នាង ជែ​នី​ហ្វើ ឡូ​រិ​ន និយាយថា មាតា​ធម្មជាតិ​កំពុង​សងសឹក ដូ​ណា​ល់ ត្រាំ ដែល​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​

422

​ជ័យលាភី​ពានរង្វាន់​អូ​ស្ការ នាង​ជែ​ន​នី​ហ្វើ ឡូ​រិ​ន កំពុង​ប្រឈមមុខ​នឹង​ប្រតិកម្ម​តប​វិញ បន្ទាប់ពី​នាង​លើកឡើងថា ព្យុះសង្ឃរា​ដ៏​សាហាវ​ដែល​វាយប្រហារ​សហរដ្ឋ​អាមេរិក គឺជា “​កំហឹង​របស់​មាតា​ធម្ម​ជាតិ​” ប្រឆាំងនឹង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​អ្នកគាំទ្រ​របស់គាត់​។​

​បន្ទាប់ពី​ទីក្រុង​ហូ​ស្តុ​ន​បាន​ទទួលរង​នូវ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ពី​ព្យុះ​ហា​វី និង​ក្រុង​ម៉ា​យ​អា​មី កំពុង​ត្រៀមខ្លួន​ប្រឈមមុខ​នឹង​ការវាយប្រហារ​ដោយផ្ទាល់​ពី​ព្យុះ​អៀ​ម៉ា តារា​ស្រី​និយាយ​រិះគន់​មិន​សំចៃមាត់​វ័យ ២៧ ឆ្នាំ​រូបនេះ​ហាក់ដូចជា​បន្ទោស​គ្រោះមហន្តរាយធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​នេះ​ទៅលើ​អ្នកបោះឆ្នោត​ដែលមាន​ការសង្ស័យ​ចំពោះ​ការឡើង​កម្តៅ​ផែនដី​។​

​នាង​ឡូ​រិ​ន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Channel 4 របស់​ចក្រភព​អង់គ្លេស​ដើម្បី​ផ្សព្វផ្សាយ​រឿង Mother! របស់​នាង​យ៉ាង​ដូច្នេះ “​វា​គួរឱ្យ​ភ័យខ្លាច​ណាស់​ដែល​ដឹងថា ការប្រែប្រួល​អាកាសធាតុ​គឺ​ដោយសារតែ​សកម្មភាព​របស់​មនុស្ស ហើយ​យើង​បន្ត​មិន​អើពើ​នឹង​វា ហើយ​សំឡេង​តែមួយគត់​ដែល​យើង​មាន គឺ​តាមរយៈ​ការបោះឆ្នោត​”​។

​អ្នក​សម្ភាសន៍​បាន​រំលឹក​តារា​រូបនេះ​ថា​ពលរដ្ឋ​អាមេរិក​បាន​ទៅ​បោះឆ្នោត​ទើប​តែមួយ​ឆ្នាំមុន​ប៉ុណ្ណោះ ហើយ​បានជ្រើសរើស​យក​លោក​ត្រាំ តែ​ត្រូវ​នាង​ឡូ​រិ​ន​ឆ្លើយតប​ថា “​ហើយ​យើង​បាន​បោះឆ្នោត វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​”​។​

​បន្ទាប់មក​នាង​ឡូ​រិ​ន​និយាយ​បញ្ឆិតបញ្ឆៀង​ថា ខ្យល់ព្យុះ​កំណាច​វាយប្រហា​រលើ​សហរដ្ឋអាមេរិក​ដោយសារតែ​អ្នកបោះឆ្នោត​ដែល​ជំទាស់​នឹង​កិច្ចព្រមព្រៀង​អាកាសធាតុ បានជ្រើសរើស​លោក​មហា​សេដ្ឋី​។​

​នាង​និយាយទៀតថា “​អ្នកដឹង​ទេ អ្នក​កំពុង​គយគន់​ព្យុះសង្ឃរា​ហើយ​ឥឡូវនេះ ហើយ​វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ផ្សព្វផ្សាយ​ខ្សែភាពយន្ត​នេះ ដើម្បី​កុំឱ្យ​មាន​អារម្មណ៍​ថា មាតា​ធម្មជាតិ​កំពុងមាន​កំហឹង​”​។​

​ប្រតិកម្ម​ដែល​នាង​ឡូ​រិ​ន​ទទួលបាន​ពីបទ​សម្ភាសន៍​នេះ​គឺ​ពិតជា​ធ្ងន់ធ្ងរ​។​

​ស្ត្រី​ម្នាក់​បាន​សរសេរ​លើ​ធ្វី​ត​ធើ យ៉ាង​ដូច្នេះ “​ធ្វើពហិកា​ភាពយន្ត Mother! របស់​នាង ជែ​ន​នី​ហ្វើ ឡូ​រិ​ន​។ ទុកឱ្យ​ភាពយន្ត​នេះ​លិច​ដូច​ដុំថ្ម​បាតសមុទ្រ​”​។​

​ស្ត្រី​ម្នាក់ទៀត​និយាយថា “​ខ្ញុំ​ជា​កងទ័ព​ត្រាំ សូម​អំពាវនាវ​ធ្វើពហិកា​ភាពយន្ត​របស់​នាង​”៕ ដោយ៖ កញ្ញាដាលីស

នាង​ជែ​ន​នី​ហ្វើ ឡូ​រិ​ន បន្ទោស​ការវាយប្រហារ​របស់​ព្យុះ​ហា​វី ទៅលើ​ដូ​ណា​ល់ ត្រាំ