នាង អ៊ី​វ៉ាន់​កា រវល់​ការងារ​នៅ​សេត​វិមាន​ពេក​គ្មាន​ពេល​មក​ធ្វើ​កសិណសាក្សី​ករណី​ក្រុមហ៊ុន​នាង​លួច​ចម្លង​ម៉ូត​ស្បែកជើង​គេ​ទេ​

1210
ចែករម្លែក

នាង​អ៊ី​វ៉ាន់​កា ត្រាំ កូនស្រី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង ជា​សហគ្រិន កំពុង​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​ម៉ូត​ស្បែកជើង ផលិត​ដោយ​ក្រុមហ៊ុន IT Collection LLC របស់​នាង​។ វេ​ប​សាយ Bloomberg រាយការណ៍​ថា នាង​អ៊ី​វ៉ាន់​កា ត្រូវតែ​ធ្វើ​កសិណសាក្សី​ក្នុង​តុលាការ​ជុំវិញ​ការអះអាង​អំពី​ការលួចចម្លង​ម៉ូត​នេះ នៅ​ប៉ុន្មាន​ខែ​ទៀត​នេះ​។​

​តំណាង​ក្រុមហ៊ុន Aquazzura Italia SRL និយាយថា នាង​អ៊ី​វ៉ាន់​កា ត្រាំ តាម​ការចោទប្រកាន់ បាន​ចម្លង​ម៉ូត​ស្បែកជើង​ពួកគេ នៅពេល​បង្កើត​ឈុត​ស្បែកជើង​ផ្ទាល់​របស់​នាង​។

​ស្បែកជើង​ផលិត​ដោយ​ក្រុមហ៊ុន Aquazzura Italia SRL មានតម្លៃ​ជាង ៧៨០ ដុល្លារ​ក្នុង​មួយគូ ខណៈដែល​ស្បែកជើង​របស់​អ៊ី​វ៉ាន់​កា លក់​ក្នុងតម្លៃ​ទាប ត្រឹមតែ ១៥០ ដុល្លារ​ប៉ុណ្ណោះ​។

​តាម​សេចក្តីរាយការណ៍ នាង​អ៊ី​វ៉ាន់​កា​ព្យាយាម​គេចវេះ​ពី​សវនាការ ដោយ​និយាយថា នាង​រវល់​ការងារ​ជា “​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​” ពេក មិនអាច​ចូលរួម​សវនាកា​បានទេ ប៉ុន្តែ​ចៅក្រម​បាន​ច្រានចោល​ការអះអាង​របស់​នាង​។

​នាង​មាន​កាតព្វកិច្ច​ត្រូវ​ចូលរួម​សវនាការ​រហូតដល់​ខែតុលា ២០១៧ ។ តុលាការ​អនុញ្ញាតឱ្យ​នាង​ធ្វើ​កសិណសាក្សី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន មិនមែន​ក្នុង​ក្រុង​ញូវយ៉ក ជា​កន្លែង ដែល​ករណី​ប្តឹងផ្តល់​ត្រូវបាន​ធ្វើឡើង​នោះទេ​៕ ​ដោយ ៖កញ្ញាដាលីស

នាង​អ៊ី​វ៉ាន់​កា ត្រាំ