នាង​អ៊ី​វ៉ាន់​កា ត្រាំ រង​ការរិះគន់​ពី​ក្រុម​អ្នកឃ្លាំមើល​ក្រមសីលធម៌ បន្ទាប់ពី​ចិន​អនុម័ត​ទទួលស្គាល់​ម៉ាក​សញ្ញា​ផលិតផល​របស់​នាង​

477
ចែករម្លែក

​កូនស្រី​ទី​១​របស់​អាមេរិក​និង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី នាង អ៊ី​វ៉ាន់​កា ត្រាំ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ក្រមសីលធម៌ បន្ទាប់ពី​នាង​បានទទួល​បាន​នូវ​ការយល់ព្រម​ពី​ស្ថាប័ន​ទទួលស្គាល់​ម៉ាក​សញ្ញា​ពាណិជ្ជ​របស់​ចិន​សម្រាប់​ម៉ាក​ផលិតផល​របស់​នាង ចំពេល​ដែល​ឪពុក​របស់​នាង​កំពុង​ដឹកនាំ​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​ក្រុមហ៊ុន​សម្លៀកបំពាក់ Ivanka Trump Marks LLC បានទទួល​ការអនុម័ត​ជំហាន​ដំបូង​សម្រាប់​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​ថ្មី​ចំនួន ១៦ កាលពី​ខែតុលា​។ នេះ​បើ​យោងតាម​ស្ថាប័ន​ពលរដ្ឋ​សម្រាប់​ទំនួល​ខុសត្រូវ​និង​ក្រមសីលធម៌​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដែល​កាលពី​ថ្ងៃ​ចន្ទ​បានចេញ​ផ្សាយ​ឯកសារ​អំពី​បញ្ហា​នេះ ហើយ​បាន​និយាយថា ការឯកភាព​ទទួលស្គាល់​ម៉ាក​សញ្ញា​របស់​នាង បានលើកឡើង​នូវ​សំណួរ​ជាច្រើន​។​

​នាង​អ៊ី​វ៉ាន់​កា ត្រាំ និង​ស្វាមី​របស់​នាង​ឈ្មោះ ចា​រ៉េត គូ​ស្ន័​រ ទាំងពីរ​នាក់​នេះ​គឺ​បម្រើការ​ជាទី​ប្រឹក្សា​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ហើយ​វា​មិនមែនជា​លើក​ទី​១​ទេ ដែល​ការព្រួយបារម្ភ​អំពី​ទំនាស់​ផលប្រយោជន៍​ដែល​អាច​កើតមានឡើង​ជាមួយនឹង​អាជីវកម្ម​របស់​នាង ត្រូវបាន​លើក​ឡើងជា​សំណួរ​។​

​លោក​ត្រាំ​ក៏​ប្រឈម​នឹង​ការរិះគន់​ផងដែរ​ចំពោះ​ការខកខាន​ក្នុង​ការលះបង់​ទាំងស្រុង​ពី​អាជីវកម្ម​របស់គាត់​។​

​លោកស្រី ខា​រ៉ូ​លីន ចាង អ្នកគ្រប់គ្រង​បណ្តាញ​សង្គម​សម្រាប់​អង្គ​ការមិន​រកប្រាក់​កម្រៃ​មួយ​បាន​និយាយថា “​ដោយសារ​នាង​បាន​ទទួលបាន​សិទ្ធិ​ទទួលស្គាល់​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​នៅ​បរទេស សាធារណជន​នឹង​បន្ត​សួរថា​តើ​លោក​ប្រធានាធិបតី​ត្រាំ​បានធ្វើការ​សម្រេចចិត្ត​ខាង​គោលនយោបាយ​ការបរទេស​ដើម្បី​តែ​ផលប្រយោជន៍​អាជីវកម្ម​របស់គាត់​និង​គ្រួសារ​របស់គាត់​ឬ​យ៉ាងណា​”​។​

​យោងតាម​ឯកសារ​ទទួលស្គាល់​នោះ ម៉ាក​សញ្ញា​ពាណិជ្ជ​ដែល​បានទទួល​ស្គាល់​គឺ​គ្របដណ្តប់​លើ​ទំនិញ​ដូចជា​កាបូប ឆត្រ មួក​ការពារ​សក់​សម្រាប់​ងូតទឹក​ផ្កាឈូក និង​ឈុត​ហែល​ទឹក​។​

