នាង​សេ​ឡេ​ណា ហ្គោ​ម៉េ​ស រកឃើញ​ម៉ូយ​ទិញ​ផ្ទះ​របស់​នាង​នៅ​រដ្ឋ​តិច​សាស​

393

​នៅ​ទីបំផុត អ្នកទិញ​ផ្ទះ​ម្នាក់ “​បាន​ចេញមក​ទិញយក​ផ្ទះ​នេះហើយ​”​។​

​តារាចម្រៀង​ប៉ុប សេ​ឡេ​ណា ហ្គោ​ម៉េ​ស បាន​រកឃើញ​អ្នកទិញ​ជា​ផ្លូវការ​សម្រាប់​គេហដ្ឋាន​របស់​នាង​នៅ​រដ្ឋ​តិច​សាស​នៅក្រៅ​ក្រុង​ដា​ឡាស​។ ផ្ទះថ្ម​ធំ​ស្កឹមស្កៃ​នៅក្នុង​សហគមន៍​ព័ទ្ធរបង​ជិត ម៉​ង់​សឺ​រ៉ា​ត (Montserrat) ដែលមាន​តម្លៃ ២,៧ លាន​ដុល្លារ​នេះ មាន​ម៉ូយ​ចូល​ចែចូវ​នៅ​សប្តាហ៍​នេះ​។ នេះ​បើ​យោងតាម​តារាងបញ្ជី​អចលនទ្រព្យ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​ធ្នូ​។​

​តារាចម្រៀង​និង​តារា​សម្តែង​វ័យ ២៦ ឆ្នាំ​រូបនេះ​បានដាក់​លក់​ផ្ទះ​នៅ​ទីក្រុង​ហ្វ​ត​ហ្វ​ស់ (Fort Worth) អស់​រយៈពេល​ជាង ២ ឆ្នាំ​មកហើយ​។​

​តម្លៃ​លក់​ចុងក្រោយ​នឹងមិន​ត្រូវ​បានដឹង​ទេ​រហូតដល់​សម្រេច​កិច្ចព្រមព្រៀង​ទិញ​លក់ ប៉ុន្តែ​រហូតមកទល់​ពេលនេះ នាង​ត្រូវតែ​បញ្ចុះតម្លៃ​ជិត ៨០០.០០០ ដុល្លារ​។ តារាចម្រៀង​ដើមកំណើត​នៅ​រដ្ឋ​តិច​សាស​រូបនេះ​បាន​ចុះបញ្ជី​ផ្ទះ​របស់​នាង​ដំបូង​ក្នុងតម្លៃ ៣,៥ លាន​ដុល្លារ​នៅ​ខែសីហា​ឆ្នាំ ២០១៦ បន្ទាប់ពី​ទិញ​ផ្ទះ​នេះ​មិនទាន់បាន​១​ឆ្នាំ​ផង​នោះ​។​

​ភូមិគ្រឹះ ដែលមាន​បន្ទប់​គេង​ធំៗ​៥​នេះ​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ ២០០៥ និង​ស្ថិតនៅ​ចំ​មាត់​ផ្លូវ​យានយន្ត​បើកបរ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

ផ្ទះ​របស់​ហ្គោ​ម៉េ​ស​ទីបំផុត​រកឃើញ​ម៉ូយ​ចង់​ទិញ​ហើយ