នាង សេរី​ណា វី​លលៀម លាតត្រដាង​រឿងហេតុ​ការណ៍​តក់ស្លុត​អំឡុងពេល​សម្រាលកូន​

970

​នាង សេរី​ណា វី​លលៀម បាន​លាតត្រដាង​ជា​លើកដំបូង​ថា នាង​ត្រូវ​បង្ខំចិត្ត​ស៊ូទ្រាំ​នឹង​ការវះកាត់​ជាច្រើន​វគ្គ ច្រើន​ថ្ងៃ បន្ទាប់ពី​នាង​បានផ្តល់​កំណើត​កូនស្រី ឈ្មោះ អា​ឡិច​ស៊ី​ស អូ​ឡាំ​ព្យា​។​

​តារា​តេ​ន្នី​សវ័យ ៣៦ ឆ្នាំ​រូបនេះ​ប្រាប់​ទស្សនា​វ​ដ្តី Vogue ថា បញ្ហា​នេះ​បានចាប់ផ្តើម បន្ទាប់ពី​កម្រិត​បេះដូង​របស់ អា​ឡិច​ស៊ី​ស អូ​ឡាំ​ព្យា ចាប់ផ្តើម​ធ្លាក់ចុះ​អំឡុងពេល​កំពុង​សម្រាល​កូន ហើយ​វេជ្ជបណ្ឌិត​បានសម្រេច​ចិត្ត​ថា ជម្រើស​ល្អ​បំផុត​គឺ​ត្រូវឱ្យ​នាង​សេរី​ណា​ទទួល​ការវះកាត់​បង្កើតកូន​នៅ​បន្ទប់សង្គ្រោះបន្ទាន់​។​

​នាង​សេរី​ណា​និយាយថា “​នោះ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ ប៉ុន្តែ​បន្ទាប់មក​អ្វីៗ​ប្រែ​ទៅជា​អាក្រក់​”​។​

​បន្ទាប់​ពីថ្ងៃ​សម្រាល នាង​សេរី​ណា វី​លលៀម បាន​ជួបប្រទះ​បញ្ហា​ដកដង្ហើម​ខ្លីៗ ហើយ​បាន​ប្រាប់​បុគ្គលិក​ពេទ្យ​ថា នាង​ព្រួយបារម្ភ​ថា នាង​មាន​កំណក​ឈាម​ក្នុង​សួត​។​

​នាង​វី​លលៀម ដែល​ត្រូវ​ឈប់​លេបថ្នាំ​បង្ការ​ឈាមកក នៅមុន​ការ​សម្រាលកូន គឺ​ប៉ាន់ស្មាន​ត្រឹមត្រូវ ហើយ​ជាការ​ពិត​គឺមាន​កំណក​ឈាម​ជាច្រើន​នៅក្នុង​សួត​របស់​នាង​។​

​ភ្លាមៗ​នោះ​នាង​បានទទួល​ថ្នាំ​បន្តក់ ប៉ុន្តែ​នៅពេលដែល​ក្អក​ដោយសារ​ស្ទះ​សរសៃឈាម​សួត វា​ក៏​ចាប់ផ្តើម​បើកមុខ​របួសស្នាម​ដេរ​លើ​ពោះ​របស់​នាង​។​

​នៅ​ទីបំផុត​វេជ្ជបណ្ឌិត​បាន​ស៊ក​ឧបករណ៍​មួយ​ចូលទៅក្នុង​សរសៃឈាម​ធំ​របស់​នាង​ដើម្បី​ទប់ស្កាត់​ការ​កកឈាម​នៅក្នុង​សួត​របស់​នាង ហើយ​ត្រូវ​បង្ខំចិត្ត​សម្រាក​នៅលើ​គ្រែ​មន្ទីរពេទ្យ​អស់ ៦ សប្តាហ៍​៕ ដោយ៖ កញ្ញាដាលីស

នាង សេរី​ណា វី​លលៀម បង្កើតកូន​ទាំង​វេទនា​ទាំង​ម្តាយ​និង​កូន​ក្នុង​ផ្ទៃ