ស្ត្រី​ចិត្តខ្មៅ សំ សុខា ដែល​ជេរ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កប់ៗ​មាត់​ត្រូវ​ចាប់ខ្លួន​នៅ​ថៃ ,​កំពុង​ភ័័យខ្លាច​ត្រូវគេ​បញ្ជូនមក​ ​កម្ពុជា​វិញ​បន្ទាប់ពី​ស្នាក់នៅ​បាងកក​ហួស​ទិដ្ឋាការ​

1108

​យោងតាម​មេធាវី​និង​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ឱ្យដឹងថា ស្ត្រី​ម្នាក់​ដែល​រត់គេចខ្លួន​ពី​កម្ពុជា​ដើម្បី​គេច​ពី​ការកាត់ទោស​ពីបទ​គប់​ស្បែកជើង​ទៅលើ​ផ្ទាំង​ប៉ាណូ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការ​និរទេស​ខ្លួន​ចេញពី​ថៃ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ៣ កុម្ភៈ​។​

​មេធាវី​របស់​នាង គឺ​លោក កូ​រី​យ័រ ម៉ា​នូ​ឆែ (Koreeyor Manuchae) បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា តុលាការ​ថៃ​មួយ​បាន​រកឃើញថា សំ សុខា ដែលជា​សកម្មជន​ការពារ​សិ​ទិ្ធ​កម្មករ​កម្ពុជា មានទោស​ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កាលពីដើម​ខែមករា ទោះបីជា​នាង​ទទួលបាន​ការទទួលស្គាល់​របស់​អង្គការសហប្រជាជាតិ​នូវ​ឋានៈ​ជា​ជនភៀសខ្លួន​ក៏ដោយ​។​

​នាង​សំ សុខា ត្រូវបាន​កាត់ទោស​ដោយ​ព្យួរ​និង​ពិន័យ​ជា​ប្រាក់ ប៉ុន្តែ​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​នៅ​សង្កាត់​សួន​ភ្លូ នៅ​ទីក្រុង​បាងកក​។ លោក​ម៉ា​នូ​ឆែ​បាន​និយាយថា សកម្មជន​វ័យ ៣៨ ឆ្នាំ​រូបនេះ តាម​ដឹង គឺមាន​មន្ត្រី​កម្ពុជា​មក​សួរសុខទុក្ខ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​នាង​ត្រឡប់​ទៅ​ស្រុក​វិញ​។ ប៉ុន្តែ​យោងតាម​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ប្រាប់​ទៅ​សារព័័័ត៌មានភ្នំពេញ​ប៉ុស្តិ៍ គឺ​ពុំមាន​មន្ត្រី​ខ្មែរ​ទៅសួរសុខទុក្ខ​នោះឡើយ​។

​លោក​មេធាវី​រូប​នោះបាន​បន្ថែមថា “​ប៉ុន្តែ​ការ​និរទេស​នាង​ទៅ​ប្រទេស​កម្ពុជា​គឺ​ដូច​បញ្ជូន​នាង​ឱ្យ​ទៅរក​សេចក្តីស្លាប់​ស្លាប់​អ៊ីចឹង​”​។ លោក​បាន​បន្ថែមថា កូនក្តី​របស់គាត់ “​ព្រួយបារម្ភ​ខ្លាំង​”​។​

​ការឃុំខ្លួន​សំ សុខា គឺ​ការឃុំខ្លួន​ចុងក្រោយ​បំផុត​មួយ​នៅក្នុង​កំណត់ត្រា​វែងឆ្ងាយ​របស់​ថៃ​ក្នុងការ​រំលោភបំពាន​សិទ្ធិ​របស់​ជនភៀសខ្លួន​។ នេះ​បើតាម​សម្តី លោក អូ​ឡូ​ហ្វ ប្លូ​ម​វី​ស (Olof Blomqvist) អ្នកនាំពាក្យ​អង្គការ​លើកលែងទោស​អន្តរជាតិ​។​

​លោក​បាន​និយាយថា ប្រទេស​ថៃ​ដែលមាន​ជនភៀសខ្លួន​ជាង ១០០.០០០ នាក់​មិនមែនជា​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ជនភៀសខ្លួន​ទេ ហើយ​ចាត់ទុក​ជនភៀសខ្លួន​ដែល​រស់នៅ​ក្រៅ​ជំរំ​ដែល​បានកំណត់​នៅតាម​ព្រំដែន​ថៃ​ជាមួយ​មី​យ៉ាន់​ម៉ា ជា​ជនអន្តោប្រវេសន៍​គ្មាន​ឯកសារ​។​

​យោងតាម​ក្រុម​សិទ្ធិមនុស្ស​បានឱ្យដឹង​ថាបើ​គ្មាន​ឋានៈ​ស្របច្បាប់​ទេនោះ ជនភៀសខ្លួន​ដែល​រស់នៅ​តំបន់​ក្នុង​និង​ជុំវិញ​ទីក្រុង​បាងកក ត្រូវបាន​ចាប់ខ្លួន​និង​និរទេស​ខ្លួន​ជា​ញឹកញាប់​។​

​សំ សុខា បានរស់នៅ​បាងកក​ចាប់តាំងពី​ខែមេសា​ឆ្នាំមុន​។ នាង​បាន​ភៀសខ្លួន​ចេញពី​កម្ពុជា​បន្ទាប់ពី​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​លើ​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ នាង​គប់​ស្បែកជើង​លើ​រូបភាព​សម្តេច​ហ៊ុនសែន​នៅលើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​។ នាង​បាន​គប់​ស្បែកជើង​ទី ២ ទៅលើ​រូបភាព​សម្តេច​ហេង សំរិន​ផងដែរ​។​

​ប៉ុន្តែ​ក្រោយមក ព្រះរាជអាជ្ញា​បាន​លើកលែង​ការចោទប្រកាន់​ពីបទ “​ប្រមាថ​មន្ត្រី​សាធារណៈ​” និង “​ញុះញង់​” ប្រឆាំងនឹង​រូបនាង​។ បទល្មើស​នេះ​មានទោស​ជាប់គុក​រយៈពេល​៣​ឆ្នាំ​។

សូមបញ្ជាក់ថា ទោះជាបានរត់ទៅដល់ប្រទេសថៃក៏ដៅយ ក៏អតីតសកម្មជនបក្សប្រឆាំងរូបនេះត្រូវបានគេឃើញបន្តជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចតាមរយៈវិដេអូឃ្លីបដែលនាងថតបង្ហោះចេញពីកន្លែងអាថ៌កំបាំងជាបន្តបន្ទាប់ ដែលអំពើមហាឈ្លើយបែបនេះមិនអាចអត់ឱនទោសអោយបានឡើយ៕ដោយ៖ វាសនា-កញ្ញាដាលីសប្រភព៖ បាងកកប៉ុស្តិ៍


 

សំ សុខា អាច​នឹងត្រូវ​និរទេស​ខ្លួន​ចេញពី​ថៃ បន្ទាប់ពី​ស្នាក់នៅ​ហួស​ទិដ្ឋាការ