នាយករដ្ឋមន្ដ្រី​កម្ពុជា​ស្វាគមន៍​ក្រុមហ៊ុន​ចិន ដែល​មានបំណង​វិនិយោគ​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ ​

1121

(​ភ្នំពេញ​) ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​បាន​បំណង​​ចង់​វិនិយោគ​សាងសង់​កំពង់ផែ ក្នុង​ខេត្ត​ព្រះសីហនុ របស់​កម្ពុជា​។​
​ ​
​ការស្វាគមន៍​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បែបនេះ​ធ្វើឡើង​ក្នុងជំនួប​ជាមួយ លោក ចាង ម៉េង​ស៊ី​ង (ZHANG MENGXING) ប្រធាន​ក្រុមហ៊ុន អឹម ស៊ី ស៊ី (MCC) នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ​។​
​ ​
​ក្នុងជំនួប​នោះ លោក ចាង ម៉េង​ស៊ី​ង បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា ក្រុមហ៊ុន​របស់លោក គឺជា​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន ដែល​ក្នុង​រយៈពេល​៨ ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​របស់លោក បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៥០០ លើ​ពិភពលោក​។ ក្រុមហ៊ុន​របស់លោក​មា​ន​​ជំនាញ​ខាង​ផលិត​លោហៈធាតុ​នៅ​ប្រទេស​ចិន ដែល​អាចសន្និដ្ឋាន​បាន​ថា ជា​ក្រុមហ៊ុន​លេខ​១ ហើយ​នៅពេលនេះ​បាន​ផ្គត់ផ្គង់​លក់​ទៅកាន់​​ប្រមាណ​៦០% នៅ​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន​នេះ មានបទពិសោធន៍​ខាង គូរ​ប្លង់ សាងសង់​ទីក្រុង​រណប​និង​មាន​ជំនាញ​ខាង​បច្ចេក​វិទ្យា​ថ្មីៗ​ផងដែរ​។​
​ ​
​លោក​បញ្ជាក់ថា ពេលនេះ ក្រុមហ៊ុន​របស់លោក​មា​ន​សាខា នៅក្នុង​ប្រទេស​ចំនួន​៥៤ ហើយ​ក្រុមហ៊ុន MCC​បាន​យកចិត្តទុកដាក់​យ៉ាង​​ខ្លាំង ទៅលើ​ទីផ្សារ​កម្ពុជា ដោយនៅ​កម្ពុជា​បច្ចុប្បន្ននេះ លោក​មាន​គម្រោង​ចំនួន​១៦​ហើយ ដែលមាន​ទឹកប្រាក់​ប្រមាណ​២៦០​លាន​ដុល្លារ​។ ទោះបី​ទំហំ​វិនិយោគ​ប៉ុណ្ណេះ​ក្តី ប៉ុន្តែ​លោក​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ ព្រោះថា​ទីផ្សារ​នៅ​កម្ពុជា គឺ​កំពុងតែ​នៅមាន​សក្តានុពល​។​
​ ​
​ក្នុងន័យនេះ លោក​បាន​ជំរាបជូន​សម្តេច​ថា វត្តមាន​មកកាន់​កម្ពុ​ជា​នៅពេលនេះ គឺ​ដើម្បី​ស្វែងរក​សហការ​វិនិយោគ​បន្ថែមទៀត​ដើម្បី​​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​
​ ​
​ក្នុង​ចំណុច​នេះ លោក លោក ចាង ម៉េង​ស៊ី​ង បញ្ជាក់ថា ជា​ភ័ព្វសំណាង​ដែរ ដែល​នៅពេលនេះ លោក​កំពុងតែ​សហការ​ជាមួយ​លោកស្រី លឹម ឈី​វ​ហួរ ដោយបាន​ធ្វើការ​សិក្សា និង​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​ការសាងសង់​កំពង់ផែ នៅ​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ស្ទឹងហាវ ព្រមទាំង​នឹង​រៀបចំ​ជំរុញឱ្យមាន​នាវា ដែលមាន​ទំងន់​៥​ម៉ឺន​តោន​អាច​ចូល​ចត​បាន​។​

​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នោះ លោក​បាន​លើកឡើងថា កំពង់ផែ​នេះ​គឺ​ដាច់ខាត ត្រូវតែ​អាច​ទទួល​នាវា​ដែលមាន​ទំងន់​៥​ម៉ឺន​តោន ឱ្យចូល​ចត​បាន ដូច្នេះ​លោក​ក៏បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ​រាជរដ្ឋាភិបាល​កម្ពុជា​មេត្តា​ពិចារណា​គាំទ្រ​ចំពោះ​​គម្រោង​របស់គាត់​។​
​ ​
​ជាមួយគ្នានេះដែរ លោក លោក ចាង ម៉េង​ស៊ី​ង ក៏បាន​គោរព​ស្នើសុំ​សម្តេច​តេ​ជោ រៀបចំ​ឱ្យមាន​ក្រុមប្រឹក្សា​អ្នកបច្ចេកទេស​មួយ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា ខាង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​នេះ​ផង​ដរ​។​
​ ​
​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​លោក លោក ចាង ម៉េង​ស៊ី​ង​ចំពោះ​របាយការណ៍​របស់​ក្រុមហ៊ុន​​របស់លោក និង​អំពី​គោលបំណង​មកកាន់​កម្ពុជា នាពេលនេះ​។ ចំពោះ​គម្រោង​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​នៅ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ខាងលើនេះ សម្តេច​បាន​ស្វាគមន៍ និង​បាន​ជំរាបជូន​លោក លោក ចាង ម៉េង​ស៊ី​ង ថា​រាជរដ្ឋាភិបាល​កម្ពុជា​គឺមាន​បំណង​ធ្វើឱ្យ​​តំបន់​សមុទ្រ​កម្ពុជា ជា​តំបន់​អភិវឌ្ឍន៍​កំរិត​ខ្ពស់ និង​ទាក់ទាញ​វិនិយោគ​ផងដែរ​។​
​ ​
​ដោយឡែក​ចំពោះ​ក្រុមប្រឹក្សាបច្ចេកទេស សម្តេច​តេ​ជោ ក៏បាន​ស្វាគមន៍​ចំពោះ​ការផ្តួចផ្តើម​នេះ ហើយ​សម្តេច​ក៏បាន​មានប្រសាសន៍ថា យើង​ត្រូវការ​ធ្វើការ​ស្រាវជ្រាវ លើ​រាល់​បច្ចេកវិទ្យា​ថ្មីៗ​ទាំងឡាយ ព្រោះថា​នៅពេលណា​ស្រាវជ្រាវ​បាន​ហើយ យើង​អាច​ផ្តល់​ជា​ធាតុ​ចូល​ផង និង​ចែកជូន​ដល់​និស្សិត​កម្ពុជា​យើង​ផងដែរ​។ ក្នុងន័យនេះ សម្តេច​បាន​លើកទឹកចិត្ត ឱ្យ​ក្រុមហ៊ុន​បន្ត​នូវ​សកម្មភាព​នៅ​កម្ពុជា និង​ជំរុញ​គម្រោង​វិនិយោគ​ទាំងពីរ ដែល​ក្រុមហ៊ុន​មានបំណង​ចង់​វិ​ន​យោគ​៕​ដោយ​៖​វិបុល​/sn