នាង លី បូ​យ៉ង់ ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​នៅ​ពិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​អន្តរជាតិ​ក្រុង​សេ​អ៊ូ​ល​ឆ្នាំ​២០១៨

995
ចែករម្លែក

​នាង លី បូ​យ៉ង់ (Lee Bo-young) វ័យ ៣៩ ឆ្នាំ​បានឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​សម្រាប់​តួ​សម្តែង​របស់​នាង​ក្នុង​រឿង “Mother” នៅ​ពិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​អន្តរជាតិ​ក្រុង​សេ​អ៊ូ​ល​លើក​ទី​១៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​មហោស្រព​របស់​ទូរ​ទស្សន៍ KBS កាលពី​ថ្ងៃ​ចន្ទ ទី​៣ កញ្ញា​។​

​នាង​បាន​ដើរតួ​ជា​ស្ត្រី​ម្នាក់​ដែល​ព្យាយាម​ជួយសង្គ្រោះ​ក្មេងស្រី​ម្នាក់​ពី​កណ្តាប់ដៃ​ម្ដាយបង្កើត​ដ៏​ហិង្សា​របស់​នាង​នៅក្នុង​រឿង​ភាគ​នេះ ដែល​បានឈ្នះ​ពានរង្វាន់​ភាពយន្ត​ភាគ​ខ្នាតតូច​ល្អ​ដាច់​គេ​ផងដែរ​។​

​ទន្ទឹមនឹង​នេះដែរ លោក ផាក សូ​ជុន (Park Seo Joon) និង នាង ស៊ុន យ៉េ​ជីន (Son Ye Jin) បានឈ្នះ​ពានរង្វាន់​តារា​សម្តែង​ប្រុស​ល្អ​ដាច់​គេ និង​តារា​សម្តែង​ស្រី​ល្អ​ប​ដាច់​គេ​សម្រាប់​ខ្សែភាពយន្ត​ភាគ​កូរ៉េ​ផងដែរ​។​

​រឿង​ភាគ “While you were sleeping” រឿង “Fight my way” និង​រឿង “Something in the rain” ក៏​ទទួលបាន​ពានរង្វាន់​នៅក្នុង​ប្រភេទ​មិន​ប្រកួតប្រជែង​ផងដែរ ដែល​គេ​បង្កើតឡើង​ដើម្បី​ទទួលស្គាល់​ខ្សែភាពយន្ត​កូរ៉េ​ដ៏​លេចធ្លោ​។​

​កម្មវិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត ដែលមាន​ពិធីករ លោក ជុន យុន មូ (Jun Hyun Moo) និង ពិធី​ការិនី ស៊ូ​យ៉ង់ (Sooyoung) របស់​ក្រុម Girls’Generation បានទទួល​សិទ្ធិ​ផ្សាយ​ធំ​បំផុត​នៅ​ឆ្នាំនេះ ដោយ​លក់​ការផ្សាយ​ផ្ទាល់​ទៅ​ស្ថានីយ៍ទូរទស្សន៍​ចំនួន ២៦៨ ក្នុងប្រទេស​ចំនួន ៥៦៕ ដោយ៖ កញ្ញាដាលីស

នាង លី បូ​យ៉ង់ ឈ្នះ​ពានរង្វាន់​តារា​សម្ដែង​ស្រី​ឆ្នើម​សម្រាប់​តួ​សម្តែង​របស់​នាង​ក្នុង​រឿង “Mother”
#