុ​ន​បាន​បន្ថែមថា “​ខ្ញុំ​ប្រាកដថា​ពួកគេ​ព្យាយាម​នៅ​ជាមួយ​គាត់​។ ពីព្រោះ​ខ្ញុំ​បានឃើញ​ស្ត្រី​ជាច្រើន​ចូលចិត្ត​គាត់​ព្រោះ​គាត់​មានទ្រព្យ​សម្បត្ដិ​ហើយ​គាត់​មាន​មន្ត​ស្នេហ៍​និង​មាន​រូបរាង​សង្ហា​ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​នារី​ទាំងនេះ​គ្រាន់តែ​ប្រឌិត​រឿង​តែប៉ុណ្ណោះ​”៕ ដោយ៖ កញ្ញាដាលីស

នាង ប៉ារីស ហ៊ីល​ថុ​ន