នាង​រី​ហា​ណា​ត្រូវបាន​ប្រកាស​ជា​តារាចម្រៀង​ស្រី​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​

623
ចែករម្លែក

​ក្នុងនាម​ជា​តារាចម្រៀង សហគ្រិន​គ្រឿងសម្អាង អ្នកចេញ​ម៉ូត​ខោអាវ​ទ្រនាប់ និង​ឥឡូវ​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​ដឹកនាំ​ក្រុមហ៊ុន​សម្លៀកបំពាក់​ប្រណីត​លំដាប់​កំពូល​មួយ នាង​រី​ហា​ណា​បាន​រកប្រាក់​ចំណូល​ចំនួន ៦០០ លាន​ដុល្លារ​ដើម្បី​ក្លាយទៅជា​តារាចម្រៀង​ស្រី​ដែលមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​ទស្សនា​វ​ដ្តី Forbes និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​។​

​តារាចម្រៀង​អាយុ​៣១​ឆ្នាំ​កើត​នៅ​បា​បា​ដូ​សរូប​នេះ​បាន​បង្កើត​ទ្រព្យសម្បត្តិ​បាន​ច្រើនជាង​នាង​ម៉ា​ដូ​ណា (៥៧០ លាន​ដុល្លារ​) នាង​សេ​លីន ដាយ​អន (៤៥០ លាន​ដុល្លារ​) និង​នាង​បេ​យ៉ុ​ន​សេ (៤០០ លាន​ដុល្លារ​) ដែល​ប្តី​របស់​នាង​ឈ្មោះ ជេ ហ្ស៊ី ត្រូវបាន​ប្រកាស​ឈ្មោះថា​ជា​តារាចម្រៀង​រ៉ែ​ប​មាន​លុយ​ពាន់​លាន​ដុល្លារ​ដំបូង​គេ​នៅលើ​ពិភពលោក​។​

​ចាប់តាំងពី​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ក្នុង​ឆ្នាំ​២០០៣​មក នាង​បាន​យក​ភាពជោគជ័យ​លើ​វិស័យ​តន្ត្រី​របស់​នាង​ទៅ​កើប​មាសប្រាក់​លើ​វិស័យ​ជំនួញ​ថែមទៀត ដោយ​នាង​បានចាប់ផ្ដើម​បើក​ក្រុមហ៊ុន​គ្រឿងសម្អាង​ឈ្មោះ Fenty Beauty ដែល​គ្រប់គ្រង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន LVMH ដ៏​ល្បីល្បាញ​របស់​បារាំង​នៅ​ខែកញ្ញា​ឆ្នាំ ២០១៧ និង ជាមួយ​ក្រុមហ៊ុន Sephora ។​

​ក្រុមហ៊ុន​នេះ​បានទទួល​ភាពជោគជ័យ​ដោយសារតែ​ភាពល្បីល្បាញ​របស់​នាង​រី​ហា​ណា​ទាំង​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​និង​នៅក្រៅ​អ៊ី​ន​ធឺ​ណេ​ត ជាមួយនឹង​ចំណូល ៥៧០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន បន្ទាប់ពី​បើក​អាជីវកម្ម​បានតែ ១៥ ខែ​ប៉ុណ្ណោះ​។​

​យោងតាម​ទស្សនា​វ​ដ្តី Forbes បានឱ្យដឹងថា ភាគច្រើន​នៃ​ប្រាក់ចំណូល​របស់​នាង​គឺ​បានមកពី​ការប្រគំ​តន្ត្រី​ទេសចរណ៍​និង​ការចេញ​អាល់​ប៊ុ​ម​ថ្មីៗ ប៉ុន្តែ​ក៏​ទទួលបាន​ពី​ក្រុមហ៊ុន​សម្លៀកបំពាក់ Savage X Fenty ដែល​នាង​ជា​សហ​ម្ចាស់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាង​រី​ហា​ណា​ជា​តារាចម្រៀង​ស្រី​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក