នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​ឡាវ​ថ្ងៃស្អែក ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ​

1181
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ប្រទេស​ឡាវ នៅ​ថ្ងៃទី​១២ សីហា​ស្អែក​នេះ​ដើម្បី​ពិភាក្សា​​បញ្ហា​ព្រំដែន ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ជា​លើកចុងក្រោយ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន និង លោកនាយក​រដ្ឋមន្ត្រីឡាវ ថង​លូន ស៊ី​ស៊ូ​លី​ត(រូបឯកសារ)

​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្ដេច​តេ​ជោ នៅ​ថ្ងៃទី​១១ សីហា​នេះ បានសរសេរថា​កម្ពុជា​មិនត្រូវ​ការ​ដី​ប្រទេសជិតខាង​ណាមួយ ចំអាម​ឡើយ​ហើយ​​ប្រទេសជិតខាង ដាច់ខាត​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុ​ជាមួយ​ចំអាម​នោះដែរ​។
​ ​
​ហ្វេ​ស​ប៊ុ​ករប​ស់ស​ម្ដេចក៏​បានបញ្ជាក់​ទៀតថា “​នៅ​ថ្ងៃទី​១២ សីហា​ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅកាន់ ប្រទេស​ឡាវ​ដើម្បី​ពិ​ភា​​ក្សា​ជា​លើកចុងក្រោយ អំពី​បញ្ហា​នេះ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​។ សម្តេច​តេ​ជោ បានផ្តល់​ឱសានវាទ ចុងក្រោយ​នៃ​ការដក​ទ័ព ឡាវ​ចេញពី​ទឹកដី​ខ្មែរ ឲ្យ​ផុត​នៅ​ថ្ងៃទី​១៧ សីហា​ឆ្នាំ ២០១៧ នេះ​ជា​កំហិត​”​។​
​ ​
​យ៉ាងណា​ម៉េ​ញ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ​បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​វ​ឱ្យដឹង​​នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ប្រឈមមុខ​តទល់​​ជាមួយ​ភាគី​ឡាវ ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់​កំពូល​តែប៉ុណ្ណោះ​។​
​ ​
​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​ប្រកាស​​ដាក់​ឱសានវាទ​ចំនួន​៦​ថ្ងៃ ពោលគឺ​ត្រឹម​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​ប៉ុណ្ណោះ ដើម្បីឱ្យ​កងទ័ព​ឡាវ ដកខ្លួន​ចេញពី​ចំណុច​ព្រំដែន​លើ​ដឹក​​ដី​កម្ពុជា ក្នុង​ខេត្តស្ទឹងត្រែង ដែល​កងទ័ព​ទាំងនោះ បានមក​រារាំង ដល់​ការធ្វើ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​របស់​កម្ពុជា​។​
​ ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ មាន​ភារកិច្ច​ការពារ​ទឹកដី​កម្ពុជា មិនឱ្យ​បាត់បង់​។​កង​​យោធពលខេមរភូមិន្ទ សូម​រក​ក្សា​សិទ្ធិ​ការពារ​នូវ​បូរណភាព​ទឹកដី​របស់ខ្លួន​ហើយ​ប្រឆាំង​ដាច់ខាត​នូវ​ការរំលោភ​ព​បំពាន​ណាមួយ​​មកលើ​ទឹកដី​កម្ពុជា​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧​មក យោធា​កម្ពុជា និង​ឡាវ ធ្លាប់បាន​ប្រឈមមុខគ្នា​ជាថ្មី បន្ទាប់ពី​ភាគី​យោធា​ឡាវ បាន​ចេញមក​ទប់ស្កាត់​គ្រឿងចក្រ​របស់​ភាគី​កម្ពុជា ដែល​ឈូសឆាយ​ដើម្បី​ធ្វើ​ផ្លូវ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​-​ឡាវ​ដែល​ស្ថិតនៅក្នុង​​ទឹកដី​ខេត្ត​ស្ទឹងត្រង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ការប្រឈមមុខគ្នា​នេះ បាន​ស្ងប់ស្ងាត់​ឡើងវិញ​បន្ទាប់ពី​មានការ​សម្របសម្រួល​ដោយ​ភាគី​ទាំងពីរ​នៅ​តំបន់​នោះ​។
​ ​
​នាយក​ឧត្ដមសេនីយ​រូបនេះ ក៏​បញ្ជាក់ដែរថា ទោះជា​យ៉ាងនេះ​ក្តី ក៏​ភាគី​កងទ័ព​ឡាវ​នៅ​មិនទាន់​ដកទ័ព​ចេញពី​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា​​នៅឡើយ​ទេ​៕​ដោយ​៖​វិបុល​/sn