នាយករដ្ឋមន្ដ្រី​សម្ដែង​មោទនភាព​ដែល​វិស័យ​អប់រំ​កម្ពុជា​ដើរ​តាំងពី​ចំណុចសូន្យ​រហូតដល់​ពេល​នេះ​

601

ដោយ ៖ សម្បត្តិ-វិបុល/(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ និង​មោទនភាព​យ៉ាងខ្លាំង ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​បាន​ធ្លាក់ចុះ​ដល់​ចំណុចសូន្យ​ហើយ​អាច​ងើប​ឡើងវិញ និង​បន្ដដំណើរ​រហូតមកដល់​ដំណាក់កាល​ដូច​សព្វថ្ងៃនេះ​។​

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សញ្ញាបត្រ​ដល់​គរុ​សិស្ស និស្សិត​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​២០១៦-២០១៧ ចំនួន ១,៦៣០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា នេះ សម្ដេច​បាន​លើកឡើងថា នៅលើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណា​ដែល​បំផ្លាញ​ដល់​ឫស្សគល់​នៃ​ការអប់រំ​ដូច​នៅ​កម្ពុជា​នោះទេ​។ កម្ពុជា​បាន​ប្រឹងប្រែង​ខ្លាំងណាស់​លើ​វិស័យ​អប់រំ​នេះ ពោល​គឹ​បានចាប់ផ្តើម​ពី​ស្ថានភាព​មួយ​ដ៏​លំបាក​ក្រោយពេល​រំដោះ រហូត​ឈាន​មកដល់​ដំណាក់​ល្អប្រសើរ​ដូច​ពេលបច្ចុប្បន្ន​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​សិស្ស​ជាង ៣​លាន​នាក់ ហើយ​មាន​គ្រូ​ជិត ១២​ម៉ឺន​នាក់​។ សម្តេចនាយក​រដ្ឋមន្ត្រី​បន្តថា ការអភិវឌ្ឍ​លើ​វិស័យ​អប់រំ និង​សុខាភិបាល​មិនមាន​ផែនការ​ត្រូវ​កាត់បន្ថយ​នោះទេ គឺ​មានតែ​ការបន្ថែម​ថវិកា​សម្រាប់​អភិវឌ្ឍ​បន្ថែមទៀត​។​