​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​នោះ​ត្រូវ​បានដាក់​ពាក្យសុំ​កាលពី​ឆ្នាំ ២០១៦ មុនពេល​ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់លោក​ត្រាំ និង “​មុនពេល​” ដែល​នាង​អ៊ី​វ៉ាន់​កា ត្រាំ ចូលរួម​ក្នុង​រដ្ឋបាល​ត្រាំ​ទៅទៀត​។ នេះ​បើ​យោងតាម​សម្តី​របស់លោក ភី​ត​ធឺ មី​រី​ចា​នៀ​ន អ្នកនាំពាក្យ​របស់លោក អាប់​បេ ឡូ​វែ​ល (Abbe Lowell) មេធាវី​ក្រមសីលធម៌​របស់​នាង​អ៊ី​វ៉ាន់​កា ត្រាំ​។​

​លោក​មី​រី​ចា​នៀ​ន​បាន​និយាយថា “​ម៉ាក​សញ្ញា​ពាណិជ្ជ​ទាំងនេះ​ត្រូវបាន​ស្វះស្វែង​សុំ​ដើម្បី​ការពារ​ឈ្មោះ​របស់លោក​ស្រី​ត្រាំ និង​ដើម្បី​រារាំង​អ្នកផ្សេង​ពី​ការ​លួចឈ្មោះ​របស់​នាង និង​ប្រើប្រាស់​វា​ដើម្បី​លក់​ផលិតផល​របស់​ពួកគេ​”​។ លោក​បាន​ហៅ​វា​ថា​ជា “​ការអនុវត្ត​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​ទូទៅ​”​។

​ទោះយ៉ាងណា ពេលវេលា​នៃ​ការសម្រេចចិត្ត​របស់​ប៉េកាំង​ក្នុងការ​ផ្តល់​សិទ្ធិ​ទទួលស្គាល់​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម​របស់​នាង បានលើកឡើង​នូវ​សំណួរ​ជាច្រើន​។ លោក​ត្រាំ​បាន​វាយ​ពន្ធ​លើ​ទំនិញ​នាំចូល​របស់​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ ហើយ​អត្រាពន្ធ​នេះ​គ្រោង​នឹង​កើនឡើង​ថែមទៀត​នៅ​ថ្ងៃទី ១ ខែមករា​។​

​លោក​ប្រធានាធិបតី​ត្រាំ​បានជ្រើសរើស​ប្រើ​នូវ​វិធីសាស្ត្រ Jekyll និង Hyde ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប៉េកាំង ដែល​ជួនកាល​រិះគន់​ខ្លាំងៗ​ចំពោះ​ចិន​ដែល​បាន​ទាញយក​ផលប្រយោជន៍​ពី​សហរដ្ឋអាមេរិក និង​ជួនកាល​និយាយ​យ៉ាង​កក់ក្តៅ​អំពី​ទំនាក់ទំនង​មិត្តភាព​របស់លោក​ជាមួយ​មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង​។​

​ក្រុម​អ្នកឃ្លាំមើល​ក្រមសីលធម៌​បាន​រិះគន់​លោក​ត្រាំ​ម្តង​ហើយ​ម្តងទៀត​អំពី​ការបន្ត​ទំនាក់ទំនង​របស់គាត់​ជាមួយ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់គាត់​។​

​កាលពី​សប្តាហ៍​មុន ចៅក្រម​អាមេរិក​នៅ​រដ្ឋ​ម៉ា​រី​លែ​ន​បាន​ច្រានចោល​ការប៉ុនប៉ង​រប​ស់លោក​ត្រាំ​ដើម្បី​បញ្ឈប់​ការស៊ើបអង្កេត​នៅក្នុង​ករណី​មួយ​អំពី​ថា​តើ​ផលប្រយោជន៍​របស់​ត្រាំ​នៅក្នុង​សណ្ឋាគារ Trump International Hotels Washington គឺ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​ដែល​ហាមឃាត់​ការបង់ប្រាក់​ដល់​មន្ត្រី​មកពី​រដ្ឋាភិបាល​បរទេស​ឬ​រដ្ឋ ដែរ​ឬ​អត់​៕ ដោយ៖ កញ្ញាដាលីស

នាង អ៊ី​វ៉ាន់​កា ត្រាំ កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ក្រមសីលធម៌ បន្ទាប់ពី​នាង​បានទទួល​បាន​នូវ​ការយល់ព្រម​ពី​ស្ថាប័ន​ទទួលស្គាល់​ម៉ាក​សញ្ញា​ពាណិជ្ជ​របស់​ចិន​សម្រាប់​ម៉ាក​ផលិតផល​របស់​នាង