នាយកក្រុមហ៊ុនផលិតឱសថមួយរូបនិយាយថា​ វ៉ាក់សាំងការពារវីរុសកូរ៉ូណានឹងត្រូវចំណាយពេលរាប់ខែទម្រាំផលិតបាន

237
ចែករម្លែក

នាយកប្រតិបត្តិក្រុមហ៊ុនជីវបច្ចេកវិជ្ជាមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃសុក្រទី៣១មករាថា គ្មានក្រុមហ៊ុនផលិតឱសថណាមួយនឹងមានវ៉ាក់សាំងការពារមេរោគត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់នៅមុនពាក់កណ្តាលឆ្នាំ ២០២០ នោះឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងជាសកលក៏ដោយ។

លោក ស្តេហ្វេន បាន់សែល (Stephane Bancel) គឺជានាយកប្រតិបត្តិក្រុមហ៊ុន Moderna Therapeutics ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពជាច្រើនដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីបង្កើតវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានសម្រាប់វីរុសដូចជំងឺសាមួយនេះ ដែលគេស្គាល់ផងដែរថា nCoV-2019 ដែលបានសម្លាប់មនុស្សច្រើនជាង ២០០ នាក់មកហើយ។

ក្រុមហ៊ុន Moderna Therapeutics កំពុងធ្វើការក្នុងកិច្ចសហការជាមួយវិទ្យាស្ថានសុខភាពជាតិអាម៉េរិក ខណៈក្រុមហ៊ុន Inovio Pharmaceuticals និងសាកលវិទ្យាល័យឃ្វីនស្លែនក្នុងប្រទេសអូស្រ្តាលីកំពុងស្វែងរកវិធីផ្សេង។

អង្គភាពទាំងអស់នេះទទួលមូលនិធិពីសម្ព័ន្ធសម្រាប់ការត្រៀមលក្ខណៈបង្ការមេរោគរាតត្បាត (CEPI) ដែលជាស្ថាប័នអន្តរជាតិបង្កើតឡើងដើម្បីផ្តល់ហិរញ្ញប្បទានដល់ការស្រាវជ្រាវជីវបច្ចេកវិជ្ជាខ្ពស់។

ប៉ុន្តែលោកបាន់សែលបានព្រមានថា “គ្មានក្រុមហ៊ុនផលិតណាមួយនឹងអាចមានវ៉ាក់សាំងត្រៀមរួចរាល់សម្រាប់រដូវក្តៅនេះទេ”។

នៅក្នុងបទសម្ភាសន៍ជាភាសាបារាំងជាមួយ AFP លោកបាន់សែលក៏បានពណ៌នាអំពីបច្ចេកវិជ្ជា ដែលក្រុមហ៊ុន Moderna កំពុងប្រើនៅក្នុងវិធីសាស្រ្តរបស់ខ្លួនផងដែរ។

លោកបាននិយាយថា “វាផ្អែកលើបច្ចេកវិជ្ជាផ្ញើសារ RNA ។ បច្ចេកវិជ្ជា Messenger RNA (mRNA) គឺជាម៉ូលេគុលព័ត៌មានដែលមានលេខកូដ”៕ ដោយ៖ កញ្ញាដាលីស

វ៉ាក់សាំងការពារវីរុសកូរ៉ូណានឹងត្រូវចំណាយពេលរាប់ខែដើម្បីផលិត