នាង​ហ្គ្រេ​តា ថា​ន់​បឺ​ក បដិសេធ​មិន​ទទួល​ប្រាក់រង្វាន់​បរិស្ថាន​ជាង​៥​ម៉ឺន​ដុល្លារ ដោយ​ចង់បាន​ត្រឹម​ឱ្យ​ពួក​អ្នកនយោបាយ​ស្តាប់​ខាង​វិទ្យាសាស្ត្រ​ប៉ុណ្ណោះ​

217
ចែករម្លែក

​សកម្មជន​អាកាសធាតុ​វ័យ​ជំទង់​នាង ហ្គ្រេ​តា ថា​ន់​បឺ​ក បាន​បដិសេធ​មិន​ទទួលយក​រង្វាន់​បរិស្ថាន ៤០.០០០ ផោន (​ប្រហែល ៥២.០០០ ដុល្លារ​) ដោយ​និយាយថា យុទ្ធនាការ​ដើម្បី​អាកាសធាតុ​ត្រូវការ​មនុស្ស​មានអំណាច​ចាប់ផ្តើម​ស្តាប់​ខាង “​វិទ្យាសាស្ត្រ​” មិនមែន​លុយ​រង្វាន់​ទេ​។​

​ក្មេងស្រី​អាយុ ១៦ ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ត្រូវបាន​ផ្តល់ប្រាក់​រង្វាន់​ដោយ​អង្គការ​ក្រុមប្រឹក្សា​ន័​រ​ឌី​ក (Nordic) ក្នុង​អវត្តមាន​របស់​នាង​នៅក្នុង​ពិធី​មួយ​នៅ​រដ្ឋធានី​ស្តុក​ខុល​របស់​ស៊ុយអែត​។​

​នាង​ថា​ន់​បឺ​ក​ត្រូវបានតែងតាំង​សម្រាប់​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង​ដោយ​ប្រទេស​ស៊ុយអែត​និង​ន័​រ​វែ​ស​និង​បានឈ្នះ​ពានរង្វាន់​បរិស្ថាន​ប្រចាំឆ្នាំ​របស់​អង្គការ​នេះ​។​

​ទីភ្នាក់ងារសារព័ត៌មាន TT បាន​រាយការណ៍​ថា ប៉ុន្តែ​បន្ទាប់ពី​រង្វាន់​នេះ​ត្រូវ​បានប្រកាស អ្នកតំណាង​របស់​នាង​បាន​ប្រាប់​ទស្សនិកជន​ថា នាង​នឹងមិន​ទទួលយកពាន​ឬ​សាច់ប្រាក់​រង្វាន់ ៣៥០.០០០ ក្រូ​នឺ​ដា​ណឺ​ម៉ាក (​ប្រហែល ៥២.០០០ ដុល្លារ​) នោះទេ​។​

​នាង​បាន​និយាយ​អំពី​ការសម្រេចចិត្ត​នេះ​នៅក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram ពី​សហរដ្ឋ​អាម៉េរិក​។​

​នាង​បានសរសេរថា “​ចលនា​អាកាសធាតុ​មិន​ត្រូវការ​រង្វាន់​នោះទេ​។ អ្វីដែល​យើង​ត្រូវការ​គឺ​ឱ្យ​អ្នកនយោបាយ​របស់​យើង​និង​មនុស្ស​មានអំណាច​ចាប់ផ្តើម​ស្តាប់​នូវ​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​ដោយ​យកចិត្តទុកដាក់​បំផុត​”​។​

​ខណៈ​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​ក្រុមប្រឹក្សា​ន័​រ​ឌី​ក​ចំពោះ “​កិត្តិយស​ដ៏​ធំធេង​នេះ​” នាង​ក៏បាន​រិះគន់​ដល់​បណ្តា​ប្រទេស​នៅ​ក្រុមប្រឹក្សា​ន័​រ​ឌី​ក​ផងដែរ ដែល​មិនអាច​បំពេញបាន​នូវ “​កេរ្តិ៍ឈ្មោះ​អស្ចារ្យ​” របស់​ពួកគេ​ចំពោះ​បញ្ហា​អាកាសធាតុ​។​

​នាង​ថា​ន់​បឺ​ក​និយាយថា “​មិនដែល​ខ្វះ​ទេ​អា​រឿង​អួតអាង​អំពី​ការការពារ​បរិស្ថាន​។ មិនដែល​ខ្វះ​ទេ​អា​ពាក្យ​ល្អៗ​។ ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការ​បំ​ភាយ​ឧស្ម័ន​ជាក់ស្តែង​និង​វិស័យ​អេកូឡូស៊ី​របស់​យើង​សម្រាប់​មនុស្ស​ម្នាក់ៗ ពេលនោះ​វា​ជា​រឿង​មួយ​ផ្សេង​”​។​

​នាង​បាន​បន្ត​រិះគន់​ខ្លាំងៗ​ដល់​បណ្តា​ប្រទេស​ន័​រ​ឌី​ក​ចំពោះ​កំណត់ត្រា​លើ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​គ្រោះថ្នាក់​។ នាង​បានសរសេរថា “​នៅ​ស៊ុយអែត យើង​រស់នៅ​ហាក់បីដូច​យើង​កំពុងមាន​ភព​៤ យោងតាម​អង្គការ WWF និង អង្គការ​បណ្តាញ​ដានជើង​សកលលោក​។ ហើយ​រឿង​ដូច្នេះ​ក៏​កើតមាន​ចំពោះ​តំបន់​ន័​រ​ឌី​ក​ទាំងមូល​ដែរ​។ ជាក់ស្តែង​ក្នុងប្រទេស​ន័​រ​វែ​ស រដ្ឋាភិបាល​ថ្មីៗ​នេះ​បានផ្តល់​ការអនុញ្ញាត​យ៉ាងច្រើន​សម្បើម​ដើម្បី​ស្វែងរក​ឧស្ម័ន​និង​ប្រេង​ថ្មីៗ​។ យើង​ជា​កម្មសិទ្ធិ​របស់​បណ្តា​ប្រទេស​ដែលមាន​លទ្ធភាព​ខ្ពស់​ដើម្បី​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​បរិស្ថាន​។ ប៉ុន្តែ​ប្រទេស​ទាំងនេះ​នៅតែ​អត់​ធ្វើ​អ្វី​ទាល់តែសោះ​។ ដូច្នេះ​ដរាបណា​អ្នក​ចាប់​ផ្តើមធ្វើ​សកម្មភាព​ស្របតាម​អ្វីដែល​វិទ្យាសាស្ត្រ​និយាយថា​ចាំបាច់​ត្រូវ​កំណត់​ការកើនឡើង​សីតុណ្ហភាព​សកលលោក​ឱ្យនៅ​ក្រោម ១,៥ អង្សា​ឬ ២​អង្សា ដូច្នេះ​ខ្ញុំ និង យុទ្ធនាការ​ថ្ងៃ​សុក្រ​សម្រាប់​អនាគត​ក្នុងប្រទេស​ស៊ុយអែត សូម​ជ្រើសរើស​មិន​ទទួលយក​ពានរង្វាន់​ឬ​លុយ​រង្វាន់​បរិស្ថាន​របស់​ក្រុមប្រឹក្សា​ន័​រ​ឌី​ក​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

សកម្មជន​អាកាសធាតុ​វ័យ​ជំទង់​នាង ហ្គ្រេ​តា ថា​ន់​បឺ​ក