នាង គីម កា​ដា​សៀន ឡើង​ឆាក​ជាមួយ​ប្រធានាធិបតី​ត្រាំ​នៅ​សេត​វិមាន និយាយ​អំពី​បញ្ហា​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ​

518
ចែករម្លែក

នាង គីម កា​ដា​សៀន វេស បាន​វិលត្រឡប់​ទៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មិថុនា​ដើម្បី​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ជន​ដែល​ចេញពី​គុក​ត្រឡប់​ទៅរក​កម្លាំង​ពលកម្ម​ឡើងវិញ​។​

​តារា​កម្មវិធី​ទូរទស្សន៍​និង​ជា​សកម្មជន​រូបនេះ​បាន​តស៊ូ​មតិ​ដើម្បី​ដោះស្រាយ​បញ្ហា​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ ហើយ​បាន​បង្ហោះ​វី​ឌី​អូ​នាង​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​នាង​ត្រូវបាន​អរគុណ​ដោយ​លោក​ប្រធានាធិបតី​ចំពោះ​ការមកដល់​របស់​នាង ហើយ​បាន​អង្គុយ​នៅ​ជួរមុខ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ជាមួយ​នាង​អ៊ី​វ៉ាន់​កា ត្រាំ និង ស្វាមី ចា​រ៉េត គូ​ស្ន័​រ របស់​នាង​។​

​តារា​ល្បី​នៃ​កម្មវិធី Keeping Up With The Kardashians រូបនេះ​បន្ទាប់មក​បាន​ឡើង​ឆាក​ដើម្បី​ប្រកាស​ពី​ភាពជា​ដៃគូ​នៃ​ការ​ជិះ​យានយន្ត​រួមគ្នា ពោលគឺ​អតីត​អ្នកទោស​នឹងត្រូវ​ផ្តល់​កាត​កាដូ​មួយ​ដើម្បី​ពួកគេ​អាច​ជិះ​ទៅវិញទៅមក​ពី​កន្លែង​សម្ភាសន៍​ការងារ​។​

​ឡើង​ឆាក​ជាមួយនឹង​លោក​ប្រធានាធិបតី​ត្រាំ នាង​គីម​បាន​និយាយថា វា​គឺជា “​កិត្តិយស​ដ៏​ធំធេង​” ដែល​បានមក​សេត​វិមាន មុនពេល​ថ្លែងអំណរគុណ​ដល់​លោក​ប្រធានាធិបតី​ចំពោះ “​ការអាណិតអាសូរ​” និង ការជួយជ្រោមជ្រែង​រប​ស់គា​ត់​។​

​នាង​បាន​បន្ថែមថា “​ការដែល​មើលឃើញ​វាទ​ទួលបាន​ផ្លែផ្កា គឺ​ពិតជា​អភិនីហា​ណាស់​”​។​

​នាង​កា​ដា​សៀន​បាន​ទៅ​សេត​វិមាន​ជាច្រើនលើក​ដើម្បី​ពិភាក្សា​ពី​បញ្ហា​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ ហើយ​បាន​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដោយ​ជោគជ័យ​ដើម្បី​លើកលែងទោស​ដល់​លោកស្រី អា​លី​ស ម៉ា​រី ច​ន​សុន ដែល​ជាប់គុក​អស់​មួយជីវិត​ទាក់ទិន​នឹង​បទល្មើស​គ្រឿងញៀន​។​

​មន្ត្រី​សេត​វិមាន​បាននិងកំពុង​ធ្វើការ​ដើម្បី​ធានាថា អ្នកទោស ដែល​ត្រូវបាន​ដោះលែង​នៅ​ដើម​ឆ្នាំនេះ​ដោយសារតែ​ការអនុម័ត​ច្បាប់​លើកលែងទោស នឹងមាន​ឧបករណ៍​ចាំបាច់​និង​ការងារ​ដែល​ពួកគេ​ត្រូវការ​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ជីវិត​នៅ​ខាងក្រៅ​ពន្ធនាគារ​។​

​យោងតាម​របាយការណ៍​ថ្មីៗ​របស់​គណៈកម្មការ​ស​វនា​ការ​អាម៉េរិក​បាន​ឱ្យដឹងថា មាន​អ្នកទោស​ជាង​១.០០០​នាក់​ត្រូវបាន​បន្ធូរ​បន្ថយទោស​ដោយសារតែ​ច្បាប់​នេះ​៕ ដោយ៖ កញ្ញាដាលីស

នាង​គីម កា​ដា​សៀន​ឡើង​និយាយ​អំពី​បញ្ហា​កំណែទម្រង់​យុត្តិធម៌​ព្រហ្មទណ្ឌ​ជាមួយ​ប្រធានាធិបតី​ត្រាំ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