នាយករដ្ឋមន្ត្រីលី សៀនឡុង ៖ ផលប៉ះពាល់លើសេដ្ឋកិច្ចមានហួសពីជំងឺសារួចទៅហើយ និងអាចបង្កវិបត្តិសេដ្ឋកិច្ច

75
ចែករម្លែក

នាយករដ្ឋមន្រ្តី លី សៀនឡុង បាននិយាយកាលពីថ្ងៃសុក្រទី១៤កុម្ភៈថា ផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាលើសេដ្ឋកិច្ចរបស់សិង្ហបូរីបានកើនឡើងលើសពីជំងឺសាឆ្នាំ ២០០៣ រួចទៅហើយ ដោយបន្ថែមថា វិបត្តិសេដ្ឋកិច្ចអាចនឹងកើតមានឡើង។

នាយករដ្ឋមន្រ្តីលីបានថ្លែងក្នុងដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានចាងជីថាផលប៉ះពាល់ជាពិសេសក្នុងរយៈពេលពីរបីត្រីមាសខាងមុខនេះនឹងមានសារៈសំខាន់នៅពេលប្រទេសនេះកំពុងប្រយុទ្ធនឹងការផ្ទុះឡើងយ៉ាងខ្លាំងនៃវីរុសកូរ៉ូណា។

លោកបាននិយាយថា “ផលប៉ះពាល់មានច្រើនជាងជំងឺសារួចទៅហើយ ហើយសេដ្ឋកិច្ចនៃតំបន់មានទំនាក់ទំនងនឹងគ្នាកាន់តែច្រើនឡើង។ ជាពិសេសប្រទេសចិនគឺជាកត្តាធំជាងនៅក្នុងតំបន់។ ខ្ញុំមិនអាចនិយាយថាតើយើងនឹងមានវិបត្តិសេដ្ឋកិច្ចឬអត់នោះទេ។ វាអាចទៅរួច ប៉ុន្តែច្បាស់ណាស់សេដ្ឋកិច្ចរបស់យើងនឹងរងផលប៉ះពាល់”។

សិង្ហបុរីបានរងការវាយប្រហារដោយសារជំងឺសាលើកដំបូងនៅខែមីនាឆ្នាំ ២០០៣។ វាមានរយៈពេល ៥ ខែរហូតដល់ខែកក្កដាឆ្នាំនោះទើបជំងឺនេះអាចលុបបំបាត់បាននៅទីនេះ។

នាយករដ្ឋមន្រ្តីលីនិយាយថា “ខ្ញុំគិតថា ការឆ្លងនេះគឺលឿនខ្លាំងណាស់។ ខ្ញុំរំពឹងថា វានឹងមិនលឿនដល់ថ្នាក់នេះទេនៅពេលនេះ”។

សិង្ហបុរីកំពុងប្រឹងប្រែងទប់ទល់ជំងឺឆ្លង ដែលគេស្គាល់ថា Covid-19 ដែលរាយការណ៍ជាលើកដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិនកាលពីខែធ្នូ៕ ដោយ៖ កញ្ញាដាលីស

លោកលី សៀនឡុង ថាសេដ្ឋកិច្ចសិង្ហបុរីអាចនឹងជួបវិបត្តិដោយសារតែវីរុសកូរ៉ូណា