​ក្នុងន័យនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ជាខ្លាំង​ចំពោះ​ពី​ធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​និស្សិត​នៅពេលនេះ​។ សម្តេច​តេ​ជោ​បាន​អរគុណ​ដល់​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​បាន​បណ្តុះបណ្តាល​គរុ​និស្សិត​យើង​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​អំពី​ដំណើរ​វិវត្តន៍​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​នេះ ដែល​ពីមុន​គ្រាន់តែ​ជា​សាលា គរុកោសល្យ​ធម្មតា​តែប៉ុណ្ណោះ តែ​ពេលនេះ​បាន​ក្លាយជា​វិទ្យាស្ថាន​ជាតិ​អប់រំ​ដ៏​ធំ​មួយ ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ជំរុញ​វិស័យ​អប់រំ​ឲ្យ​មានកា​រីកចម្រើន​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ផងដែរ​ថា ក្រោយ​ឆ្នាំ ១៩៧៥ គឺ​វិស័យ​អប់រំ​បាន​បំផ្លាញ​រលាយ​ទាំងស្រុង​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ក្រោយ​ឆ្នាំ ១៩៧៩ យើង​មិនមាន​សាលារៀន​គ្រប់គ្រាន់​ឡើយ​ដែល​ពេលនោះ​យើង​បាន​អនុវត្ត “​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច​, រីឯ​អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​” ដែល​ក្រោយមក​វិស័យ​អប់រំ​ជាតិ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា វិស័យ​អប់រំ​នៅតែ​ជា​អាទិភាព​យ៉ាងសំខាន់​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។ ការបណ្តុះបណ្តាល​គ្រូបង្រៀន គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ​។ វិស័យ​អប់រំ​គឺមាន​ការផ្សាភ្ជាប់​ទៅនឹង​វិស័យ​ផ្សេងៗ ពីព្រោះ​វិស័យ​ទាំងអស់​សុទ្ធតែ​ត្រូវការ​ធនធានមនុស្ស​ជា​ចាំបាច់​។ រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​ជំរុញ​វិស័យ​អប់រំ ជាក់ស្តែង​បច្ចុប្បន្ន​យើង​មាន​អគារ​សាលា​រៀ ន​រាប់ពាន់​ខ្នង​ត្រូវបាន​កសាង​គ្រប់​ទីកន្លែង​។ ទន្ទឹមនឹង​ការកសាង​សាលារៀន រាជរដ្ឋាភិបាល ក៏បាន​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ​ដូចជា​ផ្លូវថ្នល់ និង​មន្ទី​ពេទ្យ​។​ល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ​។ សម្តេច​តេ​ជោ បាន​ជូនពរ​ឲ្យ​ដល់​ជ័យលាភី​ទាំងអស់​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។ អ្វីដែល យើង សម្រេចបាន​នៅថ្ងៃនេះ គឺ​ដោយសារ​កម្ពុ​ជាមាន​សុខ សន្តិភាព ដែល​ផ្តល់ឱកាស​ឲ្យ​គរុ​និស្សិត​យើង​បាន​សិ​ស្សា​រៀនសូត្រ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​តាម​ម​សុន្ទ​កថា​ស្វាគមន៍​របស់ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ចាប់​តាំ​ហ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ ១៩៩៣​វិទ្យាស្ថាន​ជាតិ​អប់រំ​ការបណ្ដុះបណ្ដាល និង​និង​បាន​អ្នកនិពន្ធ​ណា​ឌី​យ៉ា​ពេលវេលា​សម្រាប់​បំប៉ន​មុខជំនាញ​បច្ចេកទេស​គរុកោសល្យ​និង​ការងារ​មុខងារ​គ្រប់គ្រង​និង​ចំនួន ៣ ផ្សេងទៀត​ពាក់ព័ន្ធ នឹង​ការងារ​អប់រំ ដល់​មន្ត្រី​អប់រំ​គ្រប់លំដាប់ ថ្នាក់​បាន​ប្រមាណ​ជា​៣ ម៉ឺន​នាក់​។​ចាប់ពី​ក្រោយ​ឆ្នាំ ១៩៩៣ រហូតមកដល់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នេះ វិទ្យាស្ថាន​ជាតិ​អប់រំ​បានធ្វើការ​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ អធិការ​អប់រំ គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង ខ្មែរ ភាសា​អង់គ្លេស ខ្មែរ គ្រូបង្រៀន​កម្រិត​បឋម​សិក្សា គ្រូឧទ្ទេស​បឋមសិក្សា គ្រូឧទ្ទេស​ភាសា​បារាំង​ខ្មែរ និង​គ្រូឧទ្ទេស​អធិការ​អប់រំ​សរុប​ចំនួន​១៨៤៦៧​នាក់ (​នារី​៥៣៣៨) ដោយ​គិត​ទាំង​អធិការ​អប់រំ និស្សិត​ថ្នាក់​បរិញ្ញាបត្រ ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ចំនួន​១៦៣០​នាក់ ដែល​ទទួល​សញ្ញាបត្រ​នាពេលនេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ឆ្នាំ​សិក្សា​២០១៧ ២០១៨​នេះ វិទ្យាស្ថាន​ជាតិ​អប់រំ​កំពុង​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ និស្សិត​អធិការ​អប់រំ និស្សិត​ឯកទេស​វិជ្ជាជីវ​: នាយក​សាលា​មធ្យមសិក្សា​ទុតិយភូមិ គ្រូបង្រៀន​កម្រិត​ឧ​ត្ត​ម គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​ភាសា​បារាំង​ខ្មែរ បារាំង​គណិត បារាំង​រូប បារាំង​ជីវ​: និង​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន តាម​ប្រព័ន្ធ​ព​ន្លឿ​ន​សរុប​ទាំងអស់​ចំនួន​២០០១​នាក់ (​នារី​៧៣៩​នាក់​)​។​

​សម្រាប់​ការប្រគល់​សញ្ញាបត្រ​នាពេលនេះ គឺជា​លើក​ទី​២០​ហើយ របស់​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​រាល់​ការប្រគល់​បានធ្វើ​ឡើង​ក្រោម​អធិបតី​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី​៕