នាយករដ្ឋមន្ដ្រី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បង្កើត​ការប្រុងប្រយ័ត្ន​រឿង​ទឹកជំនន់ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ជួយសង្គ្រោះ​

960

(​ភ្នំពេញ​) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​ថា ភ្លៀង​ដែល​បង្អុរ​ធ្លាក់​មក​មិន​ដាច់​ស្ទើរ​រាល់ថ្ងៃ ដែល​យើង​បានឃើញ នៅក្នុង​ទីក្រុង​ភ្នំពេញ​តិច​មែន​តែ​នៅតាម​បណ្តា​​ខេត្ត​មួយចំនួន គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់ ដោយសារ​កំរិត​ទឹក​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់ ហើយ​កម្ពស់​ទឹកទន្លេ​ក៏មាន​ការ​កើន​​ឡើងជា​បន្តបន្ទាប់ ក្នុងនោះ​មានដូចជា ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត​និង​​ខេត្ត​មួយចំនួនទៀត​។​
​ ​
​សម្តេច ហ៊ុន សែន បាន​បន្តថា តាម​ការប្រកាស​របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ក្នុង​រដូវវស្សា​ឆ្នាំនេះ​កម្ពុជា​អាចនឹងទទួល​រង​នូវ​​ឥទ្ធិពល​ENSO Neutral Condition ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ពី​កម្រិត​មធ្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យ​ទឹក​ក្នុង​អាង​ទន្លេមេគង្គ និង​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ទាំងមូល​មានការ​កើនឡើង​។
​ ​
​ជាមួយគ្នានេះ សម្តេច​ក៏បាន​អំពាវនាវ​ចំពោះ​បងប្អូន ដែល​ចុះទូក​នៅតាម​ទន្លេ សមុទ្រ គឺ​សូម​ប្រុងប្រយ័ត្ន ពាក់អាវ​ពោង​ការពារ​និង​​មាន​សំភារៈ​ការពារ​អាយុជីវិត ពេល​ជួបប្រទះ​បញ្ហា​ដោយ​យ​ថា ហេតុ​ណាមួយ​កើតឡើង​។ សូមកុំ​បណ្តោយ​កូនចៅ​ទៅលេង​ទឹក​នៅ​ខាង​ក្រៅ​តាម​ស្រះ តាម​វាលស្រែ ក្រោម​ស្ពាន ឬ​តាម​ប្រឡាយ ទឹក​ដែល​អាច​ងាយ​មាន​គ្រោះថ្នាក់​។​
​ ​
​ទាក់ទិន​បញ្ហា​ប្រឈម​គ្រោះទឹកជំនន់​នោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏ បាន​ជំរុញ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល យ៉ាង​ដូច្នេះ​ថា​«​សូម​អំពាវនាវ​ដល់​​មន្ត្រី អាជ្ញាធរ កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ដែនដី​ត្រូវ​ឃ្លាំ​តាមដាន​មើល​និង​ជួយ​ប្រជា​​ពលរដ្ឋ​អោយបាន​ទាន់ពេលវេលា ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តា​ខេត្ត ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​និង​តាម​តំបន់​ជាប់​នឹង​ដងស្ទឹង និង សមុទ្រ​ជាដើម​។ សូម​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​»៕​ដោយ​៖​វិបុល​

អាកាសធាតុវាយលុយធ្ងន់ធ្ងរនៅស្រុកអន្លង់វែង ស្រុកត្រពាំងប្រសាទឩត្តរមានជ័យ ជំនន់ទឹកភ្លៀងធ្លាក់ពីភ្នំដងរែក ២៦កក្កដា២០១៧នេះ(រូបភាពមន្ត្រីអាវុធហត្តនគរបាលនិងយោធាជួយអ្នកស្រុក)