នាយករដ្ឋមន្ដ្រី​អបអរ​និង​ជូនពរ​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ក្នុង និង​ក្រៅប្រទេស ក្នុងឱកាស​ចូល​បួស ខែ​រ៉​ម៉ា​ឌន

1332
ចែករម្លែក

ដោយ : វិបុល / ​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៨​នេះ បានប្រកាស​ចូលរួម​អបអរសាទរ និង​ជូនពរជ័យ​ចំពោះ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​នៅលើ​ពិភពលោក​ផង​នោះ សូម​មាន​សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ក្នុងឱកាស​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ដែល​ចាប់ផ្តើម​ចាប់ពី​ថ្ងៃនេះ​។​

​តាមរយៈ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​បងប្អូន​ខ្មែរឥស្លាម​យ៉ាង​ដូច្នេះ​ថា “​ក្នុងនាម​ខ្ញុំ ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភរិយា ខ្ញុំ​សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួមទាំង​បងប្អូន សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក​ផងដែរ ដែល​បាន​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ដែល​កម្ពុជា​នឹង​ចាប់ផ្ដើម នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍្ដ​ទី​១ ខែ រ៉​ម៉ា​ឌន ឆ្នាំ​១៤៣៩ ម៉ូ​ហាំ​ម៉ាត់ សករាជ ត្រូវ​នឹង​ថ្ងៃទី ៣កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។ ខ្ញុំ​សូម​បួងសួង​ឲ្យ​បងប្អូន​ទាំងអស់​ទទួលបាន​នូវ​សេច​ក្កី​សុខ​សប្បាយ ក្ដីមេត្តា ករុណា​ពី​អ​ល់​ឡស់​គ្រប់ៗ​គ្នា និង សុំ​ឲ្យ​អ​ល់​ឡស់​ទទួលយក​នូវ​កុស​ល​ផល​បុណ្យ​ខែ​បួស​រ៉​ម៉ា​ឌន ទាំងអស់​ដែល​បងប្អូន​បាន​ប្រតិបត្តិ សាង​ឡើង​កុំបី​អាក់ខាន​ឡើយ​”​។​

​គួរ​ឲ្យ​ដឹងថា ទី​១៧ ខែឧសភា អ្នក​កាន់សាសនា​អ៊ីស្លាម​នៅ​កម្ពុជា ក៏ដូចជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ប្រមាណ​ជិត​២ ពាន់​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក ចាប់ផ្ដើម​អនុវត្ត​កា​ត្វ​កិច្ច​តម​អាហារ ក្នុង​ខែ​រ៉​ម៉ា​ឌន ដែលជា​ខែ​ពិសិដ្ឋ​របស់ខ្លួន​។ នៅ​កម្ពុជា ខែ​រ៉​ម៉ា​ឌន ត្រូវបាន​គេ​ហៅ​ជាទូទៅ​ថា ជា​ខែ​ដែល​បងប្អូន​ខ្មែរ​អ៊ីស្លាម​បួស​ឬ ជា​ខែ​បួស ឬក៏​ជា​ខែ​ដែល​ជន​មូស្លីម​តម​មិន​បរិភោគ ឬ​ផឹក​នៅពេល​ថ្ងៃ រយៈពេល​មួយខែ​៕